អន្តរជាតិ
អតីតមន្ត្រី​រដ្ឋបាល ត្រាំ កុហក FBI រឿង​លួច​ទាក់ទង​ជាមួយ​រុស្ស៊ី​
02, Dec 2017 , 9:39 pm        
រូបភាព
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក ម៉ៃឃើល ហ្វ្លីន ដើរចេញពីតុលាការ (រូបភាព៖ Xinhua)
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក ម៉ៃឃើល ហ្វ្លីន ដើរចេញពីតុលាការ (រូបភាព៖ Xinhua)
​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ម៉ៃ​ឃើ​ល ហ្វ្លី​ន (Michael Flynn) បាន​សារភាពថា បាន​កុហក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ជុំវិញ​ទំនាក់ទំនង​សម្ងាត់​ជាមួយ​ទូត​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៦ ។ លោក ហ្វ្លី​ន បានប្រកាស​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​ដើម្បី​គាស់កកាយ​សំណុំរឿង​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក និង​ទំនាក់ទំនង​រវាង​មនុស្ស​ជំនិត​របស់លោក ដូ​ណា​ល់ ត្រាំ ជាមួយ​រុស្ស៊ី មុនពេល​លោក ត្រាំ ចូលកាន់​តំណែង​។​



​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ ម៉ៃ​ឃើ​ល ហ្វ្លី​ន គឺជា​អតីត​មន្ត្រីរដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដំបូង​គេ ដែល​សារភាពថា​បាន​និយាយ​មិន​ពិត​ប្រាប់ FBI ជុំវិញ​សំណុំរឿង​កកូរកកាយ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែល​កំពុង​ស៊ើបអង្កេត​ដោយ​លោក Robert Mueller ។ ការសារភាព​នេះ នឹង​ផ្ដល់​ពន្លឺ​ខ្លះ​ដល់​ការស្វែងរក​ការពិត​នៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​មន្ត្រី​ជំនិត​របស់លោក ត្រាំ ទោះជា​លោក ត្រាំ បដិសេធ​រាប់​ដង​ហើយ​ក្ដី​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ហ្វ្លី​ន បាន​ប្រាប់​តុលាការ​ក្នុង​ទីក្រុង​វ៉ា​ស៊ិន​តោន​ថា លោក បាន​កុហក ពេល FBI សួរ​លោក​ពី​ជំនួប​រវាង​លោក និង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាមេរិក Sergei Kislyak ក្នុង​ខែធ្នូ គឺ​ប៉ុន្មាន​ថ្ងៃមុន​លោក ត្រាំ ចូលកាន់​តំណែង​។ ក្រុម​រដ្ឋអាជ្ញា​អះអាងថា មាន​មន្ត្រី​ពីរ​នាក់​បាន​និយាយ​រឿង​ទណ្ឌកម្ម​អាមេរិក​ជាមួយ​ទូត​រុស្ស៊ី ហើយ​លោក ហ្វ្លី​ន បានស្នើ​ឲ្យ​លោក Kislyak ជួយ​ពន្យារពេល​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​អ៊ីស្រាអែល ដែល​នេះ​អាច​ចាត់ទុកបាន​ថា​ជាការ​បង្កបញ្ហា​សម្រាប់​នយោបាយ​ការ​បរ​ទស​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កូនប្រសា​រលោក ត្រាំ គឺ Jared Kushner ក៏​ទំនងជា​ត្រូវ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​នេះដែរ​។ ក្រុម​រដ្ឋអាជ្ញា​និយាយថា មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមការងារ​លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក ហ្វ្លី​ន ទាក់ទង​រុស្ស៊ី និង​រដ្ឋាភិបាល​បរទេស​ផ្សេងទៀត​មុន​ការបោះឆ្នោត​ខាងលើ​ដែរ​។ ប្រភព​ជាច្រើន​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​នោះ គ្មាន​នរណា​ក្រៅពី​លោក Kushner ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៅ​សេត​វិមាន​ឡើយ​។​

​ទាក់ទង​បញ្ហា​នេះ Abbe Lowell មេធាវី​លោក Kushner ធ្លាប់​លើកឡើងថា កូនក្ដី​របស់លោក​នឹង​សហការ​ជានិច្ច​សម្រាប់​ការស៊ើបអង្កេត​នានា​។ ដោយឡែក មេធាវី​សេត​វិមាន​ម្នាក់​និយាយថា ការសារភាព​របស់លោក ហ្វ្លី​ន មិនបាន​ចង្អុលមុខ​អ្នកផ្សេង​ឡើយ ក្រៅពី​ខ្លួន​លោក​ឡើយ​។ យ៉ាងណាក្ដី កូនប្រសា​រលោក ត្រាំ នៅតែ​ប្រឈមមុខ​បញ្ហា​ដដែល បើ​ចម្លើយ​របស់ខ្លួន ខុសពី​សម្ដី​សារភាព​លោក ហ្វ្លី​ន នោះ​។​

​ក្រុម​ស៊ើបអង្កេត​ពិសេស​របស់លោក Mueller កំពុង​វែកមុខ​សមាជិក​ក្រុមការងារ​របស់លោក ត្រាំ លើស​សំណុំរឿង​ជាមួយ​រុស្ស៊ី ដែល​សូម្បី​លោក ត្រាំ ផ្ទាល់​ក៏​អាច​ជាប់​ពាក់ព័ន្ធ​ដែរ​។ លោក ត្រាំ អាច​រួចខ្លួន ក្នុងករណី​រកឃើញថា លោក​បញ្ជា​ឲ្យ​លោក ហ្វ្លី​ន ទាក់ទង​មន្ត្រី​រុស្ស៊ី តែ​លោក​នឹង​ប្រឈមមុខ​ផ្លូវច្បាប់​មិន​ខាន បើ​ក្រុម​ពិសេស​រកឃើញថា លោក​បាន​បញ្ជា​ឲ្យ​លោក ហ្វ្លី​ន ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ​ទៅ​ឲ្យ FBI នោះ​៕  


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  Michael Flynn
© រក្សាសិទ្ធិដោយ thmeythmey.com