ជាតិ
សម្តេច ហ៊ុន សែន ប្រកាស​ឡើងវិញ​ថា មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​នោះទេ​
02, Dec 2017 , 4:36 pm        
រូបភាព
រូបភាព៖ សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីបួងសួងសុំសេចក្តីសុខ ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧
រូបភាព៖ សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីបួងសួងសុំសេចក្តីសុខ ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ម​ជ្ឈ​ម​ណ្ឌល​សិទ្ធិមនុស្សកម្ពុជា (CCHR) អាចធ្វើ​សកម្មភាព​របស់ខ្លួន​តទៅទៀត ដោយ​មិន​រង​ការបិទ​ចោល​នោះទេ​។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​យ៉ាង​ដូច្នេះ ទៅកាន់​សារព័ត៌មាន​ហ្វ្រេស​ញូ (Fresh News)​។



ការប្រកាសខាងលើ គឺធ្វើឡើងក្នុងពេលសម្តេច ហ៊ុន សែន កំពុងស្ថិតក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅមុខប្រាសាទអង្គការវត្ត នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ។ ​ហ្វ្រេស​ញូ បាន​ស្រង់​ប្រសាសន៍​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល សម្រេច​រក្សាទុក​មជ្ឈមណ្ឌល​នេះ​ដដែល ដោយ​ឲ្យ​ស្ថាប័ន​នេះ នៅ​​បម្រើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្តទៀត​»។

បើតាមសម្តេច ហ៊ុន សែន ការសម្រេចឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្តសកម្មភាពរបស់ខ្លួន គឺដោយសារតែក្រសួងមហាផ្ទៃ រកមិនឃើញទោសកំហុសណាមួយរបស់អង្គការផ្នែកសិទ្ធិមនុស្សដ៏ធំមួយនេះ។

ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោកស្រី ចក់ សុភាព ដែលជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទេ ដោយសារតែលោកស្រី មិនលើកទូរសព្ទ។

កាលពីប៉ុន្មានថ្ងៃមុន សម្តេច ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចោល ដោយចោទថាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ជាពិសេសអង្គការក្រៅរដ្ឋាភិបាលមួយនេះ ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការសង្ស័យពីអំពើក្បត់ជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com