អន្តរជាតិ
សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ប្រើពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» នៅ​បង់​ក្លា​ដែ​ស​
02, Dec 2017 , 10:39 pm        
រូបភាព
សម្ដេចប៉ាប ហ្វ្រង់ស៊ីស អំឡុងពេលទស្សនកិច្ចនៅបង់ក្លាដែស (រូបភាព៖ Xinhua)
សម្ដេចប៉ាប ហ្វ្រង់ស៊ីស អំឡុងពេលទស្សនកិច្ចនៅបង់ក្លាដែស (រូបភាព៖ Xinhua)
​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ប្រមុខ​បុរី​វ៉ា​ទី​កង់ នៅ​ថ្ងៃទី​១ ខែធ្នូ បាន​ជួប​ជាមួយ​ជនភៀសខ្លួន​មូស្លីម​នៅ​បង់​ក្លា​ដែ​ស ជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី​។ នេះ​ជា​ជំនួប​ដ៏​រំជើបរំជួល​មួយ ដែល​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ហៅ​ពួកគេ​ថា «​រ៉ូ​ហ៊ីង​យ៉ា​» ពេញមាត់​។ ប្រមុខ​វិហារ​គ្រិស្ត​រ៉ូ​ម៉ាំង​កាតូលិក​បានស្នើ​ឲ្យ​ពិភពលោក​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​លើ​ក្រុមមនុស្ស​ដែល​រងគ្រោះ​ដូចជា​ជនភៀសខ្លួន អ្នកក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ​ផង​។​



​ប្រមុខ​បុរី​វ៉ា​ទី​កង់ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ដឹកនាំ​ពិធីបួងសួង​អន្តរ​សាសនា​សុំ​សន្តិភាព​នៅ​ថ្ងៃទី​១ ខែធ្នូ ជា​ថ្ងៃទី​ពីរ​នៃ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​បង់​ក្លា​ដែ​ស​។ សម្ដេច​ប៉ាប បាន​ជួប​ជាមួយ​ជនភៀសខ្លួន​ភាគតិច​មូស្លីម​១៦​នាក់ មកពី​ជំរំ​នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​។ ពេលនោះ​ហើយ ដែលជា​ព្រះអង្គ​បាន​ប្រើប្រាស់​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​ជា​លើកដំបូង ក្រោយ​សម្រេចចិត្ត​មិន​ប្រើពាក្យ​នេះ​ពេល​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​។​

​ក្នុងការ​ជួបជុំ​នៅ​វិហារ​គ្រិស្តសាសនា​មួយកន្លែង​នៅ​បង់​ក្លា​ដែ​ស សម្ដេច​ប៉ាប​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ទាំងមូល​រួមគ្នា​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ទាំងឡាយ មិន​ជនជាតិភាគតិច ជនភៀសខ្លួន ឬ​ជនជាតិ​ដែល​ទទួលរង​ទុក្ខ​បុក​ម្នេញ​ឡើយ​។ ប្រមុខ​បុរី​វ៉ា​ទី​កង់ បានបង្ហាញ​ទឹកមុខ​អាណិតអាសូរ ខណៈ​កំពុង​ស្ដាប់​ការរៀបរាប់​របស់​តំណាង​សហគមន៍​ហិណ្ឌូ ព្រះពុទ្ធ ឥស្លាម គ្រិស្ត និង​ក្រុម​មនុស្សធម៌ ហើយ​ព្រះអង្គ​ក៏​សុំ​ការ​អភ័យទោស​ពី​ពួកគេ ក្នុងនាម​អ្នក​ដែល​ធ្វើបាប​ពួកគេ​ផង​។​

​កាលពី​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា សម្ដេច​ប៉ាប បាន​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ​ដូចជា​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី និង​អគ្គបញ្ជាការ​កងទ័ព មីន អ៊ុង​ឡាំង ។ ប៉ុន្តែ​ព្រះអង្គ​មិនបាន​ប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» មួយ​ម៉ាត់​តែម្ដង ដោយ​គោរព​តាម​ការស្នើ​របស់​សហគម​ន៍​គ្រិស្តសាសនា​នៅ​មី​យ៉ាន់​ម៉ា ដែល​មិន​ចង់​បង្កបញ្ហា​បែកបាក់​ក្នុង​ប្រទេសជាតិ ហើយ​ម្យ៉ាង​ពាក្យ​នេះ​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ផង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជាមួយនឹង​ការប្រើ​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​លើកដំបូង សម្ដេច​ប៉ាប​ក៏បាន​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ដែលជា​មូលហេតុ​នៃ​បញ្ហា​ជនភៀសខ្លួន​នេះ និង​បានស្នើ​ឲ្យ​ប្រទេស​នានា​ជួយ​បង់​ក្លា​ដែ​ស​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​ដា​ក្កា​ពិតជា​ត្រូវ​ជំនួយ​ខ្លាំង ព្រោះ​ត្រូវ​ទ្រទ្រង់​ជនភៀសខ្លួន​រាប់សែន​នាក់ ដែល​រត់គេច​ពី​ប្រតិបត្តិ​បោសសម្អាត​របស់​យោធា​នៅឯ​រដ្ឋ Rakhine ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា​។​

​មកទល់​ពេល​ពេលនេះ តួលេខ​ពី​អង្គការ​មនុស្សធម៌ និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​បង្ហាញថា ចំនួន​ជនភៀសខ្លួន​កើន​លើស​៦​សែន​នាក់​ទៅហើយ ចាប់តាំងពី​អំពើហិង្សា​ផ្ទុះឡើង​នៅ​ដំណាច់​ខែសីហា​មក​។ ចំណែកឯ​យោធា​មី​យ៉ាន់​ម៉ា​វិញ ក៏​នៅតែ​បន្ត​យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវ​ករ​ដដែល ទោះជា​មានការ​អំពាវនាវ​ឲ្យ​ផ្អាក​សិន​ក្ដី​៕


Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com