ជាតិ
លោក ព្រាប កុល​៖ អំពើពុករលួយ​តូចៗ​នៅ​កម្ពុជា​ថយចុះ​ខ្លាំង
02, Dec 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បានលើកឡើង​ដោយយោង​លើ​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា អំពើពុករលួយ​ទ្រង់ទ្រាយ​តូច​នៅ​កម្ពុជា បាន​ថយចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​វិញ លោក ព្រាប កុល ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​សម្រាប់​ការរាយការណ៍​អំពី​អំពើពុករលួយ នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា មិនបាន​អះអាង​ពី​ការថយចុះ ឬ​កើនឡើង​នោះឡើយ​។ យ៉ាងណាមិញ​លោក​សង្កេតឃើញថា  រដ្ឋាភិបាល​ហាក់​មិនមាន​ចំណាត់​ការផ្តោត​ខ្លាំង​លើ​អំពើពុករលួយ​ធំៗ​នោះទេ​។​



​ប្រសាសន៍​លោក ព្រាប កុល ៖




​បើតាម​លោក ព្រាប កុល របាយការណ៍​ស្ទង់​មតិ​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ចេញផ្សាយ​នៅ​ដើមឆ្នាំ​២០១៧ កន្លងទៅនេះ បាន​បង្ហាញថា អំពើពុករលួយ​តូចៗ​ជារួម​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ លោក​បន្តថា ក្នុងចំណោម​អំពើពុករលួយ​តូចៗ អំពើពុករលួយ​ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​សេវាសាធារណៈ ដូចជា ការធ្វើ​អត្តសញ្ញាណ​បណ្ណ​, សេវា​សុខាភិបាល​, ការអប់រំ​, សេវា​ទឹក​-​អគ្គិសនី និង​សេវា​ដែល​ផ្ដល់​ដោយ​នគរបាល បាន​ថយចុះ​យ៉ាងគំហុក​។

​លោក ព្រាប កុល អះអាងថា សមិទ្ធិផល​ខាងលើនេះ​កើតឡើង​ដោយសារ​កំណែទម្រង់​សេវាសាធារណៈ​របស់​រដ្ឋា​ភិ​បាល ព្រមទាំង​មានការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​របស់​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញសារព័ត៌មាន​។ ទន្ទឹមនឹង​សរសើរ​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​អំពើពុករលួយ​តូចៗ លោក ព្រាប កុល បាន​លើកឡើងថា រដ្ឋាភិបាល​ពុំ​សូវ​ផ្ដោតចិត្ត​ទុកដាក់​ខ្លាំង​លើ​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​។

​លោក ព្រាប កុល ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​យើង​អត់​ទាន់​ឃើញ​ការយកចិត្តទុកដាក់​ខ្លាំង​លើ​អំពើពុករលួយ​ធំៗ ដូចជា ការគ្រប់គ្រង​ធនធានធម្មជាតិ​, ការងារ​លទ្ធកម្ម​ដេញថ្លៃ​, ការនាំចេញ​ផលិតផល​ធំៗ​ទៅ​ក្រៅប្រទេស ឬក៏​ទាក់ទង​ការធ្វើ​ជំនួយ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​នៅឡើយ​ទេ​»​។

​ទាក់ទង​នឹង​អំពើពុករលួយ​ធំៗ លោក ព្រាប កុល ថ្លែងថា​មិនមាន​របាយការណ៍​ណាមួយ​បញ្ជាក់​ពី​ការថយចុះ​នោះទេ​។ លោក​ប្រាប់​យ៉ាងដូច​នេះ​ថា​៖«​មិនមែន​ខ្ញុំ​ថា អំពើពុករលួយ​ធំៗ​មិនបាន​ថយចុះ​នោះទេ ប៉ុន្តែ​ខ្ញុំ​មិនមាន​ភស្តុតាង​បញ្ជាក់ថា​បាន​ថយ​នោះទេ​»​។

​ចំពោះ​បញ្ហា​នេះ លោក នួន សុ​ធិ​មន្ត អគ្គនាយករង​ប្រតិបត្តិការ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​មានប្រសាសន៍ថា  ACU មាន​សមត្ថកិច្ច និង​បេសកកម្ម​ប្រឆាំង​អំពើពុករលួយ​ទាំង​ទ្រង់ទ្រាយ​តូច និង​ធំ​។​

​ថ្លែង​នៅក្នុង​ពិធី​ខាងលើ​នោះ​ផងដែរ លោក នួន សុ​ធិ​មន្ត អះអាងថា អំពើពុករលួយ​ជារួម​បាន​ថយចុះ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​អំពុក​រលួយ​ជារួម យើង​សង្កេតឃើញថា​មានការ​ថយចុះ ទាំង​តូច ទាំង​ធំ បើទោះបី​យើង​មិន​មើល​ឃើញនឹងភ្នែក​ក៏ដោយ ប៉ុន្តែ​តាមរយៈ​វិធានការ បេសកកម្ម​របស់​យើង យើង​អាច​ចេញ​ជា​លទ្ធផល​ថា​មិនមាន​សក​កម្ម​ភាព​ណា​ធ្វើ​ឲ្យ​ខ្វល់​ដូច​ពាក្យ​កន្លងមក​ទេ​»៕ 



Tag:
 អំពើពុករលួយ​
  ព្រាប កុល​
© រក្សាសិទ្ធិដោយ thmeythmey.com