ជាតិ
លោក កឹម សុខា ស្ងៀមស្ងាត់ ខណៈកៅអីទាំងអស់របស់អតីតបក្សសង្គ្រោះជាតិ ធ្លាក់លើបក្សដទៃ រូបភាព៖ លោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងទៅ
× ភ្នំពេញ៖ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដូចជាស្ងៀមស្ងាត់ ដោយគេពុំបានឃើញប្រតិកម្មរបស់លោក ទៅនឹងការបែងចែកអាសនៈនៅគ្រប់លំដាប់ថ្នាក់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃ នោះទេ។ ជាញឹកញាប់ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ តែងសួរមេធាវី អំពីសំណុំរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។
កឹម សុខា មានឥរិយាបថធម្មតា ដោយមិនបញ្ចេញប្រតិកម្ម ឬនិយាយអ្វីទាក់ទងនឹងការដកហូតអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនានានោះទេ។ លោក សំ សុគង់ មេធាវីមួយរូប ដែលតែងតែទៅជួបលោក កឹម សុខា ដល់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
លោកមេធាវី បាននិយាយបែបនេះថា៖«គាត់ ប្រហែលជាគិតថា គាត់ មិនអាចធ្វើអ្វីបាន ព្រោះគាត់កំពុងជាប់ពន្ធនាគារ។ អ៊ីចឹងហើយ បានជាគាត់ ដូចជាធម្មតា មិនប្រតិកម្មអ្វីទេ»។
លោក សំ សុគង់ បន្តថា ពេលជួបគ្នា លោក កឹម សុខា យកចិត្តទុកដាក់ និងសួរពីនីតិវិធី ក៏ដូចជាបញ្ហាផ្លូវច្បាប់ផ្សេងៗ ដែលទាក់ទងនឹងសំណុំរឿងផ្ទាល់ខ្លួនរបស់លោក តែប៉ុណ្ណោះ។ ចំណែករឿងផ្សេង លោកមេធាវី អះអាងថា លោក កឹម សុខា មិនសូវផ្តោតអារម្មណ៍ឡើយ។
ឥរិយាបទលោក កឹម សុខា នៅពេលនេះ មិនខុសពីពេលដែលអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងចំណាត់របស់តុលាការកំពូល កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧នោះទេ។ កាលនោះ លោក កឹម សុខា បានរក្សាភាពស្ងៀមស្ងាត់ ដូចពេលនេះដែរ ដោយលោក ពុំបានពឹងពាក់មេធាវី ឬដាក់ឯកសារទៅតុលាការកំពូល ដើម្បីតតាំងតាមផ្លូវច្បាប់អ្វីឡើយ។
បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងតំណាក់កាលនៃការស៊ើបសួរ ដោយមិនទាន់ឆ្លងទៅដល់ការជំនុំជម្រះនោះទេ។ ប៉ុន្មានថ្ងៃមុន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅសួរចម្លើយលោក កឹម សុខា ដល់ពន្ធនាគារម្តងរួចមកហើយ។ បើតាមលោកមេធាវី សំ សុគង់ ចៅក្រមស៊ើបសួរ នឹងទៅសួរលោក កឹម សុខា សាជាថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២0១៧ ខាងមុខនេះ។
ព្រោះតែសង្ស័យថា លោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ទើបបានជាតុលាការ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ តុលាការ យកវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា បាននិយាយតាំងប៉ុន្មានឆ្នាំមុន ទៅធ្វើជាអង្គហេតុក្នុងការចាប់ខ្លួន និងដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការសង្ស័យថា បានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា បាននិយាយទៅកាន់អ្នកគាំទ្រថា ខ្លួនមានអ្នកជំនាញជាជនបរទេសនៅពីក្រោយ ដើម្បីជួយជ្រោមជ្រែង ក្នុងការផ្លាស់ប្តូរមេដឹកនាំកនៅកម្ពុជា។ ក្តីសង្ស័យលើលោក កឹម សុខា ជុំវិញអំពើក្បត់ជាតិ ត្រូវបានក្រសួងមហាផ្ទៃ យកទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល។
ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចលោក កឹម សុខា ដែរ ហើយក៏ដាក់បណ្តឹងទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យរំលាយចោល។ នៅទីបំផុត តុលាការកំពូល បានបើកសវនាការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧ ហើយក៏សម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល និងហាមថ្នាក់ដឹកនាំ១១៨រូប នៃគណបក្សនេះ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយរួចហើយ អាសនៈនិងភាពជាតំណាងទាំងអស់របស់គណបក្សនេះ ក៏ត្រូវអស់សុពលភាព។ មកដល់ពេលនេះ អាសនៈនៅគ្រប់លំដាប់ថ្នាក់ទាំងអស់របស់អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកទៅឲ្យគណបក្សដទៃអស់ហើយ៕
Tag:
CNRP
កឹម សុខា
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com