អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​៖ ជប៉ុន​និង​កូរ៉េខាងត្បូង​រងគ្រោះ​មុនគេ បើ​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​
03, Dec 2017 , 9:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov បាន​ព្រមាន​ថា ជប៉ុន និង​កូរ៉េខាងត្បូង គឺជា​ជនរងគ្រោះ​ដំបូង​គេ បើ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ពិតជា​កើតឡើង​មែន​។ ប្រមុខ​ការទូត​រុស្ស៊ី ដែល​ទើបតែ​ទាត់ចោល​សំណើ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​ពិភពលោក​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង និយាយ​ត្រង់​ថា អាមេរិក​តែង​រករឿង​កូរ៉េខាងជើង​ដូចជា​ការធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​។ ឯ​កូរ៉េខាងជើង​ក៏​យក​សមយុទ្ធ​នេះ​ធ្វើ​លេស​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​បង្ក​ការ​គំរាម​ពេញ​ពិភពលោក​តែម្ដង​។



​ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវបាន​អាមេរិក​អូសទាញ​ឲ្យ​ចូលរួម​សកម្មភាព​បង្ករឿង​ប្រឆាំង​កូរ៉េខាងជើង ហើយ​ប្រទេស​ទាំងពីរ​នេះ នឹងរង​គ្រោះ​មុនគេ ពេល​ជម្លោះ​ប្រដាប់អាវុធ​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​ជាការ​ព្រមាន​ប្រមុខ​ការទូត​រុស្ស៊ី Sergey Lavrov ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​បេ​ល​ឡា​រុស​។ បើតាម​សម្ដី​លោក Lavrov អាមេរិក​តែង​ធ្វើ​ទង្វើ​បង្កហេតុ​ជា​ញឹកញាប់ ដែល​ទំនង​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្លាក់​ចូលក្នុង​ល្បិច​បង្ករឿង​របស់ខ្លួន​។​

​លោក Lavrov បញ្ជាក់ថា នៅពេលដែល​ថ្កោលទោស​ការ​ផ្សងព្រេង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង រុស្ស៊ី​ក៏ត្រូវ​រិះគន់​ទង្វើ​ញុះញង់​របស់​អាមេរិក​ដែរ​។ កាន់តែ​អកុសល​នោះ អាមេរិក​កំពុង​ព្យាយាម​អូសទាញ​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ដើរ​លើផ្លូវ​តែមួយ ដែល​នាំ​ឲ្យ​រដ្ឋ​ទាំងពីរ​ក្លាយជា​ជនរងគ្រោះ​ក្នុង​ជម្លោះ​មិន​ខាន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RT ។​

​នៅមុននេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូបនេះ​ក៏បាន​ព្រលះ​អាមេរិក​រួច​ម្ដង​ហើយ​ជុំវិញ​ការបន្ត​ចាក់​សាំង​លើ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ​។ រុស្ស៊ី​មើលឃើញ​រឿង​អវិជ្ជមាន​ច្រើន​ពាក់ព័ន្ធ​សកម្មភាព​ក្រុង​វ៉ាស៊ីនតោន​ក្នុង​សំណុំ​រឿងនេះ ហើយ​ជឿថា ដាក់ទណ្ឌកម្ម​ទាំង​អម្បាលម៉ាន លែងមាន​ប្រសិទ្ធភាព​ទៀតហើយ​។ លោក Lavrov ធ្លាប់​អះអាងថា សកម្មភាព​បង្ករឿង​កន្លងមក​រប​ស់​អាមេរិក គឺ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បង្កបញ្ហា​កាន់តែ​ច្រើនឡើង​ទៅវិញ​។​

​ជុំវិញ​ទង្វើ​របស់​អាមេរិក លោក Lavrov បាន​រំឭក​ពី​ការសន្យា​របស់​អាមេរិក​ក្នុង​ខែកញ្ញា​ដែលថា សមយុទ្ធ​លើក​ក្រោយ​របស់ខ្លួន​នឹង​ចាប់ផ្ដើម​នៅ​រដូវ​ផ្កា​រីក​ឆ្នាំក្រោយ​។ ដោយសារតែ​ការសន្យា​នេះ រុស្ស៊ី​បាន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​សន្តិភាព និង​ស្ថិរភាព​តំបន់​។ ការផ្អាក​សមយុទ្ធ​រប​ស់​អាមេរិក និង​កូរ៉េខាងត្បូង គឺជា​សញ្ញា​នាំទៅរក​ស្ថានភាព​ល្អប្រសើរ​សម្រាប់​ការចរចា​មិន​ខាន​។​

​ការសន្យា​របស់​អាមេរិក​មិនមាន​អាយុ​វែង​ឡើយ​។ ក្រុង​វ៉ា​ស៊ិន​តោន​បានរៀបចំ​សមយុទ្ធ​ជា​បន្តបន្ទាប់​ក្នុង​ខែតុលា វិច្ឆិកា និង​ខែធ្នូ​នេះ​ទៀត ដោយ​លោក Lavrov ជឿថា ក្រុង​វ៉ា​ស៊ិន​តោន​ចង់​រករឿង​ក្រុង​ព្យុងយ៉ាង​តែម្ដង​។ នៅ​ថ្ងៃទី​៣ ខែធ្នូ សមយុទ្ធ​រួមគ្នា​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្ដើម​ហើយ​នៅ​សមុទ្រ​ខាងកើត ដែល​សមយុទ្ធ​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី ហើយ​ត្រូវ​អះអាងថា បាញ់​ដល់​គ្រប់ផ្នែក​របស់​អាមេរិក​៕


Tag:
 រុស្ស៊ី​
  ជប៉ុន​
  អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Sergey Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com