អន្តរជាតិ
អូ​បា​ម៉ា ចង់ឃើញ​ស្ត្រី​កាន់អំណាច​ឲ្យ​បាន​ច្រើន ព្រោះ​បុរស​សព្វថ្ងៃ​សម្បូរ​បញ្ហា​ពេក​
03, Dec 2017 , 10:19 pm        
រូបភាព
​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​រិះគន់​ការដឹកនាំ​ប្រទេស​របស់​មេដឹកនាំ​ជា​បុរស ដែល​ចោមរោម​ដោយ​បញ្ហា​មិនចេះ​អស់​។ អតីត​ប្រមុខ​អាមេរិក​រូបនេះ​ចង់ឃើញ​ស្ត្រី​កាន់តែច្រើន​គ្រប់គ្រង​ប្រទេសជាតិ ព្រោះ​ពួកគេ​មាន​អាកប្បកិរិយា​ចុះសម្រុង​ក្នុងសង្គម​ជាង​បុរស​។ និយាយ​ដល់​រឿងនេះ លោក អូ​បា​ម៉ា ក៏​ឆ្លៀត​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​បច្ចុប្បន្ន​របស់​អាមេរិក ដែល​សម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ពិភពលោក​ឆ្នាំ​២០១៥ ។​



​អតីត​ប្រធានាធិបតី​ស្បែក​ខ្មៅ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​លើកតម្កើង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុងការ​ដឹកនាំ​ប្រទេស ដោយ​លោក​យល់ថា បុរស​សព្វថ្ងៃនេះ​បង្កបញ្ហា​ច្រើនណាស់​។ លោក អូ​បា​ម៉ា ទំនង​ចង់​និយាយ​រឿងអាស្រូវ​បៀតបៀន​ផ្លូវភេទ​ដែល​កំពុង​កើតឡើង​ព្រោងព្រាត​ក្នុងចំណោម​អ្នកនយោបាយ និង​សិល្បករ​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ​អាមេរិក​។​

​ក្នុងជំនួប​ជាមួយ​ពាណិជ្ជករ​ធំៗ​ក្នុង​រដ្ឋធានី​ប៉ារីស​នៅ​ថ្ងៃទី​២ ខែធ្នូ លោក អូ​បា​ម៉ា បានបង្ហាញ​គំនិត​របស់លោក​ដែល​ចង់​ឲ្យ​ការផ្ដោត​ការយកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​លើ​ការផ្ដល់អំណាច​ទៅ​ឲ្យ​ស្ត្រី​។ «​មិនមែន​និយាយ​ជាទូទៅ​ទេ ប៉ុន្តែ​ស្ត្រី​ហាក់​មាន​សមត្ថភាព​ខ្ពស់ជាង​បុរស ដោយ​មួយផ្នែក​ព្រោះតែ​ការចុះ​សម្រុង​ជាមួយ​គេឯង​របស់​ស្ត្រី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អូ​បា​ម៉ា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ឆ្លៀតឱកាស​នោះ អតីត​ប្រធានាធិបតី​ទី​៤៤ ក៏បាន​និយាយ​រិះគន់​ចំៗ​អ្នក​ស្នង​តំណែង​របស់ខ្លួន គឺ​ប្រធានាធិបតី​ទី​៤៥ ដូ​ណា​ល់ ត្រាំ ។ លោក អូ​បា​ម៉ា បានបង្ហាញ​ការខកចិត្ត​ចំពោះ​លោក ត្រាំ ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​។ គឺ​លោក អូ​បា​ម៉ា នេះហើយ ដែល​នាំ​អាមេរិក​ចូល​កិច្ចព្រមព្រៀង​ពិភពលោក​មួយ​នេះ ប៉ុន្តែ​លោក ត្រាំ យល់ថា កិច្ចព្រមព្រៀង​នេះ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក ហើយក៏​សម្រេចចិត្ត​ដើរចេញ​តែម្ដង​។​

​ចំពោះមុខ​អ្នកចូលរួម​ក្នុង​វេទិកា Les Napoleons លោក អូ​បា​ម៉ា ចាត់ទុក​ការដើរ​ចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្រោម​រដ្ឋបាល​លោក ត្រាំ ជា​អវត្តមាន​បណ្ដោះអាសន្ន​នៃ​ការដឹកនាំ​របស់​អាមេរិក​ស្ដីពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ប៉ុន្តែ​អតីត​មេដឹកនាំ​អាមេរិក​វ័យ​៥៦​ឆ្នាំ​រូបនេះ ក៏បាន​សរសើរ​ការប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​ផ្សេង​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​មួយ​នេះ ទោះជា​គ្មាន​វត្តមាន​អាមេរិក​ក្ដី​។​

​ការលើកឡើង​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ខាងលើ អាច​និយាយបានថា លោក អូ​បា​ម៉ា នៅតែ​មិន​តែ​អស់​ចិត្តនឹង​ការ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​របស់លោក ត្រាំ ដែល​ផ្ដួល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ ។ លោក អូ​បា​ម៉ា បាន​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន សម្រាប់​តំណែង​ប្រធានាធិបតី ប៉ុន្តែ​នៅតែ​ចាញ់​លោក ត្រាំ ។ ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ នយោបាយ​អាមេរិក​បាន​ប្រែប្រួល​ស្ទើរ​ទាំងស្រុង​ទៅហើយ ឯ​តំណែង​បងធំ​ពិភពលោក ក៏​លែង​សូវ​មានន័យ​ដែរ​៕


Tag:
 អាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com