អន្តរជាតិ
អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ដែនអាកាស ដោយ​មិន​ខ្វល់​ការ​គំរាម​របស់​កូរ៉េខាងជើង​
04, Dec 2017 , 2:41 pm        
រូបភាព
យន្តហោះចម្បាំងចំបាំងកាយ F-22 Raptor របស់អាមេរិក (រូបភាព៖ Reuters)
យន្តហោះចម្បាំងចំបាំងកាយ F-22 Raptor របស់អាមេរិក (រូបភាព៖ Reuters)
​សមយុទ្ធ​ដែនអាកាស​រួមគ្នា​របស់​អាមេរិក និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៤ ខែធ្នូ​នេះ ទោះជា​កូរ៉េខាងជើង​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ក្ដី​។ យន្តហោះ​ចម្បាំង​២៣០​គ្រឿង និង​ទាហាន​ប្រទេស​ទាំងពីរ​ជាង​១២០០០​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ដែល​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល Hwasong-15 ។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ជាការ​បង្ករឿង​ដែល​អាច​ឈានដល់​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែ​គ្រប់ពេល​។​



​សមយុទ្ធ​ដែនអាកាស​រួមគ្នា​អាមេរិក និង​កូរ៉េខាងត្បូង Vigilant ACE នឹង​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៨ ខែធ្នូ នៅ​តំបន់​សមុទ្រ​ខាងកើត ស្រប​ពេលដែល​កូរ៉េខាងជើង​ព្រមាន​ផ្ទុះ​សង្គ្រាម​។ នេះ​ជា​សមយុទ្ធ​ដែនអាកាស​ធំជាងគេ​ក្នុងចំណោម​សមយុទ្ធ​កន្លងមក​របស់​សម្ព័ន្ធ​មិត្ត​ទាំងពីរ​នេះ ដោយមាន​ការចូលរួម​យន្តហោះ​ចម្បាំង​ទំនើបៗ​ជាច្រើន​គ្រឿង រួម​នឹង​ទាហាន​ជាច្រើន​ទៀត​។ អាមេរិក​ក៏បាន​បញ្ជូន​យន្តហោះ​បំបាំងកាយ​មួយចំនួន​ផងដែរ​។​

​បើតាម​ការប្រកាស​រប​ស់​កងទ័ពអាកាស​ទី​៧ នៃ​កងទ័ព​អាមេរិក យន្តហោះ​បំបាំងកាយ F-22 Raptors ចំនួន​៦​គ្រឿង និង​យន្តហោះ F-35A ចំនួន​៦​គ្រឿង ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង​បណ្ដោះអាសន្ន​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។ ក្រៅពី​យន្តហោះ​ទាំងពីរ​ប្រភេទ យន្តហោះ​ចម្បាំង F-35B ដែល​បាន​ហោះ​មកពី​ជប៉ុន យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer យន្តហោះ EA-18G Growler យន្តហោះ​ចម្បាំង F-15C ក៏ដូចជា​F-16 ក៏​បង្ហាញមុខ​ក្នុង​សមយុទ្ធ​នេះដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap យោធា​កូរ៉េខាងត្បូង​ក៏បាន​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើបៗ​ជាច្រើន​ដូចជា​យន្តហោះ​ចម្បាំង​ធុន F-15K, KF-16, FA-50 និង​យន្តហោះ F-5 ព្រមទាំង​គ្នា​នឹង​យន្តហោះ​ប្រភេទ​ផ្សេង​មួយចំនួនទៀត​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា សមយុទ្ធ​រួមគ្នា​នេះ​មាន​គោលដៅ​ពង្រឹងសមត្ថភាព​ដែនអាកាស​របស់​ប្រទេស​ទាំងពីរ ហើយ​កងទ័ព​សម្ព័ន្ធមិត្ត​ទាំងពីរ​ក៏​វាយប្រហារ​ត្រាប់​លើ​គោលដៅ​កូរ៉េខាងជើង​ផង​។

​សមយុទ្ធ​ដែនអាកាស​រួមគ្នា​លើក​នេះ ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន ទោះជា​បានប្រកាស​តាំងពី​យូរ​មកហើយ​ក្ដី​។ កូរ៉េខាងជើង​ជា​អ្នក​ចេញមុខ​បង្ហាញ​ប្រតិកម្ម​ខ្លាំងជាងគេ ដោយ​គំរាមថា សមយុទ្ធ​នេះ​អាច​ឆ្នួន​បញ្ឆេះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ទៅទៀត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បក្ស​ពលករ​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣ ខែធ្នូ បាន​ហៅ​សមយុទ្ធ​នេះ​ជាការ​បង្ករឿង​ដោយ​ចំហ ដែល​អាច​នាំទៅដល់​ការកើតឡើង​សង្គ្រាម​នុយក្លេអ៊ែរ​បាន​គ្រប់ពេល​។  

​សមយុទ្ធ​ដែនអាកាស​របស់​អាមេរិក និង​កូរ៉េខាងត្បូង ក៏​ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល Hwasong-15 កាលពី​សប្ដាហ៍​មុន​។ ជា​មី​ស៊ី​ល​ប្រភេទ​ថ្មី ខ្លាំង​ជាង​មុន រត់​បាន​ឆ្ងាយ​ជាង​មុន និង​អាច​បំពាក់​ក្បាល​គ្រាប់​ធំ​ជាង​មុន​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏បាន​ប្រកាសថា កូរ៉េខាងជើង​សម្រេចបាន​គោលដៅ​របស់ខ្លួន​ក្នុងការ​ក្លាយខ្លួនជា​រដ្ឋ​នុយក្លេអ៊ែរ និង​មាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​ដល់​គ្រាប់​ផ្នែក​របស់​អាមេរិក​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com