អន្តរជាតិ
អគ្គលេខាធិការរង UN ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ចំពេល​ស្ថានការណ៍​កំពុង​តានតឹង​
05, Dec 2017 , 10:59 am        
រូបភាព
លោក Jeffrey Feltman អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលកិច្ចការច្បាប់ (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
លោក Jeffrey Feltman អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលកិច្ចការច្បាប់ (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
​អង្គការសហប្រជាជាតិ​បាន​បញ្ជូន​បេសកកម្ម​មួយក្រុម​ទៅកាន់​កូរ៉េខាងជើង ក្នុងទិសដៅ​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ដែល​កំពុងពុះ​កញ្ជ្រោល​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ បេសកម្ម​ដ៏​កម្រ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Jeffrey Feltman ក៏​ធ្វើឡើង​ចំ​ពេលដែល​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​ដែនអាកាស​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូរ៉េខាងត្បូង ដែល​កូរ៉េខាងជើង​ចោទថា អាចធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​គ្រប់ពេល​។



​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ច្បាប់ Jeffrey Feltman បាន​ទៅដល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៤ ខែធ្នូ មុននឹង​បន្តដំណើរ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​។ លោក Feltman ចាប់់ផ្ដើម​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៨ ខែធ្នូ ដែលជា​ទស្សនកិច្ច​ដ៏​កម្រ​មួយ​សម្រាប់​មេដឹកនាំ​ពិភពលោក​ទៅកាន់​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​។ នេះ​ជា​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​លើកដំបូង​របស់លោក Feltman តាំងពី​កាន់តំណែង​ក្នុង​ឆ្នាំ​២០១២ មក

​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ស​សហប្រជាជាតិ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ឡើង​កម្ដៅ​ខ្លាំង​។ កូរ៉េខាងជើង​ទើបតែ​បាញ់​មី​ស៊ី​ល​ថ្មី​មួយ​គ្រាប់​កាលពី​សប្ដាហ៍​មុន ឯ​អាមេរិក និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​ដ៏​ធំ​មិន​ធ្លាប់មាន ដែល​ចូលរួម​ដោយ​យន្តហោះ​២៣០​គ្រឿង​ឯណោះ​។ ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ទុក​ថា សមយុទ្ធ​រួមគ្នា​នេះ​ជាការ​បង្ករឿង ដែល​អាច​ឈានដល់​សង្គ្រាម​នុយក្លេអ៊ែរ​មិន​ខាន​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ Stephane Dujarric និយាយថា អំឡុង​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង លោក Feltman នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ពី​ផលប្រយោជន៍ និង​ការព្រួយបារម្ភ​របស់​ភា​គី​ទាំងសងខាង សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​សន្តិវិធី​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​រូបនេះ ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ឬ​អត់​ឡើយ​។

​ក្រៅពី​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​រូបនេះ ក៏មាន​គម្រោង​ជួប​ជាមួយ​ទូត​បរទេស​នៅ​កូរ៉េខាងជើង និង​បុគ្គលិក​អង្គការសហប្រជាជាតិ​ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​រដ្ឋ​ក្រីក្រ​មួយ​នេះ​។ ស្ថាប័ន​ចំណុះ​អង្គការសហប្រជាជាតិ​ចំនួន​៦ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កូរ៉េខាងជើង ដោយមាន​បុគ្គលិក​ប្រមាណ​៥០​នាក់ ដែល​ផ្ដោតលើ​ការងារ​មនុស្សធម៌ សុខភាព ការអប់រំ និង​ស្បៀងអាហារ​ជាដើម​។​

​កូរ៉េខាងជើង ដែលជា​មិនសូវមាន​ធនធាន​នោះ បាន​ចាយប្រាក់​យ៉ាងច្រើន​ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​មិនសូវ​បាន​គិតពី​ការរស់នៅ​របស់​ប្រជាជន​ខ្លួន​ឡើយ​។ មហិច្ឆតា​ដើម្បី​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ ធ្វើ​ឲ្យ​ប្រទេស​រង​កា​រង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​សំណាក់​សហគមន៍​អន្តរជាតិ​តាមរយៈ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឥតឈប់ឈរ​៕


Tag:
 UN
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com