អន្តរជាតិ
ជប៉ុន​ចង់​ទិញ​មី​ស៊ី​ល​ដែល​ល្មម​បាញ់​ដល់​កូរ៉េខាងជើង ដើម្បី​ទុក​ការពារ​ខ្លួន​
05, Dec 2017 , 2:53 pm        
រូបភាព
មីស៊ីលចម្ងាយឆ្ងាយ AGM-158 Joint Air-to-Surface Standoff Missile ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin (រូបភាព៖ Wikimedia Commons)
មីស៊ីលចម្ងាយឆ្ងាយ AGM-158 Joint Air-to-Surface Standoff Missile ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin (រូបភាព៖ Wikimedia Commons)
​ស្រប​ពេលដែល​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​កើនឡើង​ជា​លំដាប់​តាមរយៈ​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ជប៉ុន​កំពុង​រៀបចំ​ជើង​ព្រួល​ដើម្បី​ទុក​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​។ ប្រភព​មន្ត្រី​ជប៉ុន​បាន​បង្ហើប​ថា ជប៉ុន​ចង់​ទិញ​មី​ស៊ី​ល​បំពាក់​លើ​យន្តហោះ​ដែលមាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​កូរ៉េខាងជើង​។ ប៉ុន្តែ​ជប៉ុន​ត្រូវ​ដោះស្រាយ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់ខ្លួន​ជាមុន ដែល​ចងដៃ​ជប៉ុន​ពី​ការពង្រីក​អានុភាព​យោធា​របស់ខ្លួន​។



​ជប៉ុន មាន​ផែន​ការដក​ទុក​ថវិកា​ប្រចាំឆ្នាំ​២០១៨ ដើម្បី​សិក្សា​លើ​លទ្ធភាព​ក្នុង​ការទិញ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​ចេញពី​យន្តហោះ ខណៈដែល​សន្តិសុខ​ក្នុង​តំបន់​កំពុង​រង​ការគំរាមកំហែង​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ កាលពី​ខែកក្កដា​កន្លងទៅ មី​ស៊ី​ល​កូរ៉េខាងជើង​ពីរ​គ្រាប់​បាន​ហោះ​រំលង​ដែនអាកាស​ជប៉ុន ហើយ​កាលពី​ចុងខែ​វិច្ឆិកា មី​ស៊ី​ល​មួយទៀត​ក៏​ធ្លាក់ចូល​សមុទ្រ​ក្បែរ​ដែន​គោក​ជប៉ុន​ទៀត​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​ពី​មន្ត្រី​ចំនួន​ពីរ​នាក់ ក្រុង​តូ​ក្យូ​នឹងសិក្សា​លើ​សមត្ថភាព​របស់​យន្ត​ហោះ​ចម្បាំង F-15 ថា​អាច​បំពាក់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​បាន​ឬ​អត់ រាប់ទាំង​មី​ស៊ី​ល JASSM-ER ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin Corp ។ មី​ស៊ី​ល​ប្រភេទ​នេះ​អាច​បាញ់​ចំ​គោលដៅ​ដែល​ស្ថិតនៅ​ចម្ងាយ​១០០០​គីឡូ​ម៉​ត្រ​បាន​។ មី​ស៊ី​ល​ដែល​អាច​បាញ់​ឆ្ងាយ​បែបនេះ គឺ​ល្មម​អាច​កម្ទេច​គោលដៅ​ត្រឹម​កូរ៉េខាងជើង​បាន​។​

​ជាមួយគ្នានេះ ជប៉ុន​ក៏មាន​ចំណាប់អារម្មណ៍​ទិញ​មី​ស៊ី​ល Joint Strike Missile ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ន័​រ​វ៉េ​ស Kongsberg Defence & Aerospace និង​អាច​រត់​បាន​ចម្ងាយ​ដល់​ទៅ​៥០០​គីឡូម៉ែត្រ សម្រាប់​បំពាក់​លើ​យន្តហោះ F-35 ។ ប៉ុន្តែ​មី​ស៊ី​ល​ទាំងពីរ​ប្រភេទ​នេះ មិន​ស្ថិតក្នុង​បញ្ជីចំណាយ​ឆ្នាំ​២០១៨ ដែល​ស្នើ​ដោយ​ក្រសួងការពារជាតិ​ជប៉ុន​ឡើយ​។ បើសិនជា​ចង់​អនុវត្ត​ផែនការ​នេះ ក្រុង​តូ​ក្យូ​ត្រូវ​ស្វែងរក​ប្រាក់​ឲ្យ​បាន​ច្រើន​ដើម្បី​ចំណាយ​លើ​ការទិញ​មី​ស៊ី​ល​។​

​សព្វថ្ងៃនេះ ជប៉ុន​មិនមាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើយ ព្រោះតែ​រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ក្រោយ​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ក្នុង​ឃ្លាំង​របស់ខ្លួន យោធា​ជប៉ុន​មាន​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង​សព្វាវុធ​ផ្សេងៗ​ប្រឆាំង​នាវា ដែល​អាច​រត់​បាន​ចម្ងាយ​តិចជាង​៣០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​នេះ​មានន័យថា អាវុធ​ដែល​ជប៉ុន​មាន​ទាំង​អម្បាលម៉ាន គឺ​ទុក​សម្រាប់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ មិនមែន​សម្រាប់​ប្រយុទ្ធ​ឡើយ​។​

​ដោយឡែក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera ក៏​មិនទាន់​អះអាង​ពី​ផែនការ​ទិញ​មី​ស៊ី​ល​នេះ​ឲ្យ​ច្បាស់លាស់​ដែរ ដោយ​លោក​លើក​ឡើ​ថា ជប៉ុន​មិនទាន់​គម្រោង​ស្វែងរក​ថវិកា​ទិញ​មី​ស៊ី​ល​ឡើយ ហើយ​ជប៉ុន​ពឹង​ផ្អែកលើ​អាមេរិក​ក្នុងការ​វាយ​យ​ប្រហារ​គោលដៅ​សត្រូវ​។ តែ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក Onodera នេះហើយ​ដែល​កាលពី​នៅ​ជា​សមាជិកសភា បានចេញ​មុខ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទិញ​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ក្រុង​ព្យុងយ៉ាង​៕


Tag:
 ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com