អន្តរជាតិ
រុស្ស៊ី​បញ្ចូល​វិទ្យុ RFE និង VOA ក្នុង​បញ្ជី​ភ្នាក់ងារ​បរទេស ដើម្បី​សងសឹក​អាមេរិក​
05, Dec 2017 , 9:19 pm        
រូបភាព
រូបភាព៖ Sputnik
រូបភាព៖ Sputnik
​រដ្ឋបាល​ក្រុង​មូ​ស្គូ បាន​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ចំនួន​ពីរ គឺ​វិទ្យុ​អឺរ៉ុប​សេរី​និង​វិទ្យុ​សេរីភាព (RFE/RL) និង​វិទ្យុ​សំឡេង​អាមេរិក (VOA) ទៅក្នុង​បញ្ជី​ភ្នាក់ងារ​បរទេស ដើម្បី​ជាការ​សងសឹក​នឹង​ការដាក់​សម្ពាធ​របស់​អា​មេ​រិ​កលើ​សារព័ត៌មាន​រុស្ស៊ី​។ ចាប់ពីពេលនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងពីរ​ត្រូវ​រាយការណ៍​គ្រប់យ៉ាង​ទៅកាន់​អាជ្ញាធរ​រុស្ស៊ី ទាំង​សកម្មភាព​ផ្សាយ​ព័ត៌មាន ក៏ដូចជា​ប្រភព​ហិរញ្ញវត្ថុ​របស់ខ្លួន​ផងដែរ​។



​ក្រសួងយុត្តិធម៌​រុស្ស៊ី ដែល​ទើប​ទទួល​អំណាច​ពី​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ចុះឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជា «​ភា្ន​ក់បរ​ទេស​» បាន​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៩ ទៅក្នុង​បញ្ជី​នេះ ដោយ​ក្នុងនោះ​មាន​វិទ្យុ​អាមេរិក​ចំនួន​ពីរ​ដែរ គឺ​វិទ្យុ​អឺរ៉ុប​សេរី​និង​វិទ្យុ​សេរីភាព (RFE/RL) និង​វិទ្យុ​សំឡេង​អាមេរិក (VOA)​។ វិទ្យុ​ទាំងពីរ​ទទួលបាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក ដែល​តាមច្បាប់​រុស្ស៊ី​ត្រូវ​ចាត់ទុកជា​ភ្នាក់ងារ​បរទេស​។​

​ការបញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ទៅក្នុង​បញ្ជី​នេះ គឺជា​ការឆ្លើយ​នឹង​ការចោទប្រកាន់​របស់រ​ដ្ឋ​បាល​ក្រុង​វ៉ា​ស៊ិន​តោន​ដែលថា រុស្ស៊ី​ប្រើប្រាស់​សារព័ត៌មាន​របស់ខ្លួន​ដើម្បី​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ ដោយ​ប្រើ​មូលហេតុ​នេះ អាមេរិក​ក៏បាន​ដាក់​សារព័ត៌មាន RT ក្នុង​បញ្ជី​ភ្នាក់ងារ​បរទេស​តែម្ដង ទោះជា​រុស្ស៊ី​បដិសេធ​ដាច់អហង្ការ និង​ចោទ​សកម្មភាព​របស់​អា​មេ​រិ​ក​ជាការ​ប្រហារ​លើ​សេរីភាព​សារព័ត៌មាន​។​

​ក្រោម​ច្បាប់​ស្ដីពី​ភា្ន​ក់​ងារ​បរទេស ដែល​ទើប​ត្រូវបាន​លោក ពូ​ទីន ចុះហត្ថលេខា​ឲ្យ​អនុវត្ត​កាលពី​ខែ​មុន អង្គការ​ទាំងឡាយ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី ត្រូវ​ប្រាប់​អ្នកតាមដាន​ថា​ខ្លួន​ជា​ភ្នាក់ងារ​បរទេស ត្រូវ​ផ្ញើ​របាយការណ៍​ជាប្រចាំ​ទៅ​ឲ្យ​អាជ្ញាធរ​រុស្ស៊ី​រួមមាន ប្រភព​ហិរញ្ញវត្ថុ​និង​ការចំណាយ បេសកកម្ម​ការងារ និង​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាដើម​។ លើសពីនោះ អាជ្ញាធរ​រុស្ស៊ី​ក៏មាន​សិទ្ធិ​ឆែកឆេរ​ដែរ​ដើម្បី​ប្រាកដថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​គោរព​ច្បាប់​ត្រឹមត្រូវ​។

​ច្បាប់​ថ្មី​នេះ ត្រូវបាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់សភាពការណ៍​។ ពោល គឺ​សភា​ជាន់​ទាប​អនុម័ត​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ហើយ​ឆ្លង​សភា​ជាន់ខ្ពស់​នៅ​៧​ថ្ងៃក្រោយ និង​ចុងក្រោយ​ត្រូវ​លោក ពូ​ទីន ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៥ ខែ​ដដែល​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ដែល​ត្រូវ​អាមេរិក​ចោទថា មាន​ចំណែក​ជួយ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦ រង​ការ​រឹតត្បិត​ខ្លាំង​ពី​សំណាក់​អាមេរិក ហើយ​ក្រសួងយុត្តិធម៌​អាមេរិក​បាន​ចាត់វិធានការ​ផ្សេងៗ​ដើម្បី​ដាក់​សម្ពាធ​ដែរ​។​

​ច្បាស់​ណាស់​ថា ច្បាប់​សងសឹក​មួយ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក​ដែល​កំពុង​អាប់អួរ​ស្រាប់​នោះ កាន់តែ​ធ្លាក់​ដុនដាប​ថែមទៀត​។ សំណុំរឿង​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ខណៈ​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ក្ដៅគគុក​នៅឯ​អាមេរិក​ឯណោះ​។ ជាមួយនឹង​ការចោទប្រកាន់​របស់ខ្លួន អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​ជាច្រើន​លើ​រុស្ស៊ី ឯ​រុស្ស៊ី​វិញ​ក៏​ប្រកាស​សងសឹក​វិញ ដោយ​មិន​នៅ​ស្ងៀម​ឲ្យ​អាមេរិក​ធ្វើតាម​ចិត្ត​ឡើយ​៕


Tag:
 រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com