ជាតិ
មេទ័ព​ប្រកាស​ប្តឹង​, លោក សម រង្ស៊ី ប្រកាស​ស្វាគមន៍​
06, Dec 2017 , 5:29 pm        
រូបភាព
លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​សន្និសីទកាសែត នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២0១៧
លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​សន្និសីទកាសែត នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២0១៧
​ភ្នំពេញ​៖ អគ្គ​មេ​បញ្ជ​ការ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ ប៉ុល សារឿន បានប្រកាស​ប្តឹង​លោក សម រង្ស៊ី នៅក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​នេះ​។ សន្និសីទកាសែត​នេះ​ត្រូវបាន​រៀបចំឡើង តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ថា កងយោធពល​ខេមរភូមិន្ទ​នឹង​ប្តឹង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​។



​យ៉ាងយូរ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ មេធាវី​តំណាង​ស្ថាប័ន​កងទ័ព​នឹង​នាំយក​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​ប្តឹង​លោក សម រង្ស៊ី​។ នេះ​ជា​សេចក្តីប្រកាស​របស់លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​សន្និសីទកាសែត​។ អគ្គមេបញ្ជាការ​កងទ័ព​បានសម្រេច​ចិត្ត​ប្តឹង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បន្ទាប់ពី​លោក​សម រង្ស៊ី ដែលមាន​ឈ្មោះ​ជា​ទណ្ឌិត​ហើយ​នោះ បានធ្វើ​សេចក្តីថ្លែងការណ៍​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុងប្រទេស​បារាំង​ដោយ​អំពាវនាវ​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​រដ្ឋាភិបាល​។​

​នៅក្នុង​សន្និសីទកាសែត នាយ​ឧ​ត្ត​ម​សេនីយ ប៉ុល សារឿន បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា​៖«​នេះ​ជា​រឿង​ធំ​ណាស់​។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិន័យ​កងទ័ព​។ យើង​ត្រូវ​តស៊ូ​ប្រឆាំង​វិញ​»​។ ទោះយ៉ាងណា​ក៏ដោយ សម្រាប់​អគ្គមេបញ្ជាការ​រូបនេះ ការអំពាវនាវ​របស់​លោក​សម រង្ស៊ី នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​កងទ័ព​ឡើយ ដ្បិត​ពួកគេ​សុទ្ធតែ​បាន​ឆ្លងកាត់​ការហ្វឹកហាត់ និង​សិក្សា​បាន​ខ្ពង់ខ្ពស់​។​

​នៅពេលដែល​មេដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​កំពុង​ធ្វើ​សន្និសីទកាសែត​ប្រកាស​ប្តឹង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បាន​សរសេរ​នៅលើ​គណនី Twitter របស់លោក​ថា លោក​ស្វាគមន៍​ចំពោះ​ការប្តឹង​លោក​ពីបទ​ល្មើស​ក្បត់ជាតិ​។​



​ការប្រកាស​ប្តឹង​របស់​ស្ថាប័ន​មេទ័ព​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រកាស​ថ្កោលទោស​ជា​បន្តបន្ទាប់​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​យោធា​។ នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​នេះ ពី​វេទិកា​នៃ​ការជួបជុំ​កម្មករ កម្មការិនី សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហើប​ដែរ​អំពី​លទ្ធភាព​នៃ​ការដាក់​ពាក្យបណ្តឹង​ពី​សំណាក់​កងទ័ព​ប្រឆាំង​លោក សម រង្ស៊ី​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​និយាយ​ខ្លាំងៗ​បែបនេះ​ថា​៖«​ថ្ងៃនេះ ខ្ញុំ​ដឹងថា អគ្គមេបញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ រួមទាំង​នាយទាហាន​ដទៃទៀត នឹងដាក់​បណ្តឹង​ទៅកាន់​តុលាការ ព្រោះនេះ ជា​បទល្មើស​ក្បត់ជាតិ ជា​បទល្មើស​ញុះញង់ ឲ្យ​កងទ័ព​មិន​គោរព​បទបញ្ជា​»​។

​បច្ចុប្បន្ន លោក សម រង្ស៊ី បាន​ក្លាយជា​អ្នកទោស​ស្រាប់​ទៅហើយ ដោយ​ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​ពីបទ​ល្មើស​ផ្សេងៗ កាលពី​កន្លងមក ដោយមាន​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម​បណ្តឹង​។ បណ្តឹង​ទាំងនោះ​ហើយ ដែល​បង្ខំ​ឲ្យ​លោក សម រង្ស៊ី ត្រូវ​គេចខ្លួន ទៅ​បរទេស​រហូតមកដល់​ពេលនេះ​៕


Tag:
 កងទ័ព​
  បណ្តឹង​
  សម រង្ស៊ី​
  តុលាការ​
  ឈុំ សុជាតិ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com