អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​ជួប​មេដឹកនាំ​ចិន និយាយ​រឿង​កូរ៉េខាងជើង​
07, Dec 2017 , 9:21 am        
រូបភាព
លោក មូន ចេអ៊ីន ចាប់ដៃលោក ស៊ី ជិនភីង ក្នុងជំនួបនៅវៀតណាម (រូបភាព៖ Xinhua)
លោក មូន ចេអ៊ីន ចាប់ដៃលោក ស៊ី ជិនភីង ក្នុងជំនួបនៅវៀតណាម (រូបភាព៖ Xinhua)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង ។ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​ប្រធាន​សំខាន់​នៃ​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​នៅ​ចិន ខណៈ​កូរ៉េខាងជើង​បង្កើន​សកម្មភាព​ផ្គើន​របស់ខ្លួន​កាន់តែខ្លាំង​ឡើង ជាពិសេស​ទើប​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត​នៅ​ថ្មីៗ​នេះ​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​បី បន្ទាប់ពី​ការជួប​លើកទីមួយ​នៅ​អាល្លឺម៉ង់ និង​លើក​ទី​ពីរ​នៅ​វៀតណាម​។​



​មេដឹកនាំ​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ចាកចេញ​ទៅកាន់​រដ្ឋធានី​ប៉េកាំង នៅ​ថ្ងៃទី​១៣ ខែធ្នូ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៤​ថ្ងៃ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែធ្នូ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់លោក មូ​ន ទៅកាន់​ចិន និង​ជា​ទស្សនកិច្ច​នៅ​បរទេស​លើក​ទី​ពីរ ចាប់តាំងពី​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពី​ខែឧសភា​កន្លងទៅ​។​

​ជំនួប​ពិភាក្សា​ទ្វេភាគី​ទល់មុខ​គ្នា​លើ​ដំបូង ទំនងជា​ផ្ដោត​សំខាន់​លើ​បញ្ហា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ក្រៅតែពី​ការជជែក​លើ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ល្អប្រសើរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Soo-hyun និយាយថា លោក មូ​ន នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​ជាន់ខ្ពស់​ចិន ស្ដីពី​ទំនាក់ទំនង​រយៈពេល​២៥​ឆ្នាំ​មកនេះ និង​សម្រាប់​ថ្ងៃ​អនាគត​ខាងមុខ​។​

​បន្ថែម​ពីលើ​នោះ មេដឹកនាំ​កូរ៉េខាងត្បូង និង​ចិន​ក៏​ពិភាក្សា ស្វែងរក​មធ្យោបាយ​សន្តិ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ទស្សនកិច្ច​របស់លោក មូ​ន នៅ​ចិន​ខាងមុខ ធ្វើឡើង​ពីរ​សប្ដាហ៍​បន្ទាប់ពី​កូរ៉េខាងជើង ដែល​នៅ​ស្ងៀម​ជាច្រើន​ថ្ងៃ​មកហើយ បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ Hwasong-15 ។

​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពេលនេះ ជា​សញ្ញា​បង្ហាញ​ពី​ការឈានទៅរក​ភាពប្រក្រតី​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ ដែល​ល្អក់កករ​ដោយ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស THAAD របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​។ ចិន​ជំទាស់​គម្រោង​នេះ​ដាច់ខាត និង​បាន​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ការពង្រាយ​ជាបន្ទាន់​។ ទោះជា​មានការ​ជំទាស់​ពី​ចិន THAAD ត្រូវបាន​ដំឡើង​រួចស្រេច ដែល​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ខ្លាំង និង​បាន​ចាត់វិធានការ​សងសឹក​វិញ​ដែរ​។​

​នៅ​ដំណាច់​ខែតុលា រដ្ឋមន្ត្រី​ការទូត​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា ប្រកាសថា កូរ៉េខាងត្បូង​ឈប់​ទទួល​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​ទៀត ហើយ​ក្រុង​សេ​អ៊ូ​ល​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារ​មី​ស៊ី​ល​របស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។ ការប្រកាស​បែបនេះ ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្តខ្លាំង រហូត​បង្ក​ជា​បរិយាកាស​ល្អ​សម្រាប់​ទស្សនកិច្ច​លោក មូ​ន ចេ​អ៊ី​ន តែម្ដង​៕   


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com