អន្តរជាតិ
Brexit៖ អង់គ្លេស​និង​អឺរ៉ុប​ទទួលជោគជ័យ​ក្នុង​ចរចា​ដំណាក់កាល​ទីមួយ​
08, Dec 2017 , 7:39 pm        
រូបភាព
​ក្រោយ​ការចរចា​ជាច្រើន​ខែ​រួចមក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​សម្រេចបាន​កិច្ចព្រមព្រៀង​លែងលះ​ដំណាក់កាល​ដំបូង​ហើយ​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ នៅ​ថ្ងៃទី​៨ ខែធ្នូ និយាយថា ការចរចា​រវាង​អឺរ៉ុប និង​អង់គ្លេស បានផ្ដល់​លទ្ធផល​ជាទី​គាប់ចិត្ត បន្ទាប់ពី​អង់គ្លេស​សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ជាមួយ​អៀរ​ឡង់​ខាងជើង​រួចមក​។ ដំណាក់​បន្ទាប់​នៃ​ការចរចា​នេះ គឺ​ការចរចា​ស្ដីពី​ទំនាក់ទំនង​អឺរ៉ុប​-​អង់គ្លេស ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៩ ។



​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បាន​ហោះ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី ៨ ខែធ្នូ ដើម្បី​ប្រកាស​ពី​ជោគជ័យ​ដំណាក់​ដំបូង​នៃ​ការចរចា​ចែកផ្លូវ​ជាមួយ​សហភាព​អឺរ៉ុប​។ លោកស្រី ម៉េ​យ៍ បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មកា​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ ដើម្បី​ពិសារ​អាហារ​ពេលព្រឹក​ការងារ មុននឹង​ប្រកាស​រួម​ពី​ដំណើការ​ទៅមុខ​នៃ​ការចរចា​ស្ដី​ការចាកចេញ​របស់​អង់គ្លេស​។ ភាគី​ទាំង​ពីរបាន​ចរចា​យ៉ាង​តានតឹង​អស់​ពេល​ច្រើន​ខែ ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​។​

​តាមពិតទៅ ការចរចា​ជាមួយ​អឺរ៉ុប ទំនង​ងាយស្រួល​សម្រាប់​លោក ម៉េ​យ៍ ប៉ុន្តែ​បែរជា​លំបាក​ជាមួយ​បញ្ហា​ក្នុងស្រុក​ទៅវិញ​។ មុន​ហោះ​ទៅ​បែលហ្ស៊ិក លោកស្រី ម៉េ​យ៍ ទើប​បញ្ចប់​ការចរចា​ជាមួយ​បក្សនយោបាយ​មកពី​អៀរ​ឡង់​ជុំវិញ​ព្រំដែន​រវាង​អៀរ​ឡង់ និង​អង់គ្លេស ក្រោយ​ការចាកចេញ​ក្នុង​ឆ្នាំ​២០១៩ ។ នៅ​ដើម​សប្ដាហ៍​នេះ បក្ស​សហភាព​ប្រជាធិបតេយ្យ​របស់​អៀរ​ឡង់ ដែលជា​ដៃគូ​ក្នុង​សភា​របស់​លោកស្រី ម៉េ​យ៍ បាន​ជំទាស់​កិច្ចព្រមព្រៀង​ព្រំដែន​ដែល​ក្រុង​ឡុង​ដ៍ និង​ក្រុង​ឌុយ​ប្លាំ​ង ឯកភាពគ្នា​រួចហើយ​។

​លោកស្រី ម៉េ​យ៍ ក៏​ស្ទុះស្ទា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ចប់​ស្រេចបាច់​ក្នុង​សប្ដាហ៍​នេះ​តែម្ដង ដោយ​សុខចិត្ត​បំពេញចិត្ត​ទាំង​អឺរ៉ុប ទាំង​ក្រុង​ឌុយ​ប្លាំ​ង ទាំង​បក្ស​សហភាព​ប្រជាធិបតេយ្យ ទាំង​សមាជិកសភា​បក្ស​អភិរក្ស​ផង​។ ដោយឡែក បញ្ហា​ផ្សេងទៀត​ដែល​បាន​ចរចា​ជាមួយ​អឺរ៉ុប​ក៏​សម្រេច​លទ្ធផល​ផ្លែផ្កា​ដែរ ជាពិសេស​ប្រជាជន​អឺរ៉ុប​នៅ​អង់គ្លេស​។ ប្រជាជន​អឺរ៉ុប​ដែល​រស់នៅ​អង់គ្លេស​នឹងមាន​សិទ្ធិ​ដូច​ពេលដែល​អង់គ្លេស​នៅ​ជា​សមាជិក​អឺរ៉ុប​ដូច្នេះ​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ប្រថុចញ៉ុច​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ លោកស្រី​នាយករដ្ឋមន្ត្រី ម៉េ​យ៍ និយាយថា ការ​ឈានដល់​ដំណាក់កាល​នេះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំងអស់​លះបង់​ជាច្រើន​។ ចំណែកឯ​ប្រធាន​គណៈកម្មការ​អឺរ៉ុប ចាំង​គើ វិញ​លើកឡើងថា លទ្ធផល​ពេលនេះ គឺ​ការស្រុះស្រួល​គ្នា​ដ៏​ពិតប្រាកដ ព្រោះ​ការចរចា​កន្លងមក​ពិត​ជា​រឿង​ដ៏​លំបាក់​សម្រាប់​ភាគី​ទាំងសងខាង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC ។​

​ដំណាក់​បន្ទាប់ កិច្ចព្រមព្រៀង​នេះ​នឹង​ធ្លាក់​ទៅក្នុង​ដៃ​មេដឹកនាំ​រដ្ឋ​សមាជិក​ទាំង​២៧ ដែល​នឹង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉េ​យ៍ រំពឹងថា មេដឹកនាំ​អឺរ៉ុប​នឹង​គាំទ្រ​លទ្ធផល​នៃ​ការចរចា​នេះ ដើម្បី​ការចរចា​អាច​បន្ត​ទៅកាន់​ដំណាក់​ទី​ពីរ ដែលជា​ដំណាក់កាល​សំខាន់​មួយទៀត​។ ក្នុងករណី​មេដឹកនាំ​ទាំង​២៧​ប្រទេស​ឯកភាព អឺរ៉ុប និង​អង់គ្លេស នឹង​ចាប់ផ្ដើម​ការចរចា​ស្ដីពី​ទំនាក់ទំនង​ក្រោយ​អង់គ្លេស​ចាកចេញ​។

​ការចរចា​លើ​ពាណិជ្ជកម្ម​ក្រោយ​ការចាកចេញ ដែល​រំពឹងថា​កើតឡើង​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ គឺជា​ចំណុច​សំខាន់​សម្រាប់​លោកស្រី ម៉េ​យ៍ ដើម្បី​បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​។ ក្រៅពីនេះ បញ្ហា​នេះ​ក៏​ជា​រឿង​សំខាន់​សម្រាប់​អង់គ្លេស​ដើម្បី​រក្សា​ការដោះដូរ​ទំនិញ​រវាង​អឺរ៉ុប និង​រដ្ឋ​មាន​ទំហំ​សេដ្ឋកិច្ច​លំដាប់​ទីមួយ​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស និយាយថា​ការចរចា​លើ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ហើយ​ពេលវេលា​ក៏​មិន​សល់​ច្រើន​ដែរ​៕ 


Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com