អន្តរជាតិ
សហភាព​អឺរ៉ុប​ស្តារ​ទំនាក់ទំនង​នយោបាយ​ជាមួយ​របប​សឹក​ថៃ​ឡើងវិញ
12, Dec 2017 , 7:39 pm        
រូបភាព
រូបភាព៖ គណនី Twitter Bataa
រូបភាព៖ គណនី Twitter Bataa
ដោយ: ថ្មីៗ
​ចាប់ពី​មាន​រដ្ឋប្រហារ​ឆ្នាំ ២០១៤ សហភាព​អឺរ៉ុប​បានសម្រេច​បន្ថយ​កម្រិត​ទំនាក់ទំនង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ថៃ​។ ប៉ុន្តែ​ក្រោយ​មានការ​ប្រកាស​កំណត់​កាលបរិច្ឆេទ​បោះឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំក្រោយ ស្ថាប័ន​នេះ​បានសម្រេច​ស្តារ​ទំនាក់ទំនង​នយោបាយ​ជាមួយ​ថៃ​វិញ​នៅ​ដើម​សប្តាហ៍​នេះ​។ គេ​ក៏​រំពឹងថា វា​អាច​នឹង​ការចាប់ផ្តើម​ជជែក​ឡើងវិញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​ផង​នៅពេល​ខាងមុខ​។



​ក្រុមប្រឹក្សា​កិច្ចការបរទេស​សហភាព​អឺរ៉ុប​បានសម្រេច​ស្តារ​ទំនាក់ទំនង​នយោបាយ​ជាមួយ​ប្រទេស​ថៃ​ឡើងវិញ ។ នេះ​បើតាម​ដំណោះស្រាយ​មួយ​ដែល​ត្រូវ​បានអនុម័ត​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​ចុះផ្សាយ​នៅ​ថ្ងៃ ១១ ខែធ្នូ​ឆ្នាំ ២០១៧​។ 

​ការសម្រេច​បែបនេះ​ធ្វើឡើង ដោយសារ​ក្រុមប្រឹក្សា​កិច្ចការបរទេស​អឺរ៉ុប​កត់សម្គាល់ឃើញ​ពីស​ញ្ញា​វិជ្ជមាន​ដែល​របប​សឹក​ថៃ​ធ្វើឡើង​កន្លងមក​ដូចជា​ការប្រកាស​ពី​កាលបរិច្ឆេទ​បោះឆ្នោត​សកល​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨​ខាងមុខ​។ ស្ថាប័ន​អឺរ៉ុប​នេះ​ស្វាគមន៍​ការប្រកាស​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​នេះដែរ​។​

​យ៉ាងណាមិញ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ទទូច​ឲ្យ​របប​សឹក​ថៃ​ធានា​ដំណើរការ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ផង​។ ក្រុមប្រឹក្សា​នេះ​បានបញ្ជាក់​ក្នុង​ដំណោះស្រាយ​ខ្លួន​ដូច្នេះ​៖«​យើង​បន្ត​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ ប្រញាប់​ស្តារឡើងវិញ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​ជា​ប្រញាប់​នៅក្នុង​ប្រទេស​តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ដែល​ត្រឹមត្រូវ និង​ពេញលេញ​មួយ រួមទាំង​គោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ផងដែរ​»​។​

«​ក្រុមប្រឹក្សា​កិច្ចការបរទេស​អឺរ៉ុប​ក៏​រំពឹង​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​ថៃ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្រោយ​មានការ​បោះឆ្នោត​ដែល​ត្រឹមត្រូវ យុត្តិធម៌ និង​ពេញលេញ ក៏ដូចជា​ម​ការវិវត្ត​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ​ផងដែរ​»​។​

ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃ ២២ ឧសភា​ឆ្នាំ​២០១៤ ថៃ​បន្ត​ស្ថិតក្រោម​របប​សឹក ហើយ​សេរីភាព និង​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​។ របប​សឹក​បាន​បន្ត​ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស និង​បន្ត​ចាប់ចង ឃុំឃាំង​រាល់​អ្នក​ដែល​ប្រឆាំង​ឬ​រិះគន់​រដ្ឋាភិបាល​ផងដែរ​។ 

​ដោយឡែក ដំណោះស្រាយ​ដដែល​នោះបាន​បន្ថែម​ផងដែរ​ថា វា​ក៏​នឹង​អាចមាន​ការចាប់ផ្តើម​ពិភាក្សា​ឡើងវិញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ​និង​សហភាព​អឺរ៉ុប​ផងដែរ ក្រោយ​ការចាប់ផ្តើម​ផ្សា​ទំនាក់​ទំនាក់​នយោបាយ​នេះដែរ​។ កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និង​សហភាព​អឺរ៉ុប ត្រូវបាន​ព្យួរ​បណ្តោះអាសន្ន ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៤

​ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋាភិបាល​ថៃ​បាន​ស្វាគមន៍​ដំណោះស្រាយ​របស់​សហភាព​អឺរ៉ុប និង​រំពឹង​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​នៅពេល​ខាងមុខ​ផងដែរ​។ បើតាម​សារព័ត៌មាន​ថៃ Bangkok Post ប្រធានសភា​ពាណិជ្ជកម្ម​ថៃ​លោក Kalin Sarasin បាន​លើកឡើងថា វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​សេដ្ឋកិច្ច​ថៃ​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចាប់ផ្តើម​ជជែក​រឿង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ឡើងវិញ​នោះ​។​

​លោក​ក៏​បង្ហាញ​ការយល់ឃើញថា ការសម្រេច​របស់​អឺរ៉ុប​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រទេស​មហាអំណាច​ចាប់ផ្តើម​ទទួលស្គាល់​ប្រទេស​ថៃ ចាប់ពី​ពេលដែល​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ សម្រេច​អញ្ជើញលោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ថៃ​កន្លងមក​៕


Tag:
 ថៃ​
  សហភាព​អឺរ៉ុប​
  Kalin Sarasin
© រក្សាសិទ្ធិដោយ thmeythmey.com