ជាតិ
មន្ត្រី​ព្រះសង្ឃ​ទូទាំងប្រទេស កំពុង​ប្រជុំ​ប្រចាំឆ្នាំ ជុំវិញ​បញ្ហា​ព្រះពុទ្ធសាសនា​
13, Dec 2017 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​កម្ពុជា កំពុង​ចូលរួម​ប្រជុំ​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៦ ដែល​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​។ អនុ​សំ​វច្ចរ​មហាសន្និបាត គឺ​សំដៅ​ដល់​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀលរាល់​ឆ្នាំ​។



​មន្ត្រី​សង្ឃ ជាង​១​ពាន់​អង្គ និមន្ត​មក​ទាំងពីរ​គណៈ គឺ​គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ បានចូលរួម​ក្នុង​អនុ​វ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៦​នេះ ដើម្បី​ពិភាក្សា​ពី​ព្រះពុទ្ធសាសនា​។  មន្ត្រី​សង្ឃ ដែល​ត្រូវ​ចូលរួម​ក្នុង​អង្គប្រជុំ​នេះ គឺ​រាប់​ចាប់ពី​ព្រះ​អនុគណ​ស្រុក​ឡើងទៅ រួមទាំង​មន្ត្រី​សង្ឃ​ផ្សេងៗ​ទៀត​។

​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នេះ ​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​ចំនួន​៣ ដែល​រួមមាន ប្រព័ន្ធ​អប់រំ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ហៅថា​ពុទ្ធិកសិក្សា ការគោរព​ប្រតិបត្តិ​របស់​ព្រះសង្ឃ ក្នុង​ធម៌​វិន័យ និង​ការចូលរួម​របស់​ព្រះសង្ឃ​ក្នុងការ​អភិវឌ្ឍ​សង្គម​។​



​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​អនុ​សំ​វច្ចរ​មហាសន្និបាត ព្រះសង្ឃ​តែង​ចេញ​នូវ​សេចក្តីសម្រេច​រួមមួយ ដែល​ហៅថា «​សង្ឃប្រកាស​»​។ សង្ឃប្រកាស គឺជា​ការកំណត់​គោលការណ៍ និង​ទិសដៅ ដើម្បី​ឲ្យ​ព្រះសង្ឃ ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ព្រះពុទ្ធសាសនា​។ សង្ឃប្រកាស​នេះ ក៏​អាច​កំណត់​ពី អ្វីដែល​ព្រះសង្ឃ​គួរ​ប្រព្រឹត្ត និង​អ្វីដែល​មិនគួរ​ប្រព្រឹត្ត​ដែរ ដើម្បី​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា កាន់តែ​មានតម្លៃ និង​រីកចម្រើន​៕












© រក្សាសិទ្ធិដោយ thmeythmey.com