អន្តរជាតិ
អនុតំបន់​មេគង្គ​មាន​យន្តការ​សហប្រតិបត្តិកា​រ​ច្រើន តែ​អ្នកជំនាញ​ចិន​ថា យន្តការ​ចិន​ប្រសើរ​ជាងគេ​
13, Dec 2017 , 11:27 am        
រូបភាព
​ប៉េកាំង​៖ ប្រទេស​នៅតាម​បណ្ដោយ​ទន្លេ​មេគ​ង្ក​មាន កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ក្លាយ​ជាទី​ចាប់អារម្មណ៍ នៃ​មហាអំណាច​ផ្សេងៗ​។ យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​ប្រទេស​ទាំង​៥ បាន​បង្កើតជា​បន្តបន្ទាប់​ដូចជា មេគង្គ​-​ជប៉ុន មេគង្គ​-​គង្គា មហា​អនុតំបន់​ទន្លេមេគង្គ ឬ​មេគង្គ​-​ឡាន​ឆាង​ជាដើម​។ ប៉ុន្តែ​សាស្ត្រាចារ្យ​ចិន​មួយរូប យល់ថា​យន្តការ​របស់​ចិន​មាន​លក្ខណៈ​ល្អប្រសើរ​ជាង បើ​ប្រៀបធៀប​ទៅនឹង​យន្តការ​ផ្សេងទៀត​។



​មហាអំណាច​ធំៗ​ដូចជា អាមេរិក ជប៉ុន ឥណ្ឌា និង​ចិន​ជាដើម បាននាំគ្នា​ផ្ដោត​ចំណាប់អារម្មណ៍ លើ​ប្រទេស​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេមេគង្គ​។ ជាមួយ​ចិន គេ​ឃើញ​មាន​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឯ​ជាមួយ​ជប៉ុន មាន​ជំនួប​កំពូល​មេគង្គ​-​ជប៉ុន និង​ជាមួយ​ឥណ្ឌា មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​។ ជាមួយគ្នានេះ កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ក៏មាន​យន្ត​ការរួម​ដោយឡែក គឺ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) មាន​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) នៅ​ពីក្រោយ​។​

​យ៉ាងណាមិញ ជាមួយនឹង​យន្តការ​ទ្វេភាគី​ច្រើន​ក្នុង​អនុតំបន់​មួយ​នេះ លោក Su Hao សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​កិច្ចការបរទេស​ចិន យល់ថា យន្តការ​រវាង​ចិន និង​ប្រទេស​ទាំង​៥ គឺមាន​លក្ខណៈ​ល្អ​ជាង​គំនិត​ផ្ដួចផ្ដើម​ប្រទេស​ដទៃ​ដូចជា​ជប៉ុន ឬ ADB  ជាដើម​។ លោក Su Hao និយាយ​បែបនេះ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ មកពី​ប្រទេស​ទាំង​៥ នៃ​អនុតំបន់​ទន្លេមេគង្គ នៅ​ជំនួប​ថ្ងៃទី​១១ ខែធ្នូ ។​

​បើតាម​សាស្ត្រាចារ្យ​រូបនេះ យន្តការ GMS ដែល​ជ្រោមជ្រែង​ដោយ ADB ក្នុង​ឆ្នាំ​១៩៩២ ឬ​យន្តការ​របស់​ជប៉ុន គឺមាន​របៀបវារៈ​នយោបាយ​ខាងក្រោយ​ខ្នង ហើយ​ជា​ប្រទេស​ខាងក្រៅ​តំបន់​ទៅទៀត​។ លោក Su Hao លើកឡើងថា គំនិត​ផ្ដួចផ្ដើម​របស់​ជប៉ុន​ក្ដី ឬ ADB ក្ដី ដើរតួនាទី​ជា​វិជ្ជមាន ក្នុង​កិច្ចសហប្រតិបត្តិការ​អនុតំបន់ ប៉ុន្តែ​លោក​សង្កេតឃើញថា យន្តការ​ទាំងនេះ​មាន​អាទិភាព​រៀងៗ​ខ្លួន ហើយ​ពេលខ្លះ មាន​ការយក​នយោបាយ​ទៅ​ពាក់ព័ន្ធ​ទៅទៀត​។​

​សម្រាប់​យន្តការ​របស់​ចិន​វិញ លោក Su Hao ដែលជា​នាយក​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​សន្តិភាព​អះអាងថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ជា​យន្តការ​ថ្មី តែ​ជាការ​ផ្ដួចផ្ដើម​ដោយ​ប្រទេស​ក្នុង​តំបន់​គឺ​ចិន ដែលជា​ខុសពី​យន្តការ​ប្រទេស​ផ្សេង​មកពី​ក្រៅ​តំបន់​។ លោក​បញ្ជាក់ថា ចិន​ដឹង​ពី​តម្រូវការ​ក្នុង​តំបន់ ហើយ​យន្តការ​របស់​ចិន គឺជា​ការធ្វើការ​រួមគ្នា​រវាង​ប្រទេស​ក្នុង​តំបន់​។ ក្នុងន័យនេះ សាស្ត្រាចារ្យ Su ពន្យល់ថា យន្តការ​ថ្មី នឹងមាន​តួនាទី​ប្រសើរ​ជាង និង​ងាយស្រួល​ដោះស្រាយ​បញ្ហា​។​

​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ច​សហ​ប្រតិការ​ប​ត្តិ​ការ​មេគង្គ​-​ឡាន​ឆាង នឹង​ជួបប្រជុំគ្នា​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែធ្នូ ក្នុង​ទីក្រុង​តា​លី ខេត្ត​យូ​ណាន​។ បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​ចិន រដ្ឋមន្ត្រីការបរទេស​ចិន កម្ពុជា ថៃ ឡាវ វៀតណាម និង​អនុរដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា នឹងចូលរួម​កិច្ចពិភាក្សា​លើក​ទី​៣ ឆ្នាំ​២០១៧ នេះ​។ ប្រមុខ​ការទូត​ចិន វ៉ាង យី និង​សម​ភាគី​កម្ពុជា ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ជំនួប​លើក​នេះ​៕    


Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com