កីឡាអន្តរជាតិ
អន្តរជាតិ
Scolari ទំនងជា​ឡើង​ដឹកនាំ​អូស្ត្រាលី ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី
13, Dec 2017 , 7:39 pm        
រូបភាព
​លោក Luiz Felipe Scolari ជា​អ្នកចាត់ការ​នាំមុខគេ​ក្នុង​បញ្ជី​ឈ្មោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី (FFA) ដើម្បី​ឡើង​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​



​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី​ពិតជា​បាន​ទាក់ទង​លោក​ឲ្យ​ដឹកនាំ​ក្រុម​ប្រជែង​ពាន​លំដាប់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្មាំ​ក្រោយ​។​

​ភ្នាក់ងារ​របស់ Scolari ក៏បាន​បង្ហើប​ដែរ​ថា ក្រុម​រហស្សនាម Socceroos ចង់បាន​អតីត​អ្នកចាត់ការ​ក្រុម Chelsea វ័យ ៦៩​ឆ្នាំនេះ​ទៅ​ជំនួស​តំណែង​លោក Ange Postecoglou ដែល​លាលែង​ពី​តំណែង កាលពី​ខែវិច្ឆិកា​កន្លងទៅ​។
អត្ថបទទាក់ទង

​ការចង់បាន​ពី​សំណាក់ FFA នេះ ស្របពេល​លោក Scolari នៅ​ទំនេរ​ពី​ការងារ​ក្រោយ​បញ្ចប់​កិច្ច​ស​ន្យ​រយៈពេល​២​ឆ្នាំកន្លះ​ក្នុងនាម​ជា​អ្នកចាត់ការ​ក្រុម Guangzhou Evergrande ក្នុង​លី​ក​កំពូល​ចិន​ផងដែរ​។​



«​ខ្ញុំ​ជា​បេក្ខភាព​ម្នាក់​ដែល​បាន​ពិភាក្សា​ជាមួយ​ភាគី​អូស្ត្រាលី ហើយ​ពួកគេ​សួរ​ខ្ញុំ​ថា ខ្ញុំ​ចាប់អារម្មណ៍​ដឹកនាំ​ក្រុម​នេះ​ទៅ World Cup ឬទេ​»​។ Scolari និយាយ​ដូច្នេះ​។​
​ជុំវិញ​សំនួរ​ខាងលើ អ្នកចាត់ការ​ដែល​ធ្លាប់​នាំ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​ឆ្នាំ​២០០២ បាន​ឆ្លើយថា លោក​រីករាយ​នឹង​ពិភាក្សា​អំពី​តួនាទី​នេះ ប៉ុន្តែ​លោក​ចង់​ដឹកនាំ​ក្នុង​រយៈពេល​វែង មិនមែន​ត្រឹមតែ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្មាំ​២០១៨ នេះ​នោះទេ​។​

​អូស្ត្រាលី បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​បន្ទាប់ពី​ផ្តួល​ក្រុម​ហុង​ដូ​រ៉ា​ស​ក្នុងការ​ប្រកួត​វគ្គ Play-off ហើយ​បាន​ចាប់ឆ្នោត​ស្ថិតក្នុង​ពូ​ល C ត្រូវ​ប្រជែង​ជាមួយ បារាំង ប៉េ​រូ និង​ដា​ណឺ​ម៉ាក​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com