កីឡាអន្តរជាតិ
អន្តរជាតិ
Club World Cup៖ Ronaldo និង Bale វាយបក​ឲ្យ Real ឈ្នះ Al Jazira ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​
14, Dec 2017 , 10:33 am        
រូបភាព
Real Madrid បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup ក្រោយ​យកឈ្នះ​ក្រុម​មកពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Al Jazira ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៧​។​



​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ ១-១ ក្នុង​តង់​ទី​២ នាទី​៥៣ ក្រោយពេល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Romarinho ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ឲ្យ Al Jazira នាំមុខ Real Madrid នៅ​តង់​ទី​១ នាទី​៤១​។​



​ក្រុម​ជើងឯក​ពី​ទ្វីបអឺរ៉ុប​បាន​បន្ត​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ជើងឯក​ពី​តំបន់​អាស៊ី រហូត​ធ្វើបាន​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី ៨១ ដោយ​ខ្សែបម្រើ Gareth Bale​។ ចប់​ការប្រកួត Real Madrid យកឈ្នះ Al Jazira ២-១​។​

​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​កាលពី​ឆ្នាំមុន Real Madrid ឡើងទៅ​ជួប Gremio ក្រុម​មកពី​ប្រេ​ស៊ី​ល​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ខែធ្នូ ខាងមុខនេះ​។



​ក្រុម​រហស្សនាម​អធិរាជ​ស​ធ្លាប់​ឈ្នះ​ពាន FIFA Club World Cup ពីរដង​មកហើយ គឺ​នៅក្នុង​ឆ្នាំ ២០១៤ និង​២០១៦ ហើយ​ប្រសិនបើ​ឈ្នះ​លើក​នេះ​ម្តងទៀត បានន័យថា​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង Zinedine Zidane មួយ​នេះ​នឹង​តាម​ស្មើ​កំណត់ត្រា Barcelona ដែល​ឈ្នះ​៣​ដង​រួចមកហើយ​៕








Tag:
 បាល់ទាត់​
  FIFA Club World Cup
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com