កីឡាអន្តរជាតិ
អន្តរជាតិ
Man City បំបែក​កំណត់ត្រា Arsenal ក្រោយ​ឈ្នះ ១៥​ប្រកួត​ជាប់​គ្នា​នៅ EPL
14, Dec 2017 , 8:39 pm        
រូបភាព
Manchester City នៅតែ​អាច​រក្សា​ភាពខ្លាំង​របស់ខ្លួន​ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុងចំណោម​១៧​ប្រកួត​នៅ Premier League ក្រោយ​យកឈ្នះ Swansea City ៤-០ នៅ​រាត្រី​ថ្ងៃទី ១៣ ខែធ្នូ​។ ជ័យជម្នះ​១៥​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ អាច​បំបែក​កំណត់ត្រា​ចាស់​របស់ Arsenal ដែល​ធ្លាប់​ឈ្នះ​១៤​ប្រកួត​ជាប់​គ្នា​ក្នុង​លី​ក​លំដាប់​កំពូល​អង់គ្លេស​។​



​ក្រុម​រហស្សនាម​មេឃ​ខៀវ​នៅតែ​បន្ត​គំលាត​១១​ពិន្ទុ​លើ​ក្រុម​លេខ​២ Manchester United ដរ​ដែល បន្ទាប់ពី​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ​កំពូល​ក្នុងស្រុក ១៧ ប្រកួត ឈ្នះ ១៦ និង​ស្មើ​១ ឈរ​នៅ​កំពូល​តារាង មាន​៤៩​ពិន្ទុ​។​



​ក្រោយ​ឈ្នះ Swansea ៤-០ ក្នុង​ទឹកដី Liberty ដែល​ធ្វើបាន​ដោយ David Silva ២​គ្រាប់ Kevin de Bruyne មួយ​គ្រាប់ និង Sergio Aguero មួយ​គ្រាប់ បាន​ជួយ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Pep Guardiola បង្កើត​កំណត់ត្រា​ថ្មី​នៅ Premier League ជាមួយនឹង​ជ័យជម្នះ ១៥​ប្រកួត​ជាប់​គ្នា និង​បំបែក​កំណត់ត្រា​ចាស់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ធ្វើបាន ១៤​ប្រកួត​ជាប់​គ្នា​កាលពី​១៥​ឆ្នាំមុន ពោលគឺ​ក្នុង​រដូវ​កាល ២០០២-២០០៣​។​

Manchester City ធ្លាប់​ស្មើ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក​លំដាប់​កំពូល​អង់គ្លេស នា​ជំនួប​ក្នុង​សប្តាហ៍​ទី​២ ជាមួយ Everton ក្រៅពីនោះ​គឺ​ឈ្នះ​ទាំងអស់​។​
​តើ​ម្ចាស់​ជើងឯក Premier League ឆ្នាំ ២០១២ និង ២០១៤ អាច​រក្សា​ភាពមិន​ដែល​ចាញ់​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​បានដែរ​ឬទេ​? ហើយ​ថា​តើ​ក្រុម​មួយ​ដែល​អាច​បញ្ឈប់​គេ​បាន​?៕



​ខាងក្រោម​នេះ ជា​ប្រវត្តិ​កំណត់ត្រា​ឈ្នះ​ការប្រកួត​ជាប់​គ្នា​ក្នុង​ក្របខណ្ឌ Premier League កន្លងមក​៖
-Arsenal ឈ្នះ​១៤​ប្រកួត​ជាប់​គ្នា ចាប់ពី​ខែកុម្ភៈ ដល់​សីហា ឆ្នាំ​២០០២
-Chelsea ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា ចាប់ពី​ខែតុលា ដល់​ធ្នូ ឆ្នាំ ២០១៦
-Manchester United ឈ្នះ​១២​ប្រកួត​ជាប់​គ្នា ចាប់ពី​ខែមីនា ដល់​សីហា ឆ្នាំ​២០០០
- Chelsea ឈ្នះ​១១​ប្រកួត​ជាប់​គ្នា ចាប់ពី​ខែមេសា ដល់ក​ញ្ញា ឆ្នាំ ២០០៩


Tag:
 បាល់ទាត់​
  Manchester City
  បំបែក​កំណត់ត្រា​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com