អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ឡាន​ឆាង​-​មេគង្គ ចាប់ផ្ដើម​នៅ​យូ​ណាន​
15, Dec 2017 , 7:38 am        
រូបភាព
​ខេត្ត​យូ​ណាន​៖ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ លើក​ទី​៣ ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៥ ខែធ្នូ នៅឯ​ទីក្រុង​តា​លី ខេត្ត​យូ​ណាន ប្រទេស​ចិន​។ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​៦ តាម​បណ្ដោយ​ទន្លេមេគង្គ គឺ​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម នឹង​ពិភាក្សា​លើ​ការ​របាយការណ៍​លទ្ធផល​កន្លងមក និង​ជជែក​លើ​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​រយៈពេល ៥​ឆ្នាំ​បន្ទាប់​ទៀត​។   

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និង​សម​ភាគី​កម្ពុជា ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ លើក​ទី​បី​។ កិច្ចប្រជុំ​នេះ  នឹង​ផ្តល់នូវ​កាលានុវត្តភាព​ល្អ ក្នុងការ​លើកកម្ពស់ និង​ពង្រីក​បន្ថែមទៀត​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ដែលមាន​ស្រាប់​នៅក្នុង​ក្របខណ្ឌ​ឡាន​ឆាង​-​មេគង្គ និង​ការពិភាក្សា​ពី​ការត្រៀម​រៀបចំ កិច្ចប្រជុំ​កំពូល​ឡាន​ឆាង​-​មេគង្គ​លើក​ទី​ពីរ ដែល​ធ្វើ​នៅ​កម្ពុជា នា​ដើមឆ្នាំ​២០១៨​។​
 
​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ (LMC) ជា​យន្តការ​អនុតំបន់​ថ្មី​មួយ ដែល​កើតជា​រូបរាង ក្នុង ឆ្នាំ ២០១៥ ។ ជា​យន្តការ​ថ្មី​ជាងគេ គំនិត​ផ្ដួចផ្ដើម​របស់​ចិន​មួយ​នេះ ត្រូវគេ​សង្ស័យថា ជាការ​ប្រកួតប្រជែង​ជាមួយ​យន្តការ​សហប្រតិបត្តិកា​រ​មួយចំនួន​ដែល​ផ្ដើមគំនិត​ដោយ​ជប៉ុន និង​ឥណ្ឌា​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ចិន​អះអាងថា យន្តការ​របស់​ចិន មិនមាន​គោលដៅ​ជំនួស​នរណា​ឡើយ តែ​ជាការ​បំពេញបន្ថែម​ប៉ុណ្ណោះ​។ 
 
​ក្នុង​ជា​ម្ចាស់ផ្ទះ និង​ជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​បី ចិន​រំពឹងថា យន្តការ LMC នឹង​កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ថែមទៀត​។ លោក Huang Xilian អគ្គនាយករង​នាយកដ្ឋាន​កិច្ចការ​អាស៊ី​នៃ​ក្រសួងការបរទេស​ចិន បាន​និយាយថា LMC បាន​ដើរ​សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​ផ្សេងទៀត ព្រោះ សមាជិក LMC មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង និង​កំពុង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ងើបឡើង​ថ្មី​ផងដែរ​។​
 
​មន្ត្រី​ចិន​ដដែល​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ថា ជំនួប​នេះ​លើក​ធ្វើឡើង​ក្នុងដំណាក់កាល​សំខាន់បំផុត​នៃ LMC ហើយនឹង​មានការ​វាយតម្លៃ​លើ​ការឈាន​ទៅមុខ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ផង ខណៈ​នៅ​ឆ្នាំក្រោយ កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស LMC នឹង​រៀបចំ​នៅ​កម្ពុជា​។ សម្រាប់​កិច្ចប្រជុំ​ឆ្នាំ​២០១៧ ភាគី​ចិន​សង្ឃឹមថា យន្តការ​អនុតំបន់​មេគង្គ​មួយ​នេះ នឹង​កាន់​រឹងមាំ​ឡើង​ទៀត​។ 
 
​ដោយ​ពឹង​ផ្អែកលើ​បទពិសោធ​ពីរ​ឆ្នាំក្រោយ​ការកកើត​ក្នុង​ឆ្នាំ​២០១៥ ក្រុង​ប៉េកាំង​មានជំនឿថា នៅ​ថ្ងៃ​អនាគត LMC នឹងមាន​តួនាទី​កាន់តែ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​បី​នេះ នឹង​វែកផ្លូវ​ដល់​កិច្ចសហប្រតិបត្តិការ​នៅពេល​ខាងមុខ ដោយ​មិន​ត្រឹម​សម្រេច​គោលដៅ​សម្រាប់​ប្រទេស​ទាំង​៥​ឡើយ តែ​ក៏​អាច​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ផង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Huang Xilian ៕      

Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com