ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​កងទ័ព ចូល​បំភ្លឺ​នៅ​តុលាការ​លើ​ករណី​ប្តឹង​លោក សម រង្ស៊ី​
18, Dec 2017 , 9:48 am        
រូបភាព
លោក សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន​ទៅ​ក្រៅ​ប្រទេស
លោក សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន​ទៅ​ក្រៅ​ប្រទេស
​ភ្នំពេញ​៖ យោងតាម​ដីកា​កោះហៅ លោក វង្ស ភក្តី មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ត្រូវ​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដែល​បានដាក់​បណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទថា បាន​ញុះញង់​កងទ័ព​កម្ពុជា មិន​ឲ្យ​ស្តាប់​បទបញ្ជា​។



​ព្រះរាជអាជ្ញា ក៏បាន​ចេញ​ដីកា​មួយទៀត​ដែរ ដោយ​សំដៅ​ទៅកាន់​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស ដើម្បី​ឲ្យ​ចូលមក​បំភ្លឺ​ពី​បណ្តឹង​ខាងលើ​។ ដីកា​របស់​ព្រះរាជអាជ្ញា កំណត់​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចូល​បំភ្លឺ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខ​។

​អគ្គបញ្ជាការដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ បាន​ពឹងពាក់​លោក​មេធាវី វង្ស ភក្តី ឲ្យ​យក​បណ្តឹង​ទៅ​ដា​ក់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​សុំ​ប្តឹង​លោក សម រង្ស៊ី ពីបទ «​ញុះញង់​កុំ​ឲ្យ​កងទ័ព​ស្តាប់បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​»​។

លោក សម រង្ស៊ី ដែល​ហ៊‌ុ​ម​ព័ទ្ធ​ទៅដោយ​បណ្តឹង​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​មានឈ្មោះ​ជា​ទណ្ឌិត​ស្រាប់​ទៅហើយនោះ ហាក់​មិន​ព្រួយបារម្ភ​អ្វី​ឡើយ​។ លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ពី​បរទេស​មក​ថា លោក ស្វាគមន៍ និង​ជំរុញ​ឲ្យ​មាន​ការដាក់​បណ្តឹង​ប្រឆាំងនឹង​រូបលោក នៅក្នុង​រឿងនេះ ថែមទៀត​៕

អត្ថបទទាក់ទង


Tag:
 សម រង្ស៊ី​
  កងទ័ព​
  មេធាវី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com