កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ​ជម្រើសជាតិ​អូស្ត្រាលី លោក Postecoglou ទៅ​ដឹកនាំ​ក្លិប Yokohama នៅ J-League
20, Dec 2017 , 11:35 am        
រូបភាព
​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី លោក Ange Postecoglou នឹង​ឡើង​ដឹកនាំ​ក្រុម Yokohama F-Marinos នៃ​លី​ក​បាល់ទាត់​កំពូល​ជប៉ុន J-League នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ AFC​។​



​អ្នកចាត់ការ​សញ្ជាតិ​ក្រិ​ក​-​អូស្ត្រាលី វ័យ​៥២​ឆ្នាំ​ដែល​លាលែង​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​កាលពី​ខែ​វិច្ចិកា កន្លងទៅ ក្រោយ​ជួយ​ក្រុម​កង់​គូ​រូ បាន​កៅអី​ទៅ World Cup 2018 នៅ​រុស្ស៊ី ត្រូវបាន​ក្លិប Yokohama F-Marinos ប្រកាស​ឲ្យ​ឡើង​ដឹកនាំ​ក្រុម​ជំនួស​អ្នកចាត់ការ​សញ្ជាតិ​បារាំង Erick Mombaerts ដែល​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​នៅ​អឺរ៉ុប​វិញ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​
អត្ថបទទាក់ទង

«​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ផ្លាស់​មកកាន់​ប្រទេស​ជប៉ុន និង​ត្រលប់​ទៅ​ដឹកនាំ​ក្រុមបាល់ទាត់​ក្នុង​លី​ក​វិញ ហើយ​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កីឡាករ​វ័យក្មេង​នៅទីនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Postecoglou​។​

​ក្លិប Yokohama F-Marinos ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន City Football Group (CFG) ដែលមាន​ម្ចាស់​រួមជាមួយ​ក្លិប Manchester City នៃ​ក្របខណ្ឌ Premier League  ហើយក៏​ជា​ម្ចាស់​ក្លិប New York City នៃ​លី​ក​កំពូល​អាមេរិក (MLS) ក្លិប Melbourne City នៅ​អូស្ត្រាលី និង​ក្លិប Atletico Torque របស់​អ៊ុយ​រូ​ហ្គា​យ​។​

 Yokohama F-Marinos បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ក្របខណ្ឌ J-League កាលពី​រដូវ​កាល​មុន ដោយ​តាម​ពីក្រោយ​១៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ជើងឯក Kawasaki៕


Tag:
 បាល់ទាត់​
  Ange Postecoglou
  Yokohama F-Marinos
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com