អន្តរជាតិ
មហា​យក្ស​ចិន​ត្រៀមខ្លួន​ចែករំលែក​បទពិសោធន៍​គ្រប់គ្រង​ធនធានទឹក​ដល់​ប្រទេស​តំបន់​មេគង្គ​
20, Dec 2017 , 7:19 pm        
រូបភាព
លោក Yu Xingjun មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកចិន
លោក Yu Xingjun មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកចិន
​ធនធានទឹក គឺជា​ចំណុច​មួយ​ក្នុងចំណោម​ចំណុច​អាទិភាព​ទាំង​៥ នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ (LMC) ដែលមាន​សមាជិក​ចំនួន​៦​ប្រទេស​។ ការគ្រប់គ្រង​ធនធានទឹក និង​ការ​បញ្ហា​គ្រោះថ្នាក់​ធម្មជាតិ​នានា គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ​។ ចិន ដែល​ស្ថិតនៅ​ខាង លើ​នៃ​ផ្ទៃ​ទន្លេមេគង្គ បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​ប្រទេស​ទាំង​៥ ផ្សេងទៀត​លើ​ការដោះស្រាយ​បញ្ហា​ធនធានទឹក​នេះ​។​



​ទន្លេមេគង្គ គឺជា​រតនសម្បត្តិ​រួម​នៃ​ប្រទេស​ទាំង​៦ ដែលមាន​ទីតាំង​តាម​ទន្លេ​នេះ​មាន​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ នេះ​ជា​សម្ដី​របស់លោក Yu Xingjun អគ្គនាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ក្រសួង​ធនធានទឹក​ចិន​។ បើតាម​លោក Yu ចិន​មានបំណង​ចែករំលែក​បទពិសោធ​គ្រប់គ្រង​ទឹក​របស់ខ្លួន​ទៅកាន់​ប្រទេស​៥​ផ្សេងទៀត ដើម្បី​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មកពី​ប្រទេស​សមាជិក​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ លោក Yu Xingjun និយាយថា ធនធានទឹក គឺជា​ចំណុច​អាទិភាព​ដ៏​សំខាន់​មួយ​ដែល​បានដាក់​ចូលក្នុង​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា ឆ្នាំ​២០១៦ ក្រោយ​ជំនួប​មេដឹកនាំ​ប្រទេស LMC លើកទីមួយ​។ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធានទឹក​ក្នុងចំណោម​ប្រទេស​ទាំង​៦ ត្រូវបាន​បង្កើតជា​បន្ត​បន្ទាប់​ដូចជា ក្រុមការងារ​រួម​នៃ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក និង​មជ្ឈមណ្ឌល​ធនធានទឹក​ឡាន​ឆាង​-​មេគង្គ​ជាដើម​។​

​មជ្ឈមណ្ឌល​ធនធានទឹក​ខាងលើនេះ បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ ដោយ​ដើរតួនាទី​អង្គភាព​គាំទ្រ​ក្រុមការងារ​រួម និង​ជា​ស្ពាន​ភ្ជាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹក​ក្នុងចំណោម​ប្រទេស​ទាំង​៦ ។ ចាប់ពី​កិច្ចសហប្រតិបត្តិការ LMC កកើត​មក សមាជិក​ទាំងអស់​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​ចិន​ហាក់​លេចមុខ​មាត់​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំងអស់​។ ចិន​បាន​អញ្ជើញ​អ្នកជំនាញ​មកពី​ប្រទេស​៥​ផ្សេងទៀត ឲ្យ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ស្វែងរក​ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ​នេះ​។

​លើសពីនោះ ចិន​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះរាំងស្ងួត​នៅតាម​ប្រទេស​មេគង្គ​ក្រោម ដោយបាន​បើកទ្វារ​ទឹក​របស់ខ្លួន ដើម្បី​បញ្ជូន​ទឹក​ទៅកាន់​តំបន់​រងគ្រោះ​។ ការផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ជុំវិញ​គ្រោះធម្មជាតិ និង​ការចែករំលែក​ប​ច្ចក​វិទ្យា ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​ដែរ​។ សម្រាប់​ផែនការ​ទៅមុខ លោក Yu ដែលជា​ប្រធាន​ក្រុមការងារ​រួម​ភាគី​ចិន​លើ​វិស័យ​ធនធានទឹក​បញ្ជាក់ថា ចិន​នឹង​ចែក​បទពិសោធ​របស់ខ្លួន​ថែមទៀត និង​ជួយ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ទឹក​ដែល​កើតឡើង​ក្នុង​តំបន់​។

​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដែល​ចិន​ហៅថា​ឡាន​ឆាង រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ជាច្រើន​ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត ការខ្វះខាត​ទឹក ការបំពុល​ទឹក និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​ជាដើម​។ ក្នុងន័យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ LMC ចិន​នឹង​រួម​ដៃ​ជាមួយ​សមាជិក​៥​ទៀត ក៏ដូចជា​យន្តការ​មាន​ស្រាប់​ដូចជា​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​ផលប្រយោជន៍​ប្រជាជន​ទាំងអស់​៕


Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com