កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Mourinho ថា Bristol ឈ្នះ Man Utd ដោយសារ​សំណាង​
21, Dec 2017 , 11:25 am        
រូបភាព
លោក Jose Mourinho (ឆ្វេង)និងលោក Lee Johnson អ្នកចាត់ការក្រុម Bristol City ចាប់ដែគ្នាក្រោយចប់ការប្រកួត
លោក Jose Mourinho (ឆ្វេង)និងលោក Lee Johnson អ្នកចាត់ការក្រុម Bristol City ចាប់ដែគ្នាក្រោយចប់ការប្រកួត
​លោក Jose Mourinho ថា​ក្រុម Bristol City មានសំណាង​ណាស់​ដែល​បាន​ផ្តួល Manchester United ក្នុងការ​ប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ឬ Carabao Cup ប៉ុន្តែ​លទ្ធផល​នេះ​គឺ​ល្អ​សម្រាប់​បាល់ទាត់​។



«​ក្រុម​មួយ​មកពី​លី​ក​ក្រោម​អាច​យកឈ្នះ​យើង​បាន វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ​»​។ Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports ដូច្នេះ​។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ​បាន​បន្ថែមទៀតថា​៖«​ពួកគេ​មានឱកាស​តិចតួច ប៉ុន្តែ​ពួកគេ មានសំណាង​។ ពួកគេ​រង់ចាំ​ស្រង់​គ្រាប់​បាល់​ពី​យើង ហើយ​ពួកគេ​ពិតជា​មានសំណាង​មែន​។ យ៉ាងណា ពួកគេ​លេង​បាន​យ៉ាង​ល្អ​ណាស់ ព្រោះ​ពួកគេ​គិតថា​ការប្រកួត​នេះ​គឺ​ស្មើនឹង​ជីវិត​របស់​ពួកគេ​។ ដូច្នេះ​លទ្ធផល​នេះ​ពិតជា​ល្អ​សម្រាប់​បាល់ទាត់​»​។​



Korey Smith ជា​អ្នករក​គ្រាប់​បាល់​ជ័យ​ជ​ម្មះ​ឲ្យ​ក្រុម​មកពី​ក្របខណ្ឌ​លី​ក​ទី​២​អង់គ្លេស Bristol City ក្រោយ​ការ​វាយ​សម្រុក​ពី Manchester United យ៉ាងខ្លាំង​ខ្លា​ចាប់ពី​តង់​ទី​២​។ គ្រាប់​បាល់​ដំបូង​ធ្វើបាន​ដោយ Joe Bryan នៅ​នាទី​៥១ មុនពេល Zlatan Ibrahimovic តាម​ស្មើ ១-១ នៅ​នាទី​៥៨​។ ចប់​ការប្រកួត ក្រុម​រហស្សនាម The Robins ឈ្នះ​ក្រុម​បិសាច​ក្រហម ២-១ ឈានទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​។​

​ចំណែក​លទ្ធផល​មួយគូ​ទៀត Chelsea បាន​យកឈ្នះ AFC Bournemouth ២-១ ក្នុងការ​ប្រកួត វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​ពានរង្វាន់​លំដាប់​ទី​៣​នៅ​អង់គ្លេស ឬ Carabao Cup នៅ​រាត្រី​ថ្ងៃទី ២០ ខែធ្នូ នេះ​។​



​ក្រុម​ទាំង​៨​បាន​ប្រជែង​គ្នា​រួចរាល់​អស់ហើយ ដើម្បី​រក​៤​ក្រុម​សម្រាប់​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​ដែល​អាច​ឈានទៅ​វគ្គ​បន្ត​រួមមាន Manchester City, Arsenal, Chelsea និង Bristol City​។​

​ក្រោយ​ការចាប់​ឆ្នោត​វគ្គ​៤​ក្រុម​ចុងក្រោយ Arsenal ត្រូវ​ជួប Chelsea និង Manchester City និង​ត្រូវ​ប៉ះ Bristol City ហើយ​ទាំង​គូ​នេះ​នឹងធ្វើ​ការប្រកួត​ជើង​ទី​១ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ និង​ជើង​ទី​២ នៅ​ថ្ងៃទី​២២ ខែ ឆ្នាំ ដដែល​៕


Tag:
 បាល់ទាត់​
  Jose Mourinho
  EFL Cup
  Bristol City
© រក្សាសិទ្ធិដោយ thmeythmey.com