ជាតិ
ឆ្នាំនេះ មាន​អាកាសធាតុ​ត្រជាក់​ជាងគេ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​
21, Dec 2017 , 11:49 am        
រូបភាព
​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​កម្ពុជា មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ដល់ ១១ ឬ​១២​អង្សា ដែល​អាច​ឲ្យ​ក្រសួង​ជំនាញ អះអាង​បាន​ថា ជា​ឆ្នាំ​ដែល​ត្រជាក់​ជាងគេ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។   លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ​បន្ថែមទៀត អាកាសធាតុ​ត្រជាក់​នេះ នឹង​កើន​មាន​ម្តង ឬ​ពីរដង ទៀត មុន​ផុត​រដូវរំហើយ​។



​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​សីតុណ្ហភាព​នៅ​កម្ពុជា​ត្រជាក់​ជាងគេ នៅក្នុង​រយៈពេល​១០ ទៅ​១៥​ឆ្នាំ ចុងក្រោយ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ​។​

​តាម​អ្នកនាំពាក្យ​ដដែល ឆ្នាំ​កន្លងៗ​មក ភាព​ត្រជាក់​កើតឡើង​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពោលគឺ​ឆ្នាំ​ខ្លះ​២​ថ្ងៃ ឆ្នាំ​ខ្លះ ៣​ថ្ងៃ និង​យ៉ាងយូរ​មួយអាទិត្យ ហើយ​សីតុណ្ហភាព​ដែល​ត្រជាក់​បំផុត ក៏​ត្រឹម​១៦​អង្សា​ដែរ​។ លោក ចាន់ យុ​ត្ថា ពន្យល់​បន្ថែម​ដូច្នេះ​៖«​ឆ្នាំនេះ​ត្រជាក់​ខ្លាំង​ជាង ត្រជាក់​ងំ និង​មាន​រយៈពេល​យូរ​។ អាច​និយាយបានថា ជា​ឆ្នាំ​ដែល​ត្រជាក់​ជាងគេ ក្នុងពេល​១០ ទៅ​១៥​ឆ្នាំ​ចុង​ក្រោយនេះ ពីព្រោះ​យើង​ថា​នៅ​ខេត្តរតនគិរី​ត្រជាក់​ខ្លាំង​ដល់​១២​អង្សា ប៉ុន្តែ​ខណៈពេល​ណាមួយ​នោះ វា​ចុះ​ដល់​១១​អង្សា​។ យើង​កំណត់​យក​កម្រិត​សីតុណ្ហភាព​ដែល​វា​មាន​រយៈ​យូរ​ជាងគេ​»​។​



​បើទោះជា​ក្រសួង​ធនធានទឹក បាន​ព្យាករ​ថា ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ សីតុណ្ហភាព​នឹង​កើន​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​លោក យុ​ត្ថា បាន​អះអាង ភាព​ត្រជាក់​នេះ នឹង​គ្របដណ្តប់​ប្រទេស​កម្ពុជា ម្តង ឬ​ពីរដង​ទៀត មុននឹង​ផុត​រដូវរំហើយ​នៅ​ខែ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ទន្ទឹមនឹងនេះ លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដែល​តែង​ដុត​ភ្លើង​កម្តៅ​ខ្លួន​នៅ​ព្រឹក​ព្រលឹម ប្រុងប្រយ័ត្ន​ទាក់ទង​នឹង​ការប្រើប្រាស់​ភ្លើង​នេះ ពីព្រោះ​ខ្យល់​ស្ងួត​ដែល​កើតឡើង​ក្នុង​រដូវរំហើយ​នេះ ធ្វើ​ឲ្យ​វត្ថុ​ទាំងឡាយ​នៅ​ជុំវិញ ងាយ​នឹង​ឆាបឆេះ​។​

​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ ខេត្តរតនគិរី មាន​សីតុណ្ហភាព​ត្រជាក់​ដល់​១២​អង្សា ឯ​ខេត្តមណ្ឌលគិរី ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ មាន​សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​១៣​អង្សា​។ ខេត្ត​ប៉ៃលិន បាត់ដំបង កំពង់ធំ សៀមរាប តាកែវ កោះកុង ក្រចេះ ស្ទឹងត្រែង ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ មាន​សីតុណ្ហភាព​អប្ប​បរា​ក្នុង​រង្វង់​១៤-១៦​អង្សា ខណៈ​បណ្តា​ខេត្ត​ផ្សេងទៀត មាន​សីតុណ្ហភាព​ចន្លោះ​ពី​១៧-២០​អង្សា​។ តាម​ការ​ព្យាករ​ដដែល ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ សីតុណ្ហភាព​នឹង​កើន​ឡើងវិញ​ក្នុង​រង្វង់​១៩-២០​អង្សា​សម្រាប់​នៅ​តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ផ្សេងទៀត​នឹង​កើនឡើង​ក្នុង​រង្វង់​២៣-២៤​អង្សា​៕


Tag:
 អាកាសធាតុ​
 ​ ត្រជាក់​
  ​រងា​
© រក្សាសិទ្ធិដោយ thmeythmey.com