កីឡាអន្តរជាតិ
អន្តរជាតិ
Swansea ចង់បាន Louis van Gaal ក្រោយ​បញ្ចប់​តំណែង Paul Clement
21, Dec 2017 , 4:46 pm        
រូបភាព
Swansea City បាន​បញ្ឈប់​តំណែង​លោក Paul Clement ជា​អ្នកចាត់ការ​ទូទៅ​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២០ ខែធ្នូ​នេះ បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ ស្ថិតនៅ​បាត​តារាង​នៃ​ក្របខណ្ឌ Premier League​។ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​វែ​លស៍​នេះ កំពុង​សម្លឹងមើល​អ្នក​ដឹកនាំ​ថ្មី ដោយ​ដាក់​គោលដៅ​លើ​អតីត​អ្នកចាត់ការ Manchester United លោក Louis van Gaal​។



​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៤៥​ឆ្នាំ ចាប់ពី​ដើមរដូវ​មក Swansea ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​១៨​ប្រកួត​នៃ​លី​ក​កំពូល​អង់គ្លេស មាន​១២​ពិន្ទុ​ប្រឈម​នឹង​ការ​កាត់ចោល​ទៅ​លី​ក​ទី​២​រដូវ​កាល​ក្រោយ​។​

​លទ្ធផល​មិន​សមប្រកប​នេះ​បានធ្វើ​ឲ្យ​លោក​ប្រធាន​ក្លិប Huw Jenkins បង្ខំចិត្ត​ដក​អតីត​ជំនួយការ​លោក Carlo Ancelotti កាលពី​នៅ​ដឹកនាំ Chelsea, Real Madrid និង Bayern Munich និង​ផ្តល់ឱកាស​ឲ្យ​អ្នកថ្មី ដើម្បី​ស្តារ​ស្ថានការណ៍​ក្រុម​ឡើងវិញ​។ ក្រៅពីនោះ ជំនួយការ​របស់លោក Clement ពីររូប​រួមមាន​លោក Nigel Gibbs និង Karl Halabi ក៏បាន​ចាក​ចេញពី​ក្រុម​ដែរ​។

​ក្លិប​ដែល​ស្ថិតនៅ​ប្រទេស​វេ​លស៍​មួយ​នេះ ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ផ្តល់ព័ត៌មាន​បន្ថែម​ជុំវិញ​ការតែងតាំង​គ្រូ​ថ្មី ក្នុង​រយៈពេល​២៤​ម៉ោង​ទៀត​។​
​បើតាម​ការផ្សាយ​របស់ DailyStar ក្លិប Swansea កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​លោក Louis van Gaal ឲ្យ​ចូលកាន់​តំណែង​នេះ​ដើម្បី​ជួយ​ក្រុម​ឡើងទៅ​តំបន់​សុវត្ថិភាព​វិញ​។​
​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ វ័យ​៦៦​ឆ្នាំ​រូបនេះ ក៏​ធ្លាប់បាន​ប្រាប់​ពី​ការវិលត្រឡប់​ទៅកាន់ Premier League ដែរ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​អតីត​អ្នកចាត់ការ Barcelona និង Bayern Munich បាន​លើកឡើងថា​៖«​ខ្ញុំ​ធ្លាប់​និយាយថា​ខ្ញុំ​ប្រហែលជា​មិន​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ណា​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ករណី​លើកលែង​មួយ​។ ប្រសិនបើ​ក្លិប​អង់គ្លេស​ដ៏​ធំ​មួយ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ ខ្ញុំ​នឹងធ្វើ​វា​។ នេះ​ដោយសារ​កាលពីមុន​ខ្ញុំ​បាន​ឱកាស​ដឹកនាំ Manchester United ម្តង​រួចមកហើយ​»​។
​ក្រៅពី Van Gaal សមាសភាព​ពីររូប​ផ្សេងទៀត​ដូចជា Slaven Bilic និង Ronald Koeman ក៏​នឹង​អាច​ឡើងមក​ដឹកនាំ Swansea ផងដែរ​៕


Tag:
 បាល់ទាត់​
  Swansea City
  Paul Clement
© រក្សាសិទ្ធិដោយ thmeythmey.com