អន្តរជាតិ
ផ្លូវដែក​គុន​មីង​-​សិង្ហ​បុរី​៖ កំណាត់​ផ្លូវ​នៅ​ចិន​នឹង​រួចរាល់​នៅ​៨​ឆ្នាំ​ទៀត ឯកំ​ណាត់​ផ្សេង​មិនទាន់​ច្បាស់​
23, Dec 2017 , 9:59 am        
រូបភាព
លោក Yu Zhongmin ប្រធានក្រុមហ៊ុនផ្លូវដែកចិនអន្តរជាតិ
លោក Yu Zhongmin ប្រធានក្រុមហ៊ុនផ្លូវដែកចិនអន្តរជាតិ
 ​ខ្សែ​រថភ្លើង​អន្តរ​អាស៊ី ដែល​ភ្ជាប់​ពី​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន ទៅកាន់​សិង្ហ​បុរី នឹងមិន​ទាន់​អាច​លេច​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះឡើយ​។ កំណាត់​ខ្លះ​នៃ​គម្រោង​ខ្សែ​រថភ្លើង​ស្ថិតក្នុង​ដំណាក់កាល​សាងសង់ កំណាត់​ខ្លះ​កំពុង​ក្រោម​ការសិក្សា និង​ខ្លះទៀត​ស្ថិតក្នុង​គម្រោង​នៅឡើយ​។ ចិន​នឹង​បញ្ចប់​ការសាងសង់​កំណាត់​ផ្លូវ​រថភ្លើង​ក្នុង​ទឹកដី​របស់ខ្លួន​នៅ​៨​ឆ្នាំ​ខាងមុខ ប៉ុន្តែ​កំណាត់​ឯទៀត​នៅ​ប្រទេស​ផ្សេង​មិនទាន់​កំណត់ពេល​ជាក់លាក់​នៅឡើយ​។



​ខ្សែ​រថភ្លើង​អន្តរ​អាស៊ី គុន​មីង​-​សិង្ហ​បុរី ត្រូវ​បែង​ចែកជា​បី​ខ្នែង​។ ខ្នែង​ខាងកើត ភ្ជាប់​ពី​ទីក្រុង​គុន​មីង ឆ្លងកាត់​វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ នៅ​ខ្នែង​កណ្ដាល ខ្សែ​រថភ្លើង​រត់​ពី​ចិន ឆ្លងកាត់​ឡាវ ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ឯ​ខ្នែង​ខាងលិច គឺជា​ភ្ជាប់​ពី​ចិន ទៅ​មី​យ៉ាន់​ម៉ា ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ គម្រោង​ខ្សែ​រថភ្លើង​មួយ​នេះ នឹង​ជួយ​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាជន​ផងដែរ​។​
 
​យ៉ាងណាមិញ គម្រោង​ត​ភ្ជាប់​បណ្ដាញ​ផ្លូវដែក​នេះ មិនអាច​បញ្ចប់​ក្នុងពេល​ឆាប់​នេះឡើយ ដ្បិត​កំណាត់​ផ្លូវ​ជាច្រើន​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ ជាពិសេស​នៅតាម​ប្រទេស​សមាជិក​អាស៊ាន​។ ចំណែកឯ​កំណាត់​ផ្លូវ​រថភ្លើង​នៅលើ​ទឹកដី​ចិន នឹង​បញ្ចប់​ការសាងសង់​នៅ​៥ ទៅ​៨​ឆ្នាំ​ទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Yang Zhongmin ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​ចិន​អន្តរជាតិ (China Railway International) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ចិន​។​
 
​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​មកពី​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៥ លោក Yang និយាយ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ថា ចិន​បាន​ឆ្លើយតប​យ៉ាងសកម្ម​ទៅនឹង​គម្រោង​ផ្លូវដែក​នេះ ដោយបាន​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​រថភ្លើង​ក្នុង​ទឹកដី​ខ្លួន​យ៉ាងខ្លាំង​។ នៅ​ខ្នែង​ខាងកើត ផ្លូវ​រថភ្លើង​មាន​រួចស្រេច​ហើយ ឯ​គម្រោង​នៅ​ខ្នែង​កណ្ដាល​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០ ខណៈ​គម្រោង​សាងសង់​នៅ​ខ្នែង​ខាងលិច​ជួប​បញ្ហា​បន្តិច តែ​អាច​បញ្ចប់​នៅ​ឆ្នាំ​២០២៥ ។
 
​លោក Yang និយាយថា បញ្ហា​រាំងស្ទះ មិនមែន​នៅលើ​ទឹកដី​ចិន​ឡើយ តែ​ជា​គម្រោង​នៅ​ប្រទេស​ផ្សេង ដែល​ចិន​មិនអាច​សម្រេច​អ្វី​បានទេ​។ សម្រាប់​ខ្នែង​ខាងកើត ចន្លោះ​សម្រាប់​ត​ភ្ជាប់​កើតមាន​នៅត្រង់​កម្ពុជា ដែល​មិនទាន់​ផ្លូវ​រថភ្លើង​ភ្ជាប់​ទៅ​វៀតណាម និង​ស្ថិតក្នុង​ដំណាក់កាល​សិក្សា ឯ​នៅ​ខ្នែង​ខាងលិច មាន​ចន្លោះ​ត្រង់​មី​យ៉ាន់​ម៉ា ហើយ​ខ្នែង​កណ្ដាល​ត្រង់​ថៃ ដែល​កំពុងស្ថិត​ក្នុង​គ​ម្រោ​ង​នៅឡើយ​។ ដោយឡែក ម៉ាឡេស៊ី និង​សិង្ហ​បុរី ក៏​ទើប​ចាប់ផ្ដើម​ការសាងសង់​ដែរ​។​
 
​មន្ត្រី​ក្រុមហ៊ុន​ផ្លូវដែក​ចិន​ដដែល​នេះ​បញ្ជាក់ថា ប្រទេស​ផ្សេង​ក្រៅពី​ចិន មាន​គម្រោង​អាទិភាព​រៀងៗ​ខ្លួន ហើយ​មាន​បញ្ហា​ប្រឈមមុខ​ច្រើន​ដូចជា​ការស្វែងរក​ប្រភព​ហិរញ្ញវត្ថុ បច្ចេកទេស និង​ផែនការ​អភិវឌ្ឍ​ប្រទេស​ជាដើម​។ ប៉ុន្តែ ចិន​មាន​ឆ​ន្ទះ​ជួយ​សហការ​ដើម្បី​ឲ្យ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​លេច​ជា​រូបរាង​ដើម្បី​ផលប្រយោជន៍​ប្រជាជន​ទាំងអស់ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់ ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ផងដែរ​៕

Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com