ជាតិ
សិល្បះ
លោកយាយ ស៊ិន សា​ម៉ា​ដឹក​ឆូ អតីត​គ្រូ​ល្ខោនខោល និង​ចម្រៀង ទទួលមរណភាព​
22, Dec 2017 , 6:19 pm        
រូបភាព
លោកយាយ ស៊ិន សា​ម៉ា​ដឹក​ឆូ អតីត​អ្នកគ្រូ​ផ្នែក​ចម្រៀង និង​ល្ខោនខោល បានទទួល​មរណភាព នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​២២ ខែធ្នូ​នេះ ក្នុង​អាយុ​៧៧​ឆ្នាំ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​។ សព​លោកយាយ ត្រូវបាន​បូជា នៅ​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ​ដដែល​នេះ នៅ​វត្ត​ទួល​អស់លោក ស្ថិតនៅ​ឃុំ​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌឫស្សីកែវ​។



​លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​តំណាង​ចូលរួម​ពិធី​បុណ្យសព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មរណភាព​របស់លោក​យាយ​ដឹក​ឆូ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​មានតម្លៃ​របស់​ខ្មែរ ក្នុង​ផ្នែក​ចម្រៀង និង​ល្ខោនខោល​។ លោក ចំរើន វ៉ាន់​ថា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​យើង​ពិតជា​សោកស្តាយ​ណាស់​! គាត់​ជា​អ្នកមាន​ចំណេះ​ជំនាញ​មួយរូប​ក្នុង​វិស័យ​សិល្បៈ វប្បធម៌​។ ក្រសួង នឹង​ដើម្បី​ចាត់ចែង​រៀបចំ​បុណ្យ ឲ្យ​ស័ក្តិសម​នឹង​កិត្តិយស​របស់គាត់​»​។  

​តាម​លោក វ៉ាន់​ថា ក្រសួង​វប្បធម៌ ជា​អ្នករ៉ាប់រង​ការចំណាយ​ចាប់ពី​ពេល​លោកយាយ ទទួលមរណភាព ដល់ពេល​បូជា​។

លោកយាយ ស៊ិន សា​ម៉ា​ដឹក​ឆូ  ជា​អតីត​គ្រូធំ​បង្ហាត់​របាំ​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ និង​ធ្លាប់ជា​ដៃគូ​ចម្រៀង​មហោរី និង​ល្ខោន​ហ្លួង ឬ​របាំ​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ ដែលមាន​ប្រគំ​តែ​នៅ​ព្រះបរមរាជវាំង​ប៉ុណ្ណោះ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ជាមួយ​លោក ស៊ីន ស៊ី​សាមុត​ទៀតផង​៕​









Tag:
 ស៊ិន សា​ម៉ា​ដឹក​ឆូ​
 ​ ល្ខោនខោល​
 ​ ចំរើន វ៉ាន់​ថា
© រក្សាសិទ្ធិដោយ thmeythmey.com