អន្តរជាតិ
UN ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង ក្រោយ​បាញ់​មី​ស៊ី​ល​ខែ​មុន
23, Dec 2017 , 11:24 am        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអនុម័តទណ្ឌកម្មថ្មីលើកូរ៉េខាងជើង (រូបភាព៖ Xinhua)
ក្រុមប្រឹក្សាសន្តិសុខអនុម័តទណ្ឌកម្មថ្មីលើកូរ៉េខាងជើង (រូបភាព៖ Xinhua)
 ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ដែល​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​កាលពី​ខែ​មុន​។ ទណ្ឌកម្ម​លើក​នេះ​មាន​គោលដៅ​រឹតត្បិត​ការ​នាំចូល​ប្រេង​ចម្រាញ់​រួចស្រេច និង​ការកាត់បន្ថយ​ប្រាក់ចំណូល​របស់​កូរ៉េខាងជើង​។ អាមេរិក ជា​អ្នក​រៀបរៀង​ទ​ណ​កម្មនេះ​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​ងាក​ចូល​តុ​ចរចា​ជាមួយ​អន្តរជាតិ​ឡើងវិញ​។​

 
​ដោយ​សំឡេង​១៥-០ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២២ ខែធ្នូ បានសម្រេច​ជា​ឯកច្ឆន្ទ​លើ​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង ក្រោយ​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​កាលពី​ចុងខែ​វិច្ឆិកា​។ ទណ្ឌកម្ម​ថ្មី​នេះ​តាក់តែង​ដោយ​អាមេរិក ដោយមាន​គោលដៅ​ហាមប្រាម​កូរ៉េខាងជើង​ពី​ការសាកល្បង​មី​ស៊ី​ល ឬក៏​គ្រាប់​នុយក្លេអ៊ែរ​ទៀត​។ ការ​នាំចូល​ប្រេង និង​ការកាត់បន្ថយ​ប្រាក់ចំណូល​របស់​កូរ៉េខាងជើង ជា​ផ្ទាំង​ស៊ី​ប​ធំ​សម្រាប់​វិធាន​ការលើក​នេះ​។​
 
​ក្រោម​ទណ្ឌកម្ម​ថ្មី​នេះ កូរ៉េខាងជើង​នឹង​មិនអាច​នាំចូល​ប្រេង​ចម្រាញ់​ប្រហែល​ប្រាំ​សែន​បារ៉ែល​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​ជិត​៩០​ភាគរយ​នៃ​បរិមាណ​នាំចូល​សរុប​។ ជាមួយគ្នា​នោះ ការផ្គត់ផ្គង់​ប្រេង​ឆៅ​ទៅកាន់​កូរ៉េខាងជើង​ក៏ត្រូវ​កាត់បន្ថយ​នៅត្រឹម​បួន​លាន​បារ៉ែល​ក្នុង​មួយឆ្នាំ​ដែរ ហើយ​ការកាត់បន្ថយ​អាច​នឹង​កើនឡើង​ទៀត បើ​កូរ៉េខាងជើង​នៅតែ​បន្ត​ផ្គើន​ដោយ​ការបាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ​លើក​ក្រោយៗ​ទៀត​។​
 
​ក្នុងន័យ​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​បញ្ជា​ឲ្យ​ជនជាតិ​កូរ៉េខាងជើង​ទាំងអស់ ដែលជា​កំពុងធ្វើការ​នៅ​បរទេស ត្រូវ​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​រយៈពេល​២៤​ខែ​ទៀត គិត​ចាប់​ពីថ្ងៃ​អនុម័ត​សេចក្ដីសម្រេច​នេះ​។ តាមពិតទៅ សេចក្ដីព្រាង​ដំបូង​បានកំណត់​ពេល​១២​ខែ​ឲ្យ​ពលករ​កូរ៉េខាងជើង ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​នៃ​របប​ក្រុង​ព្យុងយ៉ាង​ត្រឡប់​ទៅ​ប្រទេស​វិញ តែ​ក្រោយមក​ក៏ត្រូវ​ពន្យារ​ដល់​២៤​ខែ​វិញ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្រុង​ព្យុងយ៉ាង​ក៏​ត្រូវបាន​ហាមឃាត់​នាំចេញ​ផលិតផល​ជាច្រើន​មុខ​ដូចជា​ផលិតផល​កសិកម្ម គ្រឿង​ម៉ាស៊ីន បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច និង​ឈើ​ជាដើម​។ ក្រៅពី​មិនអាច​នាំចេញ កូរ៉េខាងជើង​ក៏​មិនអាច​នាំចូល​សម្ភារ​ច្រើន​ទៀត​បន្ថែម​ពីលើ​ការកាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ និង​ប្រេង​ចម្រាញ់​រួចស្រេច​រួមមាន​គ្រឿង​បរិក្ខារ​សម្រាប់​ឧស្សាហកម្ម រថយន្ត​ដឹកជញ្ជូន ដែក និង​ផលិតផល​លោហៈ​ឯទៀត​។ 
 
​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំងអស់​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​សេចក្ដីសម្រេច​កលើ​នេះ និង​ចាត់ទុកជា​ចំណាត់​ដែល​ត្រូវ​ដាក់ចេញ​ដើម្បី​ចាប់បង្ខំ​ឲ្យ​កូរ៉េខាងជើង​ដើរ​លើក​ផ្លូវត្រូវ​វិញ​។ តំណាង​អាមេរិក​លោកស្រី Nikki Haley និយាយថា ទណ្ឌកម្ម​នេះ​ជា​សារ​ផ្ញើ​ទៅកាន់​កូរ៉េខាងជើង បើ​ហ៊ាន​បំពាន​កាន់តែខ្លាំង នឹងរង​ទណ្ឌកម្ម​កាន់តែខ្លាំង​។ ចំណែក​តំណាង​ចិន​វិញ​ក៏​រំឭក​កូរ៉េខាងជើង​ពី​ការទាមទារ​របស់​អន្តរជាតិ​ដែល​ចង់​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី​ដែរ​៕  

Tag:
 UN
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com