កីឡាអន្តរជាតិ
អន្តរជាតិ
Man City, Barca, PSG ដែលមាន​ចំណុច​ដូចគ្នា​ច្រើន កំពុងវ៉ាដាច់គេក្នុងលីគ​រៀងៗខ្លួន
25, Dec 2017 , 9:00 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ Guardiola, Aguero, Valvede, Messi, Neymar និង Emery
ពីឆ្វេងទៅស្តាំ៖ Guardiola, Aguero, Valvede, Messi, Neymar និង Emery
ដោយ: រួបរួម
Manchester City, Barcelona និង Paris Saint Germain ហាក់​កំពុង​បង្ហាញថា ការវិនិយោគ​លើ​កីឡាករ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពិតជា​ទទួលបាន​ផល​ត្រឡប់មកវិញ​។ ក្នុង​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​ក្នុង​ក្របខណ្ឌ​កំពូល​នៃ​ប្រទេស​រៀងៗ​ខ្លួន ក្រុម​អ្នកមាន​ទាំងបី​សុទ្ធ​តែមាន​ពិន្ទុ​នាំមុខ​យ៉ាងហោច​៩​ពិន្ទុ​ពី​គូប្រជែង​លំដាប់​ទី​ពីរ​របស់ខ្លួន​។ ជាមួយគ្នានេះ​ផងដែរ ពួកគេ​មាន​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ និង​កីឡាករ​ឆ្នើមៗ​ពី​តំបន់​អាមេរិក​ឡាទីន​ដូចគ្នា​។​



Manchester City កំពុងស្ថិត​ក្នុង​រដូវ​កាលដែល​ពោរពេញ​ទៅដោយ​ផ្លែផ្កា​ក្នុង​ក្របខណ្ឌ Premier League ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola​។ កាលពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​យកឈ្នះ Bournemouth ៤-០ ដើម្បី​រក្សា​កំណត់​មិនដែល​ចាញ់​សោះ ពី​ការប្រកួត​១៩​លើក ដែល​ក្នុងនោះ​មាន​ឈ្នះ​១៨​លើក និង​ស្មើ​១​លើក​។​

​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Sergio Aguero បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​លើ Bournemouth ដែល​នាំ​ឲ្យ គ្រាប់​បាល់​បញ្ចូល​ទី​សរុប​១២​គ្រាប់ ស្មើ Raheem Sterling ដែលជា​មិត្ត​រួម​ក្រុម​របស់ខ្លួន​។ នា​ការប្រកួត​១៩​លើក​កន្លង Manchester City ឈរលើ​កំពូល​តារាង ដោយមាន​៥៥​ពិន្ទុ និង​១៣​ពិន្ទុ​លើស Manchester United​។​

​ក្នុង​ពាន FA Cup ក្រុម​មេឃ​ខៀវ Manchester City ត្រូវ​ប៉ះ Burnley នៅ​ជុំ​ទី​បី ហើយ​ពួកគេ​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ EFL Cup ឬ League ដោយ​ត្រូវ​តទល់​ជាមួយ Bristol City​។ ដោយឡែក​នៅក្នុង​ក្របខណ្ឌ Champions League ពួកគេ​ប៉ះ Basel នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​ក្នុងជំនួប El Clasico នៅ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​សៅរ៍​ផងដែរ Barcelona បាន​យកឈ្នះ ម្ចាស់ផ្ទះ Real Madrid ដែលជា​គូប្រជែង​ដ៏​ធំ​របស់ខ្លួន​ក្នុង​លទ្ធផល ៣-០ ។  ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​ក្រុម​ដែល​បង្វឹក​ដោយ​បុរស​ជន ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ទៀត គឺ​លោក Ernesto Valvede បន្ត​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ ដោយ​ក្នុងចំណោម​ការប្រកួត​១៧​លើក ឈ្នះ​១៤ និង​ស្មើ​៣​។​

​បច្ចុប្បន្ន Barcelona ដែលមាន​កំពូល​តារា​ឆ្នើម​ពី​អាមេរិក​ឡាទីន ដូចជា​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi និង​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez នាំមុខ​ក្រុម​លេខ​២ Atletico Madrid ៩​ពិន្ទុ និង​មាន​គម្លាត​ពី Real Madrid រហូតដល់​ទៅ​១៤​ពិន្ទុ ក្នុង​តារាង La Liga​។

​នៅ​ក្នុងការ​ដណ្តើមពាន Copa de Rey ក្រុម Barcelona ត្រូវ​ប៉ះ Celta Vigo នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ Chelsea គឺជា​គូប្រជែង​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions League​។​

​មិន​ខុសគ្នា​នោះឡើយ Paris Saint-Germain នៃ​ក្របខណ្ឌ Ligue 1 បារាំង ក៏មាន​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ គឺ​លោក Unai Emery និង​កីឡាករ​ឆ្នើម​ពី​អាមេរិក​ឡាទីន ដូចជា​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani និង​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Angel Di Maria ជាដើម​។​

​គិត​ត្រឹម​សប្តាហ៍​ទី​១៩ PSG បាន​យកឈ្នះ​១៦​ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់​តែ​១​ប្រកួត ដោយ​នាំមុខ Monaco ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​ពីរ ចំនួន​៩​ពិន្ទុ​។​

​ពានរង្វាន់​ដែល PSG នៅមាន​ឈ្មោះ​បន្ត​ប្រមាញ់​នា​រដូវ​កាល​នេះ មាន Coupe de France ដោយ​ត្រូវ​ប៉ះ Rennes នៅ​វគ្គ​៦៤​ក្រុម និង​ពាន Coupe de la Ligue ដោយ​ត្រូវ​តទល់​ជាមួយ Amiens នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​។ រីឯ​ជំនួប​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ Champions League វិញ Real Madrid គឺជា​គូប្រជែង​របស់​ពួកគេ​៕


Tag:
 Man City
  PSG
  Barcelona
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com