អន្តរជាតិ
​ចិន និង​រុស្ស៊ី ជំទាស់​ដំណោះស្រាយ​មហាសន្និបាត​ស្ដីពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
25, Dec 2017 , 10:41 am        
រូបភាព
មហាសន្និបាតអង្គការសហប្រជាជាតិស្នើមីយ៉ាន់ម៉ាបញ្ចប់ប្រតិបត្តិការហិង្សានៅឯរដ្ឋ Rakhine ដែលបណ្ដាលឲ្យជនភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់រត់ភៀសខ្លួន។ រូបថត AFP
មហាសន្និបាតអង្គការសហប្រជាជាតិស្នើមីយ៉ាន់ម៉ាបញ្ចប់ប្រតិបត្តិការហិង្សានៅឯរដ្ឋ Rakhine ដែលបណ្ដាលឲ្យជនភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់រត់ភៀសខ្លួន។ រូបថត AFP
​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤ ខែធ្នូ បានស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ចប់​ប្រតិបត្តិការ​យោធា​ដ៏​ហិង្សា​របស់ខ្លួន​នៅឯ​រដ្ឋ Rakhine ដែល​បណ្ដាល​ឲ្យ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​រត់​ភៀសខ្លួន​។ សមាជិក​អង្គការសហប្រជាជាតិ​ភាគច្រើន​បាន​គាំទ្រ​ដំណោះស្រាយ​នេះ ប៉ុន្តែ​ចិន និង​រុស្ស៊ី បាន​ចេញមុខ​ប្រឆាំង ខណៈ​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​ប្រាំ​ក៏បាន​បោះឆ្នោត​ជំទាស់​ដែរ​។​



​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១២២ បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ស្នើឡើង​ដោយ​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​។ ដំណោះស្រាយ​នេះ​បាន​អំពាវនាវ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ចប់​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ដែល​ត្រូវ​រត់​ជ្រកកោន​នៅឯ​បង់​ក្លា​ដែ​ស​។ ប្រទេស​ចំនួន​១០ បាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​នេះ ខណៈ​២៤​ប្រទេស​ទៀត​បោះឆ្នោត​អនុប្បវាទ​។​

​ចិន និង​រុស្ស៊ី ជា​មហាអំណាច​ដែល​បាន​ជំទាស់​ដំណោះស្រាយ​ខាងលើនេះ​ជាមួយនឹង​បេឡា​រុស ស៊ី​រី និង​ស៊ីម​បា​វ៉េ​។ ដោយឡែក​រដ្ឋ​អាស៊ាន​ចំនួន​ប្រាំ​មាន​កម្ពុជា ហ្វីលីពីន ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​ផ្ទាល់ ក៏បាន​បោះឆ្នោត​ជំទាស់​ដែរ​។ សមាជិក​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងនេះ​បានប្រកាស​ជំហរ​អស់ហើយ​ថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា និង​ទុក​ឲ្យ​មី​យ៉ាន់​ម៉ា​ជា​អ្នកដោះស្រាយ​ដោយ​ខ្លួនឯង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដំណោះស្រាយ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​សមាជិក​លើសលប់​នេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​បើកផ្លូវ​ឲ្យ​ក្រុម​ជួយសង្គ្រោះ​អាច​ចូល​តំបន់​រងគ្រោះ​ដើម្បី​ចែកចាយ​ជំនួយ ធានា​ពី​ការវិលត្រឡប់​របស់​ជ​ន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ផ្ដល់​សិទ្ធិ​ជា​ប្រជាជន​ស្របច្បាប់​ឲ្យ​ពួកគេ​ផងដែរ​។ ដំណោះស្រាយ​ខាងលើ​បានស្នើ​ឲ្យ​លោក​អគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស តែងតាំង​ប្រេសិត​ពិសេស​សម្រាប់​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​សំណើ​តែងតាំង​ប្រេសិត​ពិសេស​ប្រចាំ​មី​យ៉ាន់​ម៉ា ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី បញ្ចប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នករាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​មី​យ៉ាន់​ម៉ា Yanghee Lee និង​បាន​ហាម​លោកស្រី​ចូល​ទឹកដី​មី​យ៉ាន់​ម៉ា​ទៅទៀត​។ គណៈកម្មាធិការ​ថវិកា​របស់​មហាសន្និបាត​បា​ន​ផ្ដល់​ភ្លើង​ខៀវ​ដល់​ការបង្កើត​តំណែង​ថ្មី​នេះហើយ ដែល​គេ​ជឿថា អាចជួយ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​នេះ​។

​មកទល់ពេលនេះ ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​៦​សែន​នាក់​កំពុងស្នាក់នៅ​ជំរំ​ភៀសខ្លួន​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស ប៉ុន្តែ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​មិនមាន​លក្ខណៈ​ល្អប្រសើរ​ឡើយ ខណៈដែល​ក្រុម​មនុស្សធម៌​ពិបាក​បំពេញការងារ​រ​បស់​ខ្លួន​យ៉ាងខ្លាំង​។ ដោយឡែក​យោធា​មី​យា់ន់​ម៉ា​វិញ​នៅតែ​អះអាង​ពី​ភាពត្រឹមត្រូវ​នៃ​យុទ្ធនាការ​របស់ខ្លួន ក្រោម​ហេតុផល​បោសសម្អាត​ក្រុម​ឧទ្ទាម​ដែល​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​៕

Tag:
 ចិន​
  រុស្ស៊ី​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com