អន្តរជាតិ
ជប៉ុន​ពិចារណា​ទិញ​យន្តហោះ F-35B ដើម្បី​ទប់ទល់​សកម្មភាព​ចិន​
25, Dec 2017 , 10:19 pm        
រូបភាព
​ជប៉ុន​កំពុង​ពិចារណា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី ដែល​អាច​ចុះចត​លើ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ ឬក៏​ត្រូវ​បានការ​ផ្លូវ​រត់​ខ្លី​។ យន្តហោះ​ចម្បាំង​អាមេរិក F-35B ស្ថិតក្នុង​ក្រសែភ្នែក​របស់​ជប៉ុន ដែល​ចង់បាន​យន្តហោះ​ថ្មី​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ទប់ទល់​សកម្មភាព​រប​ស់​ចិន និង​ទុក​ការពារ​ដែន​កោះ​របស់ខ្លួន​ផង​។ យន្តហោះ F-35B សក្តិសម​ស្ថានភាព​កា​ពារ​ជាតិ​របស់​ជប៉ុន ដែល​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ហាម​ទិញ​នាវា​ដឹក​យន្តហោះ​។​



​ប្រភព​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​២៤ ខែធ្នូ និយាយថា យន្តហោះ​ចម្បាំង F-35B ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin Corp ពិត​ជាមាន​ប្រយោជន៍​ខ្លាំង​ដើម្បី​ទប់ទល់​សកម្មភាព​ផ្លូវ​សមុទ្រ​របស់​ចិន​។ មាន​ប្រយោជន៍​ត្រង់​ថា យន្តហោះ​ចម្បាំង​ធុន​នេះ មាន​សមត្ថភាព​ពិសេស​អាច​ហោះ​ឡើង​ត្រង់​ឡើងលើ និង​មិន​ត្រូវការ​ផ្លូវ​រត់​វែង​។ ការណ៍​នេះ​ពិតជា​អាចជួយ​ការពារ​ទឹកដី​នៅ​ចុង​ខាងត្បូង​បំផុត ដែលមាន​ជម្លោះ​ជាមួយ​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Japan Times ។​

​យ៉ាងណាមិញ ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន អាច​បង្កើតជា​ការមិន​ពេញចិត្ត​ពី​សំណាក់​អ្នកជិតខាង​របស់​ជប៉ុន​ផ្ទាល់​មាន​ចិន និង​កូរ៉េខាងត្បូង​ជាដើម ហើយក៏​ខុសពី​ច្បាប់កំពូល​របស់​ជប៉ុន​ដែរ​។ ប៉ុន្តែ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​ប្រឹងប្រែង​កែប្រែ​ច្បាប់​ធម្មនុញ្ញ​សន្តិភាព​នេះ​ជាច្រើន សំដៅ​ផ្លាស់ប្ដូរ​ប្រតិបត្តិការ​របស់​កង​ស្វ័យការពារ​ជប៉ុន ដែលមាន​សិទ្ធិ​ត្រឹម​ការពារ​ខ្លួន តែ​មិនអាច​វាយប្រហារ​គេ​មុន​បានឡើយ​។

​ប្រជុំ​កោះ Senkaku ដែល​ស្ថិតនៅ​តំបន់​សមុទ្រ​ចិន​ខាងកើត ជា​តំបន់​ប្រទាញប្រទង់​រវាង​ក្រុង​តូ​ក្យូ និង​ក្រុង​ប៉េកាំង ខណៈ​នាវាចម្បាំង​ចិន​តែង​ធ្វើដំណើរ​ចូល​កៀក​ប្រជុំ​កោះ​នេះ​ជា​ញឹកញយ​។ ប៉ុន្តែ​ស្ថានភាព​នៅ​តំបន់​នោះ​មិនមាន​លក្ខណៈ​អំណោយផល​សម្រាប់​យន្តហោះ​ធម្មតា​ឡើយ ព្រោះ​ផ្លូវ​រត់​ខ្លី​ពេក​។ ជាក់ស្ដែង ព្រលានយន្តហោះ​លើ​កោះ Yonaguni ដែល​នៅ​កៀក​កោះ Senkaku មាន​ផ្លូវ​ឡើង​ចុះ​ខ្លី ដែល​យន្តហោះ​ចម្បាំង​ធម្មតា​មិនអាច​ធ្វើ​ប្រតិបត្តិការ​បាន​។​

​ដោយសារ​លក្ខណៈ​មិន​អំណោយផល​បែបនេះ ក្រុង​តូ​ក្យូ​បាន​សំឡឹង​ឃើញ​យន្តហោះ F-35B ដែល​អាច​សម្រប​ខ្លួន​គ្រប់​លក្ខខណ្ឌ និង​ប្រើប្រាស់​ដើម្បី​ប្រតិបត្តិការ​ស៊ើបការណ៍​នៅ​តំបន់​កោះ Senkaku បាន​។ ម្យ៉ាងទៀត យន្តហោះ​ចម្បាំង​ធុន F-35B ក៏​អាច​ចុះចត​លើ​នាវា Izumo ដែលជា​នាវា​ធំជាងគេ​របស់​ជប៉ុន ប៉ុន្តែ​ត្រូវ​កែប្រែ​ផ្នែក​ខ្លះ​។ ក្រោយ​ការកែប្រែ នាវា Izumo នឹង​ក្លាយជា​នាវា​ដឹក​យន្តហោះ​ខ្នាតតូច​។​

​តាមពិតទៅ យោធា​ជប៉ុន​មាន​យន្តហោះ​ចម្បាំង​ច្រើន​ប្រភេទ និង​ស៊េរី​ទំនើបៗ​រួចហើយ​ដែរ​តួយ៉ាង យន្តហោះ F-35A ជាដើម ដែល​តាម​ផែនការ​ជប៉ុន​ចង់​ទិញ F-35A ចំនួន​៤២​គ្រឿង​ឯណោះ​។ ប៉ុន្តែ​ក្រសួងការពារជាតិ​ចង់​ទិញ​យន្តហោះ F-35 វិញ ព្រោះ​មាន​សមត្ថ​ភាពល្អ​។ ខុសពី F-35B យន្តហោះ F-35A ត្រូវការ​ផ្លូវ​រត់​ឆ្ងាយ ដែល​នេះ​ជា​បញ្ហា​សម្រាប់​ផែនការ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​ជប៉ុន ដែល​ប្រឈមមុខ​គូប្រជែង​មាន​អានុភាព​យោធា​ខ្លាំង​៕ 


Tag:
 ជប៉ុន​
  ចិន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com