កីឡាអន្តរជាតិ
អន្តរជាតិ
Luke Shaw ទារ Man Utd ជាង​៦​លាន​ដុល្លារ ដើម្បី​រក​ទ្រនំ​ថ្មី​
26, Dec 2017 , 8:39 am        
រូបភាព
Luke Shaw ចង់បាន ៥​លាន​ផោន ជិត​៧​លា​នដុ​ល្លារ​ពី​ក្លិប Manchester United ដើម្បី​ចាកចេញ​នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ​នៅ​ខែមករា​ខាងមុខនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ TheSun​។​



​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ មិន​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់លោក Jose Mourinho ឡើយ​ចាប់តាំងពី​រូបគេ​ជាសះស្បើយ​ពី​ការរង​របួស​បាក់ជើង​កាលពី​រដូវ​កាល​មុន​។​

​ដោយសារ​មិនសូវ​បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ក្នុង​រយៈពេល​ចុងក្រោយ ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​ចង់រក​ទ្រនំ​ថ្មី​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួន​ឡើងវិញ និង​ដើម្បី​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​អង់គ្លេស​នា​ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ​នៅ​រុស្ស៊ី​ផងដែរ​។​



Shaw ទទួលបាន​តម្លៃ​ពលកម្ម ១៣០០០០​ផោន ប្រមាណ ១៧៤១០៩​ដុល្លារ ក្នុង​១​សប្តាហ៍ ពោ​ល​គឺ​ជាង​ ៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ក្រុម​រហស្សនាម​បិសាច​ក្រហម ក្រោយ​ចាក​ចេញពី Southampton មកកាន់​ទឹកដី Old Trafford ក្នុងតម្លៃ​៣០​លាន​ផោន ប្រមាណ​៤០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៤​។​

​មាន​ក្លិប​មួយចំនួន​នៅ Premier League ដូចជា Spurs និង Newcastle រួមទាំង​ក្លិប​នៅ​អឺរ៉ុប​ផ្សេងទៀត​កំពុង​ចាប់អារម្មណ៍​យក Shaw ទៅ​រួម​ក្រុម នៅ​ខែមករា​ខាងមុខនេះ​។​
​តែ​យ៉ាងណា ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ​ចង់បាន​តម្លៃ ២០​លាន​ផោន ប្រហែល​ជិត​២៧​លាន​ដុល្លារ ប្រសិនបើ​មាន​ក្លិប​ណា​ចង់បាន​រូបគេ​មែន​នោះ​៕


Tag:
 បាល់ទាត់​
  Luke Shaw
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com