អន្តរជាតិ
បន្ទាប់ពីក្វាតេម៉ាឡា ប្រទេសដប់ទៀតកំពុងពិចារណារើស្ថានទូតទៅហ្ស៊េរុយសាឡិម
× ក្រោយក្វាតេម៉ាឡាប្រកាសប្ដូរស្ថានទូតទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមរួចមក ប្រទេសដប់ទៀតកំពុងពិចារណារើទីតាំងស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងចម្រូងចម្រាស់នេះដូចគ្នា។ នេះបើតាមការប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានអរគុណប្រធានាធិបតីក្វាតេម៉ាឡាដោយផ្ទាល់ចំពោះការសម្រេចចិត្តនេះ។
ដំបូងគឺអាមេរិក បន្ទាប់មកក្វាតេម៉ាឡា ដែលបានប្រកាសប្ដូរទីតាំងស្ថានទូតរបស់ខ្លួនពីទីក្រុងតែល អាវីវ ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ នៅថ្ងៃទី២៥ ខែធ្នូ អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Tzipi Hotovely ក៏និយាយថា ប្រទេសចំនួបដប់ទៀតអាចដើរតាមអាមេរិក និងក្វាតេម៉ាឡាក្នុងការរើស្ថានទូតទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមដូចគ្នាដែរ។ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលដដែលនេះ មិនបញ្ចេញឈ្មោះប្រទេសទាំងដប់នោះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។
កា្វតេម៉ាឡាស្ថិតក្នុងចំណោមប្រទេសចំនួន ៩ ដែលបានបោះឆ្នោតប្រឆាំងដំណោះស្រាយរបស់មហាសន្និបាតស្ដីពីការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ១២៨ប្រទេសផ្សេងគាំទ្រ។ ក្រៅពីប្រទេសចំនួន៩ ប្រទេស៣៥នាំគ្នាបោះអនុប្បវាទ ប្រទេសនៅសេសសល់គឺអវត្តមាន។ បើតាមការប្រកាសខាងលើ ប្រទេសចំនួន១០ ដែលប្រុងប្ដូរស្ថានទូត អាចស្ថិតក្នុងចំណោមប្រទេសជាង៦០នេះ។
ជុំវិញរឿងនេះ លោកស្រី Tzipi Hotovely បានបង្ហើបដែរថា ភាគច្រើននៃប្រទេសទាំងដប់នោះជារដ្ឋគោរពគ្រិស្តសាសនាខ្ជាប់ខ្ជួន។ ហ្វីលីពីន ឆែក និងរូម៉ានី ជាប្រទេសមានមូលដ្ឋានគ្រិស្តសាសនារឹងមាំ និងបានបោះឆ្នោតអនុប្បវាទក្នុងកិច្ចប្រជុំមហាសន្និបាត។ ប្រធានាធិបតីឆែក Milos Zeman បានបង្ហាញជំហរគាំទ្រការផ្លាស់ប្ដូរស្ថានទូតទៅក្រុងហ្ស៊េរុយសាឡិម ទោះជាសហភាពអឺរ៉ុបប្រកាន់ជំហរទទួលហ្ស៊េរុយសាឡិមខាងកើតជារបស់ប៉ាឡេស្ទីនក្ដី។
អ៊ីស្រាអែលទំនងជាសប្បាយចិត្តខ្លាំង ក្រោយការប្រកាសផ្លាស់ប្ដូរស្ថានទូតបរទេសទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមដែលខ្លួនកាន់កាប់ដោយខុសច្បាប់ ស្របពេលដែលសហគមន៍អន្តរជាតិប្រឆាំងដាច់ខាតនោះ។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណាតាន់យ៉ាហ៊ូ បានអរគុណលោក Jimmy Morales ប្រធានាធិបតីក្វាតេម៉ាឡាដោយផ្ទាល់ចំពោះការរើស្ថានទូតពេលនេះ។
ប្រធានាធិបតីអាមេរិកលោក ត្រាំ បានប្រកាសប្តូរទីតាំងស្ថានទូតអាមេរិកទៅកាន់ក្រុងហ្ស៊េរុយសាឡិមកាលពីថ្ងៃទី ៦ ខែធ្នូ ដោយបង្ហាញការទទួលស្គាល់ជាផ្លូវការថា ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីផ្លូវការរបស់អ៊ីស្រាអែល តែទទួលរងការថ្កោលទោសខ្លាំងពីសំណាក់បណ្តាប្រទេសជាច្រើនទូទាំងពិភពលោក។ តាមច្បាប់អន្តរជាតិ ទឹកដីភាគខាងកើតនៃក្រុងហ្ស៊េរុយសាឡិមដែលត្រូវបានកាន់កាប់ជាក់ស្តែងដោយអ៊ីស្រាអែលនោះជារដ្ឋធានីនាពេលអនាគតរបស់ប៉ាឡេស្ទីន៕
Tag:
អ៊ីស្រាអែល
ប៉ាឡេស្ទីន
ហ្ស៊េរុយសាឡិម
ក្វាតេម៉ាឡា
© រក្សាសិទ្ធិដោយ thmeythmey.com