អន្តរជាតិ
ចិនកាត់ទោសសកម្មជនសិទ្ធិមនុស្សជាប់គុក៨ឆ្នាំពីបទវិទ្ធង្សនា សកម្មជនសិទ្ធិមនុស្ស Wu Gan ដែលតុលាការចិនកាត់ទោសជាប់ពន្ធនាគារ៨ឆ្នាំ (រូបភាព៖ South China Morning Post)
× តុលាការចិនបានដាក់ទោសសកម្មជនការពារសិទ្ធិមនុស្សឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោមបទចោទវិទ្ធង្សនា។ នេះជាការដាក់ទោសយូរបំផុត ចាប់តាំងពីការចាប់ផ្ដើមការបង្ក្រាបលើសកម្មជនសិទ្ធិមនុស្សអស់រយៈពេលពីរឆ្នាំរបស់អាជ្ញាធរចិន។
សកម្មជនសិទ្ធិមនុស្សល្បីល្បាញឈ្មោះ Wu Gan ត្រូវតុលាការក្រុងធានជីន នៅថ្ងៃទី២៦ ខែធ្នូ កាត់ទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំលើសំណុំរឿងវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល។ នេះបើតាមលើកឡើងរបស់លោក Yan Xin ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។ ទោសជាប់ពន្ធនាគារ៨ឆ្នាំនេះ គឺជាទោសយូរបំផុតមិនធ្លាប់មានពីមុនឡើយ ចាប់តាំងពីអាជ្ញាធរចិនបោសសម្អាតលើសកម្មជនការពារសិទ្ធិមនុស្ស និងមេធាវីមក។
មានរហស្សនាម Super Vulgar Butcher លោក Wu Gan ត្រូវបានគេទទួលស្គាល់ជាចំពោះការបកអាក្រាតទង្វើរំលោភអំណាចរបស់មន្ត្រីចិន មិនថាតាមប្រព័ន្ធអនឡាញ ឬនៅតាមដងផ្លូវឡើយ។ សកម្មជនរូបនេះត្រូវបានចាប់ខ្លួនខែឧសភា ឆ្នាំ២០១៥ និងចោទពីបទវិទ្ធង្សនាតែម្ដង បន្ទាប់ពីបានប្រើប្រាស់វេទិកាអនឡាញផ្សព្វផ្សាយពីករណីប៉ូលិសបាញ់អ្នកដាក់ញ្ញត្តិម្នាក់នៅឯខេត្ត Heilongjiang កាលពីដើមខែឧសភា ឆ្នាំដដែល។
បើតាមសេចក្ដីថ្លែងការណ៍របស់តុលាការ លោក Wu បានរិះគន់ប្រព័ន្ធនយោបាយចិន ប្រើប្រាស់សិល្បៈដើម្បីរំខាន ក៏ដូចជាចែកចាយព័ត៌មានមិនពិតផង។ « លោក Wu Gan បានអនុវត្តទោសឧក្រិដ្ឋជាច្រើន សំដៅផ្ដួលរំលំអំណាចរដ្ឋ និងប្រព័ន្ធសង្គមនិយម ក៏ដូចជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសង្គម»។ នេះជាការបញ្ជាក់របស់តុលាការចិន។ លោក Yan Xin អះអាងថា លោកនឹងប្ដឹងឧទ្ធរណ៍ដើម្បីតវ៉ាការកាត់ទោសនេះ។
ដោយឡែក នៅថ្ងៃទី២៦ ខែធ្នូដដែលនេះ មេធាវីការពារសិទ្ធិមនុស្សម្នាក់ក៏ត្រូវបានតុលាការចិនកាត់ទោសលើសំណុំរឿងវិទ្ធង្សនានេះដូចគ្នា។ តុលាការក្រុង Changsha បានកាត់ទោស Xie Yang ដែលចេញមុខការពារអ្នកតវ៉ានៅហុងកុង។ យ៉ាងណាមិញ ទោសនេះត្រូវបានព្យួរវិញ ដោយសារលោក Xie Yang សារភាពកំហុស និងមិនតវ៉ាអ្វីឡើយ។ សកម្មជនរូបនេះ ថែមទាំងអរគុណអាជ្ញាធរចិន និងសន្យាធ្វើជាពលរដ្ឋគោរពច្បាប់ផង។
អាជ្ញាធរចិនចាប់ផ្ដើមបង្ក្រាបសកម្មជនសិទ្ធិមនុស្សនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដែលត្រូវបានស្គាល់ជាទូទៅថា «ការបង្ក្រាប៧០៩» ។ យុទ្ធនាការនេះកាន់តែត្រូវបានពង្រឹងខ្លាំងៗ រហូតដល់សកម្មភាពសិទ្ធិមនុស្សជាច្រើនត្រូវបានជាប់ពន្ធនាគារក្រោមបទចោទផ្សេងៗ។ មកដល់អាណត្តិទីពីរ របស់លោក ស៊ី ជិនភីង យុទ្ធនាការកណ្ដាប់ដៃដែកនេះនៅតែបន្តរហូត ដោយគ្មានការបន្ធូរដៃអ្វីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com