ជាតិ
ដីកា​សម្រេច​ឲ្យ​ប្រហារជីវិត​មាន់​ជល់​៩២​ក្បាល​នៅ​ខេត្តកណ្តាល​
27, Dec 2017 , 3:09 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាន់​៩២​ក្បាល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រកលុយ​នៅ​សង្វៀន​បញ្ជល់​មួយ​ក្នុង​ខេត្តកណ្តាល ហើយ​បន្ទាប់ពី​ម្ចាស់​ពួកវា​មាន​បញ្ហា មាន់​ដែល​លែងមាន​ប្រយោជន៍​សម្រាប់​ល្បែងភ្នាល់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ចេ​ច​ចោល តាម​អំណាច​នៃ​ដី​កាស​ម្រ​ចមួយ​របស់​តុលាការ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៩ ខែធ្នូ​។​



«​ជីវិត​មាន់​ជល់​» ៩២​ក្បាល ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្ដាល សម្លាប់​ក្រោម​ហេតុផល​ថា បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​ជាថ្មី​។ តាមរយៈ​ដីកា​សម្រេច របស់​សាលាដំបូង​ខេត្តកណ្ដាល បានបញ្ជាក់​មូលហេតុ​ដូច្នេះ​ថា​៖«​ការថែរក្សា​នូវមាន់​ជល់ ចំនួន​៩២​ក្បាល មានការ​លំបាក និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើតមាន​ជាថ្មី និង​ដើម្បី​ព​ន្លឿ​ន​នូវ​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឲ្យ​បាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​សម្រេច​កម្ទេចចោល នូវមាន់​ចំនួន​៩២​ក្បាល​ខាងលើនេះ​»​។​

​បើ​និយាយ​ពី​តម្លៃ​វិញ មាន់​ខ្លះ​មានតម្លៃ​១​ម៉ឺន​ដុល្លារ ទៅ​២​ម៉ឺន​ដុល្លារ​ទៀតផង​។ នេះ​បើតាម​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ស៊ើបអង្កេត​លើ​អ្នកកាសែត ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណីនេះ​។​

​មាន់​ជល់​ចំនួន​៩២​ក្បាល ត្រូវបាន​សមត្ថកិច្ច ប្រមូលបាន​ពីស​ង្វៀន​ជល់​មាន់​ខេត្ត ដែលមាន​ម្ចាស់​ឈ្មោះ ថៃ ដា​នី ហៅ ម៉ាប់ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្មួយ​ប្រសារ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ថៃ ដា​នី បានប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ក្រោយពី​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​តាម​ចាប់ខ្លួន​។ សុំ​ណុំ​រឿង​ជនសង្ស័យ​ឈ្មោះ ថៃ ដា​នី កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពីបទ បើក​ល្បែងស៊ីសង​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ០៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។​

​ដីកា​សម្រេច​ប្រហារជីវិត​សត្វ​មាន់​នេះ ធ្វើឡើង​ដោយ លោក​ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ និង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​៕
អត្ថបទទាក់ទង


Tag:
 មាន់​ជល់
© រក្សាសិទ្ធិដោយ thmeythmey.com