អន្តរជាតិ
តៃវ៉ាន់មិនស្រណុកចិត្តព្រោះចិនធ្វើសមយុទ្ធច្រើនពេក តែចិនថា យូរទៅស៊ាំហើយ
× កោះតៃវ៉ាន់មិនស្រណុកចិត្តឡើយចំពោះសមយុទ្ធជាញឹកញយរបស់កងទ័ពចិននៅតំបន់ក្បែរដែនកោះរបស់ខ្លួន។ ចិន ដែលចាត់ទុកតៃវ៉ាន់ជាអាណាខេត្តរបស់ខ្លួន តែងបញ្ជូនយន្តហោះចម្បាំងឆ្វែលតំបន់ជុំវិញកោះតៃវ៉ាន់ ក្រោមហេតុផលធ្វើសមយុទ្ធ។ តៃវ៉ាន់ព្រមានថា ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់របស់ចិននៅកន្លងមកនេះកំពុងគំរាមកំហែងសន្តិសុខរបស់ខ្លួនខ្លាំង។ ប៉ុន្តែក្រុងប៉េកាំងឆ្លើយវិញថា តៃវ៉ាន់នឹងស៊ាំទៅនឹងសមយុទ្ធនេះមិនខាន។
បន្ទាប់ពីលោកស្រី Tsai Ing-wen អ្នកនយោបាយមាននិន្នាការប្រកាសឯករាជ្យ ក្លាយជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ ២០១៦ មហាយក្សចិនចាប់ផ្តើមបង្កើនសមយុទ្ធយោធានៅក្បែរៗកោះតៃវ៉ាន់ ជាពិសេសសមយុទ្ធជើងអាកាសតែម្ដង។ បើតាមរបាយការណ៍ក្រសួងការពារជាតិតៃវ៉ាន់ គ្រាន់តែក្នុងឆ្នាំ ២០១៧ នេះ សមយុទ្ធយោធាចិនកើតឡើងយ៉ាងហោចណាស់ ១៦ដងឯណោះ។ តៃវ៉ាន់ពិតជាដេកមិនលក់ បក់មិនល្ហើយឡើយចំពោះរឿងនេះ។
កាលពីសប្ដាហ៍មុន យោធាចិនទើបចាប់ផ្ដើមសមយុទ្ធចោមព័ទ្ធនៅក្បែរតៃវ៉ាន់ ដោយមានការចូលរួមពីសព្វាវុធទំនើបៗជាច្រើន។ សារព័ត៌មានរដ្ឋចិនបានផ្សាយពីសមយុទ្ធនេះ ដោយក្នុងនោះក៏បង្ហាញពីវត្តមានយន្តហោះទម្លាក់គ្រាប់បែក H-6 ហោះលើសមុទ្រជុំវិញតៃវ៉ាន់ទៅទៀត។ ជុំវិញសមយុទ្ធឥតឈប់ឈរនេះ ការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិនដីគោកអះអាងថា វាគ្រាន់តែជាលំហាត់យោធាធម្មតាប៉ុណ្ណោះ។
ក្នុងន័យការពារសមយុទ្ធរបស់ខ្លួន លោក An Fengshan អ្នកនាំពាក្យការិយាល័យខាងលើនិយាយដោយមិននិយាយចំឈ្មោះតៃវ៉ាន់ ថា មនុស្សគ្រប់គ្នានឹងស៊ាំទៅនឹងសមយុទ្ធនេះបន្តិចម្ដងៗ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តាំងពីដើមកមកនោះ ចិនមិនដែលរាថយក្នុងការប្រើប្រាស់កម្លាំងដើម្បីដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ឡើយ ហើយជារឿយៗគំរាមថា ខ្លួននឹងវាយសង្គ្រប់ បើរដ្ឋាភិបាលហ៊ានប្រកាសផ្ដាច់ខ្លួនជាចំហនោះ។ តៃវ៉ាន់ដែលប្រកាន់ប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យនោះ គ្មានបំណងចូលរួមជាមួយចិនកុម្មុយនីស្តឡើយ ហើយការឡើងអំណាចរបស់លោកស្រី Tsai ធ្វើឲ្យគំនិតប្រកាសឯករាជ្យពុះកញ្ជ្រោលឡើងដែរ រហូតដល់ចិនដីគោកបារម្ភខ្លាំង។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីតៃវ៉ាន់ប្រកាសថា ខ្លួនចង់បានសន្តិភាពជាមួយចិន។ ក្នុងសន្និសីទកាសែតចុងឆ្នាំ ប្រមុខរដ្ឋាភិបាលតៃវ៉ាន់លោក William Lai និយាយថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមសេចក្ដីសម្រេចរបស់លោកស្រីប្រធានាធិបតី Tsai ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ សំដៅការអភិវឌ្ឍដោយសន្តិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com