អន្តរជាតិ
មេដឹកនាំ​របប​សឹក​ថៃ ថា ២០១៨ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​
28, Dec 2017 , 8:39 am        
រូបភាព
មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ South China Morning Post)
មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ South China Morning Post)
​មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបង្ហាញ​ក្ដីសង្ឃឹម​ថា ឆ្នាំ​២០១៨ នឹង​ក្លាយជា​ឆ្នាំ​សម្រាប់​ការផ្លាស់ប្ដូរ​នៅក្នុង​ប្រទេស​ដើម្បី​ឈានទៅរក​អភិបាលកិច្ច​ល្អ​។ នេះ​ក៏​ព្រោះតែ​ក្នុង​ឆ្នាំ​២០១៨ ការបោះឆ្នោត​ជាទូទៅ​ត្រូវធ្វើ​ឡើងជា​លើកដំបូង ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ របស់​យោធា​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ផ្ទាល់​។ លោក ប្រា​យុទ្ធ ក៏​សន្យា​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ឆាប់​មួម៉ៅ​របស់លោក​ដើម្បី​បំពេញចិត្ត​ប្រជាជន​ផង​។​



«​ខ្ញុំ​ជូនពរ​ឲ្យ​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ជោគជ័យ ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ និង​ជា​ឆ្នាំ​សម្រាប់​ការរៀបចំ​ដំណើការ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ​។​» នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ថៃ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចល័ត​នៅ​ខេត្ត​សុខោទ័យ នៅ​ថ្ងៃទី​២៦ ខែធ្នូ​។ លោក ប្រា​យុទ្ធ ក៏បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​គ្រប់ភាគី​ទាំងអស់​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ក្នុងស្រុក និង​ការផ្សះផ្សា​ជាតិ ដ្បិត​លោក​មិន​ចង់​ប្រើ​អំណាច​ច្រើនពេក​ឡើយ​។​

២០១៨ គឺជា​ឆ្នាំ​សំខាន់​ក្នុង​នយោបាយ​ថៃ​។ ការបោះឆ្នោត​ថ្នាក់ជាតិ​នឹង​រៀបចំឡើង​តាម​ការសន្យា​របស់លោក ប្រា​យុទ្ធ បន្ទាប់ពី​ពន្យារពេល​ជា​ច្រើនដង​រួចមក​។ ព្រឹត្តិការណ៍​នេះ​ស្ថិតក្នុង​ផែនទី​ចង្អុល​ផ្លូវ​ដែល​ដាក់ចេញ​ដោយ​របប​យោធា ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​រួចមក​។ ការពន្យារពេល​បោះឆ្នោត​ម្ដង​ហើយ​ម្ដងទៀត​នេះ ធ្វើ​ឲ្យ​របប​សឹក​ថៃ​រង​ការរិះគន់​ខ្លាំង​ពីរ​បរទេស​ដែល​ចង់​ឲ្យ​ថៃ​វិល​ទៅរក​ប្រជាធិបតេយ្យ​ឲ្យ​បាន​លឿន​។​

​ជុំវិញ​ផែនការ​បោះឆ្នោត​នេះ សភា​នីតិបញ្ញត្តិ​ថៃ​កំពុង​សស្រាក់សស្រាំ​ក្នុងការ​អនុម័ត​ច្បាប់​សំខាន់​ឲ្យ​ទាន់​កាលបរិច្ឆេទ​ប្រកាស​ដោយ​រដ្ឋាភិបាល​។ សេចក្ដីព្រាងច្បាប់​ជ្រើសរើស​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា ដើម្បី​ឲ្យ​មាន​ភាពទាក់ទង​គ្នា​។ ពេល​សល់​មិនយូរ​ឡើយ​សម្រាប់​ការអនុម័ត​ច្បាប់គ្រឹះ​សំខាន់​ទាំងនេះ ខណៈដែល​ការបោះឆ្នោត​រំពឹងថា​នឹង​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ជាមួយនឹង​ការសន្យា​ពាំនាំ​ជោគជ័យ​សម្រាប់​ប្រទេស មេដឹកនាំ​របប​យោធា​រូបនេះ​ក៏​នឹង​កែប្រែ​អត្តចរិត​មួម៉ៅ​របស់លោក​ដែរ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បញ្ជាក់ថា ប្រជាជន​ចង់ឃើញ​លោក​ញញឹម និង​ចង់​ឮ​លោក​និយាយ​ពាក្យ​ល្អ​ច្រើន​។ «​ខ្ញុំ​នឹង​កំប្លែង​ច្រើន​នៅ​ឆ្នាំក្រោយ ទោះ​ជាមាន​អ្នកខ្លះ​ធ្វើ​ខ្ញុំ​មួម៉ៅ​ក្ដី​។ ខ្ញុំ​ក្ដៅក្រហាយ​ទៀតហើយ​។​» នេះ​ជាការ​សន្យា​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​សម្រាប់​ឆ្នាំ​២០១៨ ។ 

​ទោះជា​លោក​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​បង្ករឿង​ក្ដៅក្រហាយ​ក្ដី គេ​អាច​យល់បាន​ថា លោក ប្រា​យុទ្ធ ចង់​សំដៅ​អ្នកនយោបាយ​ក្នុងស្រុក​ទាំងអស់ ដែលជា​រឿយៗ​រិះគន់​ការដឹកនាំ​របស់លោក និង​ទាមទារ​ឲ្យ​លោក​ឆាប់​រៀបចំ​ការបោះឆ្នោត ខណៈ​អ្នកខ្លះ​ចោទថា​លោក​ចង់​បន្តអំណាច​ទៅទៀត​។ ការទាមទារ​ទំនងជា​ធ្វើ​ឲ្យ​លោក​ឈឺក្បាល​ខ្លាំង ទោះជា​លោក​បកស្រាយ​ម្ដង​ហើយ​ម្ដង​ទៀតថា អ្វីៗ​ត្រូវ​ដើរ​តាម​ផែនទី​ចង្អុល​ផ្លូវ​ទាំងអស់​។


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com