អន្តរជាតិ
ប្រទេស​អាស៊ី​ប្រាំ​នឹង​ដណ្តើម​តំណែង​លោកខាងលិច​ជា​រដ្ឋ​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេត្រឹម​ឆ្នាំ ២០៣២
28, Dec 2017 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាប័ន​ស្រាវជ្រាវ​អង់គ្លេស​បាន​ព្យាករ​ថា មហា​យក្ស​ចិន​នឹង​ជំនួស​តំណែង​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​នៅត្រឹម​ឆ្នាំ ២០៣២​។ ចំណែក​ប្រទេស​អាស៊ី​ចំនួន​បួន​មានដូចជា​ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង ឥណ្ឌូណេស៊ី​នឹង​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ចំនួន​ដប់​ផងដែរ​។



​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ធុរកិច្ច​របស់​អង់គ្លេស (CEBR)  បាន​អះអាងថា មហា​យក្ស​ចិន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីមួយ​ដោយ​វ៉ា​ដាច់​អាមេរិក​នៅ​ឆ្នាំ ២០៣២ ខាងមុខ​។

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik បាន​ស្រង់​សម្តី​ក្នុង​របាយការណ៍​ខាងលើ​ថា កំណើនសេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន​បន្ត​មាន​ទៅមុខ បើទោះបីជា​វា​យឺត​ជាង​មុន​ក៏ដោយ​។ ដូច្នេះហើយ​នៅ​ឆ្នាំ ២០៣២ ចិន​អាចមាន​លទ្ធភាព​នាំមុខ​អាមេរិក​។​

​ក្រៅពី​ការ​រះ​ត្រដែត​ឡើង​របស់​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លើ​នៅ​លេខ​រៀង​ទីមួយ ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​មានដូចជា ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង​ឥណ្ឌូណេស៊ី​ក៏​នឹង​ស្ថិត​ក្នុងចំណោម​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ដប់​លើ​ពិភពលោក​ផងដែរ​។

​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី​បី​នៅ​ឆ្នាំ ២០២៧ ឈ្នះ​ជប៉ុន និង​អាល្លឺម៉ង់​។ ហើយ​អ្វីដែល​សំខាន់​ត្រឹម​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ ឥណ្ឌា​ដោយ​វ៉ា​ដាច់​ប្រទេស​បារាំង និង​អតីត​ម្ចាស់​អាណានិគម​របស់ខ្លួន​អង់គ្លេស​ផង​។

​ចំណែក​កូរ៉េខាងត្បូង​ដែល​សេដ្ឋកិច្ច​បច្ចុប្បន្ន​ស្ថិតនៅ​លេខ​រៀង​ទី​១១ និង​ឥណ្ឌូណេស៊ី​ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ ១៦ នោះ​នឹង​ឡើងមក​ក្នុងចំណោម​ប្រទេស​ដប់​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​ឆ្នាំ ២០៣២​ផងដែរ​។​

​របាយការណ៍​ស្ថាប័ន​ស្រាវជ្រាវ​ខាងលើ​បាន​បន្ថែម​ផងដែរ​ថា ប្រទេស​កាណាដា និង​អ៊ីតាលី​បាន​ធ្លាក់​ចេញពី​តារាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ចំនួន​ដប់​លើ​ពិភពលោក ខ ណៈ​ដែល​ប្រេ​ស៊ី​ល​ធ្លាក់​ពី​លេខ​ប្រាំបី មក​លេខ​ប្រាំមួយ​វិញ​៕


Tag:
 អាស៊ី​
  CEBR
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com