អន្តរជាតិ
លោកណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលមានទ័ពអាកាសខ្លាំងបំផុត អាចកម្ទេចការគំរាមគ្រប់យ៉ាង
× នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៧ ខែធ្នូ បានអួតអាងពីសមត្ថភាពកងទ័ពជើងអាកាសរបស់អ៊ីស្រាអែល ដែលអាចកម្ចាត់រាល់ការគំរាមកំហែងទាំងអស់។ លោក ណេតាន់យ៉ាហ៊ូ ទំនងជាចង់ឆ្លើយតបនឹងការគំរាមរបស់អ៊ីរ៉ង់នាពេលកន្លងមក ដែលចង់កម្ទេចអ៊ីស្រាអែលឲ្យបាត់ពីផែនទីពិភពលោក។ អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាសត្រូវស៊ីសាច់ហុតឈាមនោះ តែងគំរាមគ្នាទៅវិញទៅមកតាមរយៈការអួតពីសមត្ថភាពយោធារៀងៗខ្លួន។
នៅឯមូលដ្ឋានទ័ពអាកាសនៅភាគខាងត្បូងប្រទេស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា សមត្ថភាពកងទ័ពអាកាសអ៊ីស្រាអែលស្ថិតនៅចំណុចកំពូល ព្រោះមានសញ្វវុធទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ មានអ្នកបើកបរយន្តហោះចំណាន ក៏ដូចជាសមត្ថភាពការពារ និងប្រយុទ្ធល្អទៅទៀត។ ជាមួយនឹងសមត្ថភាពខ្ពស់បែបនេះ លោក ណេតាន់យ៉ាហ៊ូ អួតថា យោធាអ៊ីស្រាអែល អាចវាយប្រហារគោលដៅជិត ឬឆ្ងាយបានទាំងអស់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលើកឡើងបែបនេះ ខណៈដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងរំជើបរំជួលខ្លាំង ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសប្ដូរទីតាំងទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម និងជាការវាយបកលើការគំរាមរបស់អ៊ីរ៉ង់ ដែលជាសត្រូវចាស់ផង។ អ៊ីស្រាអែលមិនសប្បាយចិត្តឡើយ ពេលអ៊ីរ៉ង់ចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅស៊ីរី ព្រោះនេះមានន័យថា អ៊ីរ៉ង់ចូលកាន់តែកៀកទឹកដីអ៊ីស្រាអែលហើយ។
ជុំវិញរឿងនេះ អ៊ីស្រាអែលបានលើកឡើងច្រើនដងហើយថា ខ្លួនមិនអនុញ្ញាតឲ្យអ៊ីរ៉ង់បង្កើតវត្តមានយោធានៅលើទឹកដីស៊ីរីឡើយ។ ស្ថានការណ៍នៅស៊ីរីសព្វថ្ងៃដែលកម្លាំងរដ្ឋាភិបាលស៊ីរីដណ្ដើមទឹកដីបានមកវិញយ៉ាងច្រើនដោយមានការជ្រោមជ្រែងរបស់អ៊ីរ៉ង់ដែរនោះ កំពុងធ្វើឲ្យអ៊ីស្រាអែលព្រួយបារម្ភយ៉ាងខ្លាំង។ ជោគជ័យរបស់ប្រធានាធិបតី Bashar al-Assad ធ្វើឲ្យអ៊ីរ៉ង់ជាគូប្រជែងរបស់អ៊ីស្រាអែលពង្រីកឥទ្ធិពលយ៉ាងរឹងមាំក្នុងតំបន់។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក ណេតាន់យ៉ាហ៊ូ ក៏បានប្រកាសជាចំហថា អ៊ីស្រាអែលនឹងរារាំងអ៊ីរ៉ង់ឲ្យបាន និងមិនទុកផ្លូវឲ្យកងទ័ពអ៊ីរ៉ង់បង្កបញ្ហាបានទេ។ ដោយសំដៅកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នាយករដ្ឋមន្ត្រីដដែលនេះបញ្ជាក់ថា អ៊ីស្រាអែលនឹងចាត់វិធានការមិនឲ្យអាវុធប្រល័យលោកលេចរូបរាង ហើយប្រើនៅអ៊ីស្រាអែលឡើយ។
កងទ័ពអាកាសអ៊ីស្រាអែល ជាអង្គភាពទ័ពខ្លាំងក្នុងចំណោមអង្គភាពនានារបស់យោធាអ៊ីស្រាអែល។ អង្គភាពមួយនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារ និងសព្វាវុធទំនើបច្រើនមុខ ដែលជាភាគច្រើនផលិតនៅអាមេរិក និងខ្លះទៀតអភិវឌ្ឍដោយអ៊ីស្រាអែលផ្ទាល់។ នៅក្នុងខែធ្នូ យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed ទើបចូលបម្រើការផ្លូវការ បន្ថែមពីលើយន្តហោះស៊េរីចុងក្រោយរាប់សិបគ្រឿងនោះ៕
Tag:
អ៊ីស្រាអែល
អ៊ីរ៉ង់
ប៉ាឡេស្ទីន
បេនចាមីន ណេតាន់យ៉ាហ៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com