អន្តរជាតិ
ឧក្រិដ្ឋកម្ម​ធ្លាក់ចុះ​ក្នុងប្រទេស​ហ្វីលីពីន​ដោយសារ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte
28, Dec 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ឧក្រិដ្ឋកម្ម​បាន​ធ្លាក់ចុះ​ជាង ១ ភាគ ៥ នៅក្នុង​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៧ នេះ ដែល​ករណីនេះ​បានធ្វើ​ឲ្យ​សាធារណជន​សប្បាយចិត្ត និង​បាន​បង្ហាញថា ការធ្លាក់ចុះ​នេះ​អាច​បណ្ដាលមកពី​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដ៏​ប្រល័យ​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែលជា​យុទ្ធនាការ​មួយ​បង្ក​ឲ្យ​មានការ​ខឹងសម្បា​ពី​សំណាក់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​។​



​សកម្មភាព​ខុសច្បាប់​នានា​ដែល​ធ្វើឡើង​ប្រឆាំងនឹង​មនុស្ស និង​ទ្រព្យសម្បត្តិ បាន​ធ្លាក់ចុះ​ចំនួន ២១,៨ ភាគរយ ចាប់ពី​ខែមករា​រហូតដល់​ខែវិច្ឆិកា​ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​ជាមួយនឹង​រយៈពេល​ដូចគ្នានេះដែរ​ក្នុង​ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​តួលេខ​របស់​នគរបាល​ជាតិ​ហ្វីលីពីន​ដែល​បាន​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ហ្វីលីពីន​។​

​តួលេខ​នោះ​សំដៅលើ​ដំណើរ​វិ​វ​ឌ្ឍ​ទៅមុខ​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស​របស់លោក Duterte ក៏ដូចជា​កិច្ចប្រឹងប្រែង​ជាទូទៅ​របស់​ប៉ូលិស​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Antonio Contreras អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ De La Salle ក្នុងប្រទេស​ហ្វីលីពីន​។​

​តួលេខ​របស់​នគរបាល​ជាតិ​ហ្វីលីពីន​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ហ្វីលីពីន បាន​បង្ហាញថា ចំនួន​សរុប​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​រាយការណ៍​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ស្ថិតិ​នានា បាន​ធ្លាក់​ចុះមក​នៅត្រឹម ១០០៦៦៨ ករណី​នៅក្នុង​រយៈពេល ១១ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៧ នេះ​។ គេ​ឃើញ​មានតែ​ករណី​មនុស្សឃាត​ប៉ុណ្ណោះ ដែលមាន​ការកើនឡើង​។​

​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នានា​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​ថា ឧក្រិដ្ឋកម្ម​បាន​ធ្លាក់ចុះ​ចំនួន ៣៥ ភាគរយ ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លំអិត​នោះទេ​។​

​លោក Antonio Contreras បាន​និយាយថា ការស្ទង់មតិ​កន្លងមក​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ហ្វីលីពីន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​ក្រោយពី​លោក Duterte បានចាប់ផ្ដើម​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​មក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com