អន្តរជាតិ
កូរ៉េខាងត្បូងថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ មិនអាចដោះស្រាយបញ្ហាទាសករផ្លូវភេទបានទេ
× សំណុំរឿងស្ត្រីទាសករផ្លូវភេទ ដែលបន្សល់ទុកតាំងពីសង្គ្រាមលោកលើកទីពីរមកនោះ គឺជាឧបសគ្គរារាំងទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន។ ក្នុងឆ្នាំ២០១៥ កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោកស្រី ប៉ាក ហ្គឺនហេ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយជប៉ុនដើម្បីបញ្ចប់បញ្ហាឈឺចាប់នេះ។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានហៅកិច្ចព្រមព្រៀងនេះថា មិនគ្រប់ជ្រុងជ្រោយ និងមិនអាចព្យាបាលរបួសផ្លូវចិត្តបានឡើយ ហើយបានស្នើឲ្យមានការពិនិត្យឡើងវិញ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី២៨ ខែធ្នូ បាននិយាយរិះគន់ចំៗកិច្ចព្រមព្រៀងស្ដីពីបញ្ហាស្ត្រីបម្រើផ្លូវភេទរវាងកូរ៉េខាងត្បូង និងជប៉ុន ដែលសម្រេចបានក្នុងឆ្នាំ២០១៥ ។ លោក មូន ចេអ៊ីន ចាត់ទុកកិច្ចព្រមព្រៀងនេះថា នៅមានចន្លោះប្រហោង មានចរិតនយោបាយ ដែលមិនអាចដោះស្រាយបញ្ហាបានឡើយ។ លោកក៏បានស្នើឲ្យមានការចាត់វិធានការដើម្បីបំពេញចន្លោះប្រហោងនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានមើលឃើញពីបញ្ហាក្នុងពេលចរចា ក៏ដូចជាព័ត៌មានលម្អិតក្នុងកិច្ចព្រមព្រៀងនេះ។ ដោយចាត់ទុកជារឿងគួរឲ្យសោកស្ដាយ លោក មូន ចេអ៊ីន អះអាងថា កិច្ចព្រមព្រៀងនេះមិនបានស្ដាប់យោបល់ជនរងគ្រោះ និងសាធារណៈមតិនៅកូរ៉េខាងត្បូងឡើយ ហើយផ្ទុយពីគោលការណ៍អន្តរជាតិក្នុងការដោះស្រាយជម្លោះប្រវត្តិសាស្ត្រទៅទៀត។
ការរិះគន់របស់លោក មូន ចេអ៊ីន ធ្វើឡើងមួយថ្ងៃក្រោយក្រសួងការបរទេសកូរ៉េខាងត្បូងចេញផ្សាយលទ្ធផលត្រួតពិនិត្យរយៈពេលប្រាំខែលើកិច្ចព្រមព្រៀងនេះ។ លទ្ធផលបង្ហាញថា រដ្ឋបាលអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ បានបិទបាំងព័ត៌មានខ្លះនៃសម្បទានរបស់កូរ៉េខាងត្បូងទៅឲ្យជប៉ុនដើម្បីឲ្យកិច្ចព្រមព្រៀងនេះលេចជារូបរាង។ ក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុនសុខចិត្តសុំទោស និងផ្ដល់សំណងចំនួន៨,៩លានដុល្លារដល់ជនរងគ្រោះទាំងអស់ ហើយបញ្ហានេះមិនអាចសើរើទៀតឡើយ។
យ៉ាងណាមិញ លោក មូន ចេអ៊ីន មិនទាន់ច្បាស់ថា ត្រូវហែកកិច្ចព្រមព្រៀងនេះចោល ឬក៏ត្រូវចរចាម្ដងទៀតឡើយ។ មន្ត្រីវិមានប្រធានាធិបតី Cheong Wa Dae និយាយថា ឥឡូវនេះ ការសម្រេចចិត្តយ៉ាងណាមិនទាន់ទេ តែរដ្ឋាភិបាលនឹងស្ដាប់យោបល់ពីស្ត្រីរងគ្រោះ និងភាគីពាក់ព័ន្ធផ្សេងទៀតសិន មុននឹងសម្រេចចិត្តតាមក្រោយ។ ប៉ុន្តែលោក មូន លើកឡើងដែរថា លោកនឹងចែកឲ្យដាច់កិច្ចព្រមព្រៀងនេះជាមួយទំនាក់ទំនងទ្វេភាគីជាមួយជប៉ុន។
ឯជប៉ុនវិញ បានចេញមុខព្រមានដែរថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ មិនអាចបកក្រោយឡើយ ហើយបញ្ហាទាំងអម្បាលម៉ានជុំវិញស្ត្រីទាសករផ្លូវភេទនោះ ក៏ចប់ស្រេចបាច់អស់ហើយដែរ។ រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono និយាយថា ការប៉ុនប៉ងរបស់កូរ៉េខាងត្បូងក្នុងការសើរើកិច្ចព្រមព្រៀងឆ្នាំ២០១៥ នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីពិបាកគ្រប់គ្រង ហើយកិច្ចព្រមព្រៀងនេះកើតចេញពីការចរចាស្របច្បាប់៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com