អន្តរជាតិ
ក្វា​តេ​ម៉ា​ឡា ថា​ខ្លួន​ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​មិនមែន​ព្រោះ​អាមេរិក​ដាក់​សម្ពាធ​ឡើយ​
28, Dec 2017 , 3:50 pm        
រូបភាព
​រដ្ឋាភិបាល​ក្វា​តេ​ម៉ា​ឡា បាន​បដិសេធ​ការចោទប្រកាន់ថា អាមេរិក​ដាក់​សម្ពាធ​លើ​ខ្លួន​ឲ្យ​សម្រេច​ប្តូរ​ស្ថានទូត​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ ទោះ​មិនមាន​សម្ពាធ​ពី​អាមេរិក​ក្តី កា្វ​តេ​ម៉ា​ឡា​ពឹងផ្អែក​សំខាន់​លើ​ជំនួយ​អាមេរិក​ដើម្បី​អភិវឌ្ឍ និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​របស់ខ្លួន​។



«​វា​គ្មាន​សម្ពាធ​អ្វី​ពី​អាមេរិក​ឡើយ​។ វា​មិន​មានការ​លូកដៃ​អ្វី​ពី​អាមេរិក​ដើម្បី​ឲ្យ​យើង​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​ទេ​។ វា​ជាការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្វា​តេ​ម៉ា​ឡា​។ វា​ជា​សិទ្ធិ​អធិបតេយ្យ និង​គោលនយោបាយ​ការបរទេស​របស់​យើង​»​។ នេះ​ជាស​ម្តី​របស់​រដ្ឋមន្ត្រីការបរទេស​កា្វ​តេ​ម៉ា​ឡា Sandra Jovel  ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​រដ្ឋមន្ត្រីការបរទេស​ខាងលើ​បាន​ពន្យល់​បន្ថែមថា ក្វា​តេ​ម៉ា​ឡា​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល ហើយ​ខ្លួន​ក៏​មិនបាន​ស្នើសុំ​អ្វី​ពី​អ៊ីស្រាអែល និង​អាមេរិក​ជា​ថ្នូរ​នឹង​ការប្តូរ​ទីតាំង​ស្ថានទូត​នេះដែរ​។

​លោកស្រី​ប្រមុខ​ការទូត​នេះ​សង្កត់ធ្ងន់ថា វា​មិនមែនជា​ការប្តូរ​ទីតាំង​ស្ថានទូត​ឡើយ វា​ជាការ​ត្រឡប់​នៃ​ស្ថានទូត​ទៅកាន់​កន្លែង​ដើម​ប៉ុណ្ណោះ​។ កា្វ​តេ​ម៉ា​ឡា​មាន​ស្ថានទូត​នៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​តាំងពី​យូរ​រហូតដល់​ឆ្នាំ ១៩៧៨ ទើប​ប្តូរ​ទីតាំង​ស្ថានទូត​ទៅ Tel Aviv វិញ​។

​ការចោទប្រកាន់ថា ក្វា​តេ​ម៉ា​ឡា​នេះ​ទទួលរង​សម្ពាធ​ពី​សហរដ្ឋអាមេរិក​កើត​មាន​ឡើង ក្រោយ​មានការ​បោះឆ្នោត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ ប្រទេស​ប្រាំបួន​ក្នុងនោះ​មាន​អាមេរិក អ៊ីស្រាអែល និង​កា្វ​តេ​ម៉ា​ឡា​ផង​នោះបាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​មហាសន្និបាត ខណៈដែល​ប្រទេស ១២៨ បោះឆ្នោត​គាំទ្រ ទោះ​តំណាង​អាមេរិក​គំរាម​កត់​ឈ្មោះ​និង​ផ្តាច់ជំនួយ​អ្នកប្រឆាំង​អាមេរិក​ក្តី​។​

​ប្រធានាធិបតី​ក្វា​តេ​ម៉ា​ឡា លោក Jimmy Morales បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា ក្វា​តេ​ម៉ា​ឡា នឹង​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​សហរដ្ឋអាមេរិក ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​ទាំង​អាមេរិក និង​ក្វា​តេ​ម៉ា​ឡា មិន​បញ្ជាក់ថា​ពេលណា​ខ្លួន​ប្តូរ​ទីតាំង​ស្ថានទូត​នេះឡើយ​។ 

​ជារួម​កា្វ​តេ​ម៉ា​ឡា ប្រហែលជា​មិន​រង​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ឡើយ ប៉ុន្តែ​រដ្ឋ​អាមេរិក​ខាងត្បូង​នេះ​ពឹងផ្អែក​សំខាន់​លើ​ជំនួយ​អាមេរិក​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​កាត់បន្ថយ​ភាពក្រីក្រ​ទប់ស្កាត់​ចលនា​ចំណាកស្រុក​ជាដើម​។ ក្នុង​ឆ្នាំ ២០១៧ អាមេរិក​ផ្តល់ជំនួយ​ដល់​ប្រទេស​នេះ​ក្នុង​ទំហំ​រហូតដល់ ១៤០ លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ដូច្នេះហើយ​ចង់​មិន​ចង់ កា្វ​តេ​ម៉ា​ឡា​ត្រូវ​យកចិត្ត​អាមេរិក​៕


Tag:
 ក្វា​តេ​ម៉ា​ឡា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com