អន្តរជាតិ
អាមេរិក​៖ ធ្វើ​មិត្ត​នឹង​គ្នា​ជាង​៦០​ឆ្នាំ ទីបំផុត​ទើប​ដឹងថា ជា​បងប្អូន​បង្កើត​នឹង​គ្នា​
28, Dec 2017 , 9:19 pm        
រូបភាព
Front លោក Walter (ឆ្វេង) និងលោក Alan ដែលទើបតែដឹងថា ពួក​គាត់ជាបងប្អូន​បង្កើតនឹងគ្នា
Front លោក Walter (ឆ្វេង) និងលោក Alan ដែលទើបតែដឹងថា ពួក​គាត់ជាបងប្អូន​បង្កើតនឹងគ្នា
ដោយ: ធីតា
​លោក Alan Robinson និង​លោក Walter Macfarlane ជា​មិត្តភក្តិ​នឹង​គ្នា​តាំងពី​រៀន​ថ្នាក់​បឋម​នៅ​ក្រុង Honolulu កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។ ពួកគាត់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​អស់​រយៈពេល​ជាង​៦០​ឆ្នាំ  ហើយ​បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​តេ​ស្តិ៍ DNA ទើប​ដឹងថា ពួកគាត់​ជា​បងប្អូន​បង្កើត​ដែល​រួម​ផ្ទៃ​ម្តាយ​តែមួយ​។​



​លោក Walter Macfarlane អាយុ​៧៤​ឆ្នាំ និង​លោក Alan Robinson អាយុ​៧២​ឆ្នាំ រៀន​ជាមួយគ្នា​នៅ​ថ្នាក់​បឋម ដោយ​ធ្លាប់​លេង​បាល់ (​បែប​អាមេរិក​) ជាមួយគ្នា និង​ធ្លាប់​និយាយ​លេង​ដាក់គ្នា​ថា អាច​រៀបការ​ជាមួយ​នារី​តែ​ម្នាក់​រួមគ្នា​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន KHON2 ប្រចាំ​កោះ​ហា​វ៉ៃ  អ្នក​ទាំងពីរ​បានប្រកាស​នៅមុន​ពិធីបុណ្យ​ណូអែល​ថា ពួកគាត់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​។​



​លោក Alan ត្រូវបាន​គ្រួសារ​មួយ​យកទៅ​ចិញ្ចឹម ខណៈ​លោក Walter រស់នៅ​ជាមួយ​ម្តាយ​ដោយ​មិន​ស្គាល់​អ្នកណា​ជា​ឪពុក​របស់ខ្លួន​នោះឡើយ​។ ទីបំផុត លោក Walter បានសម្រេច​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​របស់ខ្លួន​នៅលើ​គេហទំព័រ Ancestry.com ។ ការស្រាវជ្រាវ​បន្ត​រហូតដល់​មានការ​ធ្វើ​តេ​ស្តិ៍ DNA ទីបំផុត​លោក Walter រកឃើញ មនុស្ស​ម្នាក់​ដែល​ប្រើ​ឈ្មោះថា Robi737 មាន​ក្រូម៉ូសូម X ដូចគ្នា​។​

​ឆ្លងកាត់​ការធ្វើ​តេស្ត៍ DNA និង​ផ្ទៀងផ្ទាត់​យ៉ាងច្បាស់​លាស់ ទីបំផុត លោក Walter បាន​រកឃើញ​បង​បង្កើត​របស់ខ្លួន ពោលគឺ​លោក Alan ឬ Robi737 តែម្តង​។ វា​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​ពួកគាត់ ដែល​បានធ្វើ​មិត្ត​នឹង​គ្នា​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​។​



​តាម​ការផ្សាយ​របស់ KHON2 លោក Alan និង​លោក Walter បាន​លើកឡើងថា វា​ជា​កាដូ​ថ្ងៃបុណ្យ​ណូអែល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ពួកគាត់ ដែលមាន​អនុស្សាវរីយ៍​ជាច្រើន​រួមគ្នា​ក្នុងនាម​ជា​មិត្តភក្តិ ។ ជាមួយនឹង​អារម្មណ៍​ដែល​ពិបាក​ថ្លែង បងប្អូន​ទាំងពីរ​គម្រោង​ធ្វើដំណើរ​ទេសចរណ៍​រួមគ្នា​ក្នុងនាម​ជា​និវត្តន៍​ជន​ដូចគ្នា​៕


Tag:
 DNA
  គ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com