អន្តរជាតិ
កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ក្បែរ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន​
28, Dec 2017 , 5:24 pm        
រូបភាព
​យោធា​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ក្បែរ​ប្រជុំ​កោះ Dokdo នៅ​សមុទ្រ​ជប៉ុន​។ ប្រជុំ​កោះ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កូរ៉េខាងត្បូង តែ​ជា​តំបន់​ប្រទាញប្រទង់ ព្រោះ​ជប៉ុន​ក៏​ទាមទារ​កម្មសិទ្ធិ​ជា​ម្ចាស់​ដែរ ដោយបាន​ដាក់ឈ្មោះ​ប្រជុំ​កោះ​នេះ​ថា Takeshima ។ ច្បាស់​ណាស់​ថា សមយុទ្ធ​របស់​ក្រុង​សេ​អ៊ូ​ល​ពិតជា​បង្ក​ការក្ដៅក្រហាយ​ដល់​ក្រុង​តូ​ក្យូ​មិន​ខាន​។​



​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នៅ​ថ្ងៃទី​២៨ ខែធ្នូ នៅ​តំបន់​សមុទ្រ​ជិត​ប្រជុំ​កោះមាន​ជម្លោះ Dokdo ។ សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃនេះ មាន​គោលដៅ​ការពារ​កោះ​ពី​ការឈ្លានពាន​របស់​កម្លាំង​បរទេស​ដោយមាន​ការចូល​រួម​ពី​កម្លាំង​នានា​ដូចជា​ប៉ូលិស កង​ឆ្មាំ​ការពារ​ឆ្នេរ ទ័ពអាកាស និង​កងទ័ព​ម៉ា​រី​ន​ផង​។

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap នាវាចម្បាំង​ចំនួន​ប្រាំ​គ្រឿង​រាប់ទាំង​នាវា​ពិឃាត​ផង យន្តហោះ​ចម្បាំង យន្តហោះ​ល្បាត និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​បានបង្ហាញ​មុខ​ក្នុង​សមយុទ្ធ​។ នេះ​ជា​លើក​ទី​ពីរ​ដែល​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​របៀបការ​ពារ​នេះ ចាប់តាំងពី​លោក មូ​ន ចេ​អ៊ី​ន ក្លាយជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ខែឧសភា​មក ខណៈ​សមយុទ្ធ​លើកទីមួយ​ធ្វើឡើង​កាលពី​ខែមិថុនា​កន្លងទៅ​។​

​ដូច​សព្វមួយដង​នោះ ក្រុង​តូ​ក្យូ​ប្រាកដជា​តវ៉ា​នឹង​សមយុទ្ធ​នេះ​មិន​ខាន ប៉ុន្តែ​យោធា​កូរ៉េខាងត្បូង​បកស្រាយ​ថា សមយុទ្ធ​នេះ​គ្មាន​គោលដៅ​ផ្សេង​ទេ ព្រោះ​ជា​គម្រោង​រៀបចំ​ទុក​មុន​។ ជា​យូរ​មកហើយ ក្រុង​តូ​ក្យូ​បានទាមទារ​ប្រជុំ​កោះ Dokdo ដែល​ស្ថិតនៅក្នុង​សមុទ្រ​ចន្លោះ​កូរ៉េខាងត្បូង និង​ជប៉ុន ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។

​ជម្លោះ​លើ​ប្រជុំ​កោះ​សម្បូរ​ថ្ម​នេះ បង្ក​ជា​ជម្លោះ​ការទូត​យ៉ាងខ្លាំង​រវាង​អ្នកជិតខាង​ទាំងពីរ បន្ថែម​ពីលើ​បញ្ហា​ប្រវត្តិសាស្ត្រ​ជាច្រើន​មកហើយ​នោះ​។ ក្រៅពី​ជម្លោះទឹកដី​នេះ កូរ៉េខាងត្បូង និង​ជប៉ុន​នៅមាន​បញ្ហា​មួយទៀត​ដែល​មិនទាន់​ដាច់ស្រេច គឺ​សំណុំរឿង​ស្ត្រី​បម្រើ​ផ្លូវភេទ​សម័យ​សង្គ្រាម ខណៈដែល​ក្រុង​សេ​អ៊ូ​ល​កំពុង​មិន​សប្បាយ​ចិត្តនឹង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។ សមយុទ្ធ​លើក​នេះ អាចជា​ការចាក់​សាំង​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ស្រាប់​ក៏​ថា​បាន​។

​សូមបញ្ជាក់ថា ប្រជុំ​កោះ Dokdo នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កូរ៉េ ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​ត្រូវបាន​បញ្ចប់ ដែល​ជប៉ុន​បានប្រកាស​ចុះចាញ់​បន្ទាប់ពី​អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​ពីរ​គ្រាប់​។ ជប៉ុន​បាន​ត្រួតត្រា​កោះ​នេះ​អំឡុង​ពេលដែល​ទាហាន​ជប៉ុន​ដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​ចន្លោះ​ឆ្នាំ​១៩១០-១៩៤៥ ៕


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com