អន្តរជាតិ
មេបក្ស​កុម្មុយនីស្ត​វៀតណាម ស្នើ​ឲ្យ​កងទ័ព​ពង្រឹងសមត្ថភាព​និង​តួនាទី​ដើម្បី​ផ្តល់​ក្តី​សុខ​ដល់​ប្រជាជន
28, Dec 2017 , 10:39 pm        
រូបភាព
ដោយ:
​ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម បានស្នើ​ឲ្យ​កងទ័ព​ទាំងអស់​បន្ត​ពង្រឹងសមត្ថភាព ក៏ដូចជា​តួនាទី​របស់ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ជាតិ និង​ប្រជាជន ។ ប្រមុខ​បក្ស​រូបនេះ ក៏​ថែមទាំង​ណែនាំ​ឲ្យ​កងទ័ព​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ស្របទៅនឹង​គោលនយោបាយ​របស់​បក្ស និង​ធ្វើ​សហការ​ជាមួយ​កងកម្លាំង និង​ភាគី​ស៊ីវិល​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​វៀតណាម​ទៀតផង ។​



​នា​សន្និសីទ​យោធា​និង​នយោបាយ​សម្រាប់​កងទ័ព​ទាំងអស់​នៅ​ថ្ងៃ ២៧ ធ្នូ លោក​អគ្គលេខាធិការ​ប​ក្ស​កុម្មុយនីស្ត​វៀតណាម Nguyễn Phú Trọng បានលើកឡើង​ពី​តម្រូវការ​នៃ​ការពង្រឹង​តួនាទី​ស្នូល​របស់​កងទ័ព​ក្នុង​ការធានា​សេចក្តីសុខ​របស់​ប្រជាជន​ទាំងអស់ ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​ការពារជាតិ​វៀតណាម​ផងដែរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News ។

​តាមរយៈ​វេទិកា​ដដែល​នោះ លោក​អគ្គលេខាធិការ បាន​ណែនាំ​ដល់​កងទ័ព​ឲ្យ​សហការ​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​ក្រសួង និង​អាជ្ញាធរ​ក្នុង​តំបន់​ដើម្បី​បង្កើត​តំបន់​ការពារ និង​អនុវត្ត​ផែនការ​ការពារជាតិ ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ឲ្យ​បាន​ទូទាំងប្រទេស ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោក​អគ្គលេខាធិការ​បក្ស ក៏បាន​ទទូច​ឲ្យ​កងទ័ព​ទាំងអស់ ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បំពេញបេសកកម្ម​សង្គ្រោះ​នានា ។

​សម្រាប់​ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម​រូបនេះ ការបង្កើត​កងទ័ព​ដែលមាន​ឆន្ទៈ​នយោបាយ​មិន​ប្រែប្រួល និង​ផ្តល់​តម្លៃ​ឲ្យ​ជាតិ បក្ស និង​ប្រជាជន គឺជា​រឿង​សំខាន់​ណាស់ ដ្បិត វា គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ធានាបាន​ពី​រចនាសម្ព័ន្ធ​រឹងមាំ និង​ជំរុញ​ឲ្យ​កងទ័ព​មាន​សមត្ថភាព​កាន់តែ​ខ្លាំងក្លា​ក្នុងការ​ប្រយុទ្ធ ។ លោក​សង្កត់ធ្ងន់ថា​៖«​កងទ័ព ក៏​ត្រូវតែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការបរទេស​ឯករាជ្យ និង​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​ការពារជាតិ​ខាងក្រៅ​របស់​បក្ស ដើម្បី​ធានា​ឲ្យ​បាន​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ជាតិ​ខ្លួន​» ៕


Tag:
 វៀតណាម​
  កងទ័ព​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com