អន្តរជាតិ
២០១៧៖ វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​
29, Dec 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សេដ្ឋកិច្ច​វៀតណាម​នៅក្នុង​ឆ្នាំ ២០១៧​នេះ​មាន​កំណើន ៦,៨១ ភាគរយ ដែល​គេ​ចាត់ទុកថា វា​ជា កំណើន​រហ័ស​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​។



​សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​រហ័ស​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​នៅក្នុង​ឆ្នាំ ២០១៧​នេះ កំណើនសេដ្ឋកិច្ច​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​មាន​ទំហំ ៦,៨១​ភាគរយ​ឯណោះ​។ បើតាម​របាយការណ៍​កា​រិ​យា​ល័យ​ស្ថិតិ​ទូទៅ​វៀតណាម កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៧​នេះ​ជា ខ្លាំង​បំផុត​មួយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​មកនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​របាយការណ៍​ស្ថាប័ន​ស្ថិតិ​ខាងលើ​ថា កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០១៧ នេះ​ខ្ពស់​លើស​ការ​ព្យាករ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ដែល​រំពឹង​ត្រឹម ៦,៧ ភាគរយ​ប៉ុណ្ណោះ ហើយ​វា​កើន​លើស​ឆ្នាំ ២០១៦ ដែលមាន​កំណើន​សរុប​ត្រឹម ៦,២ ភាគរយ​នោះ​។

​បើតាម​ប្រធានការិយាល័យ​ស្ថិតិ​ខាងលើ​លោក Nguyen Bich Lam កំណើនសេដ្ឋកិច្ច​វៀតណាម​ខ្ពស់​នេះ​ក៏​ដោយសារ​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម អាហារ​សមុទ្រ និង រុក្ខាប្រមាញ់​ផងដែរ​។​

​លោក Bich Lam បាន​និយាយ​ដូច្នេះ​៖ «​ការកើនឡើង​នៃ​ផលិតផល​កសិកម្ម និង​ការអភិវឌ្ឍ​នៃ​វិស័យ​ជលផល និង​រុក្ខាប្រមាញ់​ជា​ហេតុផល​សំខាន់​នៃ​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​របស់​យើង​នេះ​»​។​

​សម្រាប់​ការនាំចេញ​នៅក្នុង​ឆ្នាំ ២០១៧​នេះ ស្ថាប័ន​ខាងលើ​បានបញ្ជាក់​ឲ្យ​ដឹងថា ទំហំ​នៃ​ការនាំចេញ​សរុប​របស់​វៀតណាម​គឺ ២១៣ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​វា​កើនឡើង ២១ ភាគរយ​បើ​ប្រៀបធៀប​នឹង​ការនាំចេញ​ឆ្នាំ ២០១៦​។ 

​អ្នកជំនាញ​សេដ្ឋកិច្ច​ទទួលស្គាល់ថា​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​វៀតណាម​។ ក្រៅពីនេះ​វា​ក៏​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​ក្រៅប្រទេស និង​ក្នុងស្រុក​ផង ដោយ​វា​បាន​ជំរុញ​ក​ឲ្យ​ការផលិត​ក្នុងស្រុក​កើនឡើង ជំរុញ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការវិនិយោគ​បរទេស​ដូចគ្នា​។

​សម្រាប់​ឆ្នាំ ២០១៨ រដ្ឋាភិបាល​ក្រុង​ហាណូយ​រំពឹង​ផងដែរ​ថា សេដ្ឋកិច្ច​របស់ខ្លួន​នឹងមាន​កំណើន​ខ្ពស់​។ អ្នកជំនាញ​ធនាគារពិភពលោក​កោតសរសើរ​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នៅ​វៀតណាម​នេះ ប៉ុន្តែ​គេ​សង្កត់ធ្ងន់ថា វៀតណាម​ទំនងជា​ប្រឈម​ការលំបាក​ក្នុងការ​រក្សា​កំណើន​ឲ្យ​នៅ​ខ្ពស់​ដូច​ឆ្នាំ ២០១៧​នេះ​៕


Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  Nguyen Bich Lam
© រក្សាសិទ្ធិដោយ thmeythmey.com