អន្តរជាតិ
មូ​ហ្កា​បេ នឹង​បាន​ឡាន​, ផ្ទះ​,​អង្គរក្ស​,​ប្រាក់ខែ​ស្មើ​ប្រធានាធិបតី​...​ពី​រដ្ឋាភិបាល​
29, Dec 2017 , 11:19 am        
រូបភាព
​អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ នឹង​ទទួលបាន​កាដូ​មួយ​ដ៏​ធំ​សម្រាប់​ការចូលនិវត្តន៍​ពី​នយោបាយ​នេះ​។ បើតាម​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ លោក នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ស្មើ​ប្រធានាធិបតី​, អង្គរក្ស​, ឡាន​បី​គ្រឿង​, ផ្ទះ​, សេវា​ធានារ៉ាប់រង​សុខភាព និង​ធ្វើដំណើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដោយ​ឥតគិតថ្លៃ​។​



​ទោះ​បាត់បង់​តំណែង​ជា​មេដឹកនាំ​ផ្តាច់ការ​កាន់តំណែង​យូរ​ជាងគេ​នៅ​អាហ្វ្រិក​ក៏ដោយ លោក រ៉ូបឺត មូ​ហ្កា​បេ ក៏​មិន​ខ្វល់ខ្វាយ​ចិត្តខ្លាំង​ដែរ​។ ក្រៅពី​រួចខ្លួន​ពី​ការកាត់ទោស​រឿង​បំពាន​សិទ្ធិមនុស្ស លោក និង​ក្រុមគ្រួសារ​នឹង​ទទួលបាន​កាដូ​ពិសេស​ពី​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​ក្រោយ​ចាក​ចេញពី​អាជីព​ជា​អ្នកនយោបាយ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ក្នុងនាម​ជា​អតីត​ប្រមុខរដ្ឋ លោក មូ​ហ្កា​បេ នឹង​ទទួលបាន​កញ្ចប់​ផលប្រយោជន៍​សម្រាប់​ចូលនិវត្តន៍​នេះ ប៉ុន្តែ​មិនមាន​ការផ្តល់​កញ្ចប់​លុយ ១០​លាន​ដុល្លារ​ដូច​ការផ្សព្វផ្សាយ​កន្លង​មក​ឡើយ​។

​ក្នុងចំណោម​ផលប្រយោជន​ន៍​ទាំងនោះ​មានផ្ទះ​នៅក្នុង​រដ្ឋធានី ហា​រ៉ា​រេ ប្រាក់ខែ​ស្មើ​ប្រធានាធិបតី ឡាន អង្គរក្ស ធានារ៉ាប់រង​សុខភាព និង​ការធ្វើដំណើរ​មិន​គិតថ្លៃ​ក្នុងស្រុក និង​ទៅ​បរទេស​ទៀត​។

​លោក មូ​ហ្កា​បេ នឹង​ទទួលបាន​អ្នកបម្រើ​យ៉ាងតិច ២០​នាក់​ក្នុងនោះ​មាន​អង្គរក្ស ៦​នាក់ ហើយ​រដ្ឋាភិបាល​ជា​អ្នកចេញ​ថ្លៃ​រាល់​ការចំណាយ​។ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ស៊ីម​បា​វ៉េ ក្នុងនាម​ជា​អតីត​ប្រមុខរដ្ឋ លោក មូ​ហ្កា​បេ នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ស្មើ​ប្រធានាធិបតី​ផងដែរ​។​

​ក្រៅពីនេះ​លោក និង​ភរិយា​នឹង​អាច​សោយសុខ​ដោយមាន​រថយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចំនួន​បី​គ្រឿងក្នុង​នោះ​មាន​រថយន្ត Mercedes Benz មួយគ្រឿង​ផង​។ រថយន្ត​បី​គ្រឿង​នេះ​នឹងត្រូវ​ផ្លាស់ប្តូរ​ប្រាំ​ឆ្នាំ​ម្តង​ផងដែរ ហើយ​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ថ្លៃ​ចំណាយ​លើ​ការចាក់​សាំង​ថែមទៀត​។​

​សម្រាប់​ការរស់នៅ​វិញ លោក និង​ភរិយា​នឹង​ទទួលបាន​និវេសនដ្ឋាន​មួយកន្លែង​ដែល​អាច​នៅទីណា​ក៏ដោយ​ក្នុង​រដ្ឋធានី ហា​រ៉ា​រេ និង​មាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ថែមទៀត​។​

​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ អ្នក​ទាំងពីរ​ក៏​ទទួលបាន​លិខិតឆ្លងដែន​ការទូត​ដូចគ្នា  ហើយ​លោក មូ​ហ្កា​បេ និង​ភរិយា​ក៏​ទទួលបាន​ការធ្វើដំណើរ​តាម​យន្តហោះ និង​រថភ្លើង​ក្នុងប្រទេស​ដោយ​ទទួលបាន​កៅអី First-Class ដោយ​ឥត​សម្រាប់​រយៈពេល​បួន​ដង​ក្នុង​មួយឆ្នាំ​។ សម្រាប់​ការធ្វើដំណើរ​ទៅ​បរទេស អ្នក​ទាំងពី​ក៏​អាចធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​បួន​ដង​ក្នុង​មួយឆ្នាំ​ដូចគ្នា​។


Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូបឺត​មូ​ហ្កា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com