អន្តរជាតិ
សហរដ្ឋអាមេរិក​បន្ត​សេវាកម្ម​ទិដ្ឋាការ​ឡើងវិញ​នៅក្នុង​ប្រទេស​តួ​ក​គី​
30, Dec 2017 , 9:59 am        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សេវាកម្ម​ទិដ្ឋាការ​ពេញលេញ​សម្រាប់​ពលរដ្ឋ​តួ​ក​គី​ដែល​ប្រាថ្នា​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក នឹង​បន្ត​ឡើងវិញ​ហើយ​បាន​និយាយទៀតថា ខ្លួន​បានទទួល​ការធានា​អះអាងថា រដ្ឋា​ភិ បាល​តួ​ក​គី​នឹង​ផ្តល់ព័ត៌មាន​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មុនពេល​ចាត់វិធានការ​ចាប់ខ្លួន​បុគ្គលិក​ស្ថានទូត​ណា​ម្នាក់​នោះ​។​



​តួ​ក​គី​បាន​ស្វាគមន៍​ការសម្រេច​ស្តីពី​ទិដ្ឋាកា​នេះ ក៏ប៉ុន្តែ បាន​និយាយថា ខ្លួន​មិនបាន​ផ្តល់​ឲ្យ​សហរដ្ឋអាមេរិក​នូវ​ការធានា​បែបនេះ​ទេ​។​

​សហរដ្ឋអាមេរិក​បាន​ផ្អាក​សេវាកម្ម​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ទាំងអស់​នៅក្នុង​ប្រទេស​តួ​ក​គី​កាលពីដើម​ឆ្នាំនេះ នៅក្នុង​ការឆ្លើយតប​ទៅនឹង​ការចាប់ខ្លួន​លោក Metin Topuz ជា​បុគ្គលិក​កុងស៊ុល​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​លើ​បទចោទប្រកាន់​ភេរវកម្ម​។ តួ​ក​គី​បាន​បិទ​សេវាកម្ម​ទិដ្ឋាការ​ក្នុង​សហរដ្ឋអាមេរិក​ជាការ​សងសឹក​។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ប្រាប់​ឲ្យ​ដឹងថា ចាប់តាំងពី​ខែតុលា​មក តួ​ក​គី​បានធ្វើ​ទៅតាម​ការ​សន្យាថា មិនមាន​បុគ្គលិក​ក្នុងស្រុក​របស់​ស្ថានទូត​ត្រូវបាន​ស៊ើបអង្កេត មិនមាន​បុគ្គលិក​ណា​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការបំពេញភារៈកិច្ច​រប​ស់​ខ្លួន​ទេ ហើយ​ថា រដ្ឋាភិបាល​តួ​ក​គី​នឹង​ពិគ្រោះ​ជាមួយ​សហរដ្ឋអាមេរិក​មុនពេល​ឃុំខ្លួន​ឬ​ចាប់ខ្លួន​បុគ្គលិក​ក្នុងស្រុក​របស់​ស្ថានទូត​នៅពេល​អនាគត​។​

​សេចក្តីថ្លែងការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា «​ផ្អែកលើ​ការធានា​អះអាង​ទាំងនេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​មាន​ទំនុកចិត្ត​ថា សន្តិសុខ​នឹងមាន​ភាពប្រសើរឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​សេវាកម្ម​ទិដ្ឋាការ​នៅក្នុង​ប្រទេស​តួ​ក​គ‍ី​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com